អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជី​ប៊ូ​ទី​៖ រដ្ឋ​អាហ្វ្រិក​ដែលមាន​បាន​ដោយ​លុយ​ជួល​ដី​ឲ្យ​មហាអំណាច​សង់​មូលដ្ឋាន​យោធា​
14, Apr 2018 , 9:30 pm        
រូបភាព
រូបថត AFP
រូបថត AFP
​រដ្ឋ​អាហ្វ្រិក​ជី​ប៊ូ​ទី បាន​ក្លាយជា​មូលដ្ឋាន​យោធា​របស់​មហាអំណាច​ពិភពលោក​ជាច្រើន​។ អាមេរិក បារាំង អ៊ីតាលី ជប៉ុន និង​ចុងក្រោយ​ចិន​បាន​បោះទីតាំង​យោធា​របស់ខ្លួន​នៅ​ប្រទេស​នេះ​។ មាន​ទីតាំង​ជាប់មាត់​សមុទ្រ​ក្រហម និង​ឈូង​សមុទ្រ​អា​ដែន ជី​ប៊ូ​ទី​ស្ថិតនៅលើ​ទីតាំង​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ក្រោម​ក្រសែភ្នែក​មហាអំណាច​។ វត្តមាន​របស់​មហាអំណាច​ទាំងនេះ​ធ្វើ​ឲ្យ​ជី​ប៊ូ​ទី​ដ៏​ក្រីក្រ​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ផង តែ​ក៏​ធ្វើ​ឲ្យ​ប្រទេស​នេះ​ជួប​បញ្ហា​ដែរ​។​

 
​ស្ថិតនៅ​មាត់ច្រក​ខាងត្បូង​ទៅកាន់​សមុទ្រ​ក្រហម ដែលជា​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ ជី​ប៊ូ​ទី បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​មហាអំណាច​ធំៗ​។ មាន​ប្រជាជន​មិន​ដល់​មួយ​លាន​នាក់​ផង ជី​ប៊ូ​ទី គឺជា​មូលដ្ឋាន​យោធា​អាមេរិក មហាអំណាច​អឺរ៉ុប និង​អាស៊ី ជាមួយនឹង​ហេតុផល​ខុសៗ​គ្នា​។ មហាអំណាច​ខ្លះ​ដាក់​ទ័ព​ដើម្បី​គោលដៅ​ប្រឆាំង​ភេរវកម្ម ខ្លះ​ការពារ​នាវា​ដឹកជញ្ជូន​ពី​ការគំរាមកំហែង​របស់​ចោរ​សមុទ្រ និង​ខ្លះទៀត​បង្កើត​មូលដ្ឋានទ័ព​ដើម្បី​ផ្គត់ផ្គង់​សម្ភារ​។​

​ក្នុងនាម​ជា​អតីត​អាណានិគម​របស់​ជី​ប៊ូ​ទី បារាំង​បាន​រក្សា​មូល​ដ្ឋា​យោធា​បរទេស​មួយកន្លែង​រដ្ឋ​អាហ្វ្រិក​មួយ​នេះ ជាមួយនឹង​កងទ័ព​ជាច្រើន​ពាន់​នាក់ នាវាចម្បាំង យន្តហោះ និង​រថពាសដែក​ជាច្រើន​ទៀត​។ នៅ​ឆ្នាំ​២០០១ ក្រោយ​ហេតុ​ការវាយប្រហារ​ភេរវកម្ម​លើ​អាគារ​ភ្លោះ អាមេរិក​ក៏បាន​បង្កើត​មូលដ្ឋានទ័ព Camp Lemonnier នៅ​ជី​ប៊ូ​ទី​។ នេះ​ជា​មូលដ្ឋានទ័ព​ធំជាងគេ​នៅ​អាហ្វ្រិក និង​មាន​គោលដៅ​គាំទ្រ​យុទ្ធនាការ​ប្រឆាំង​ភេរវកម្ម​នៅ​យេ​ម៉ែន និង​អាហ្វ្រិក​ជារួម​ដែរ​។​
 
​នៅ​ឆ្នាំ​២០១១ កង​ស្វ័យការពារ​ជប៉ុន​ចំនួន​១៨០​នាក់ ត្រូវបាន​ពង្រាយ​នៅ​ជី​ប៊ូ​ទី ដែលជា​មូលដ្ឋាន​ជ​ប៉ន​នៅ​បរទេស​ទីមួយ​។ បន្ទាយទ័ព​ជប៉ុន​មាន​ទំហំ​១២​ហិកតា ស្ថិតនៅ​ក្បែរ​បន្ទាយ Camp Lemonnier របស់​អាមេរិក​។ បេសកកម្ម​របស់​ជប៉ុន គឺ​ចូលរួម​ក្នុង​កម្លាំង​អន្តរជាតិ​ដើម្បី​ប្រមាញ់​ក្រុមចោរ​សមុទ្រ​នៅ​ឈូង​សមុទ្រ​អា​ដែន និង​ដែនទឹក​នៅក្បែ​សូ​ម៉ាលី​។ រដ្ឋ​អឺរ៉ុប​អ៊ីតាលី ក៏មាន​មូលដ្ឋានទ័ព​ផ្ទាល់ខ្លួន​នៅ​ជី​ប៊ូ​ទី​ដែរ ខណៈ​អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញ​ប្រើប្រាស់​មូលដ្ឋាន​ទ័ពបារាំង​។​
 
​ចិន គឺជា​មហាអំណាច​ចុងក្រោយ​គេ​ដែល​បោះទីតាំង​យោធា​នៅ​រដ្ឋ​អាហ្វ្រិក​ស្ថិត​ចំ​តំបន់​កុយរមាស​អាហ្វ្រិក​។ នៅ​ឆ្នាំ​២០១៧ ចិន បាន​បើក​មូលដ្ឋានទ័ព​នៅ​បរទេស​ដំបូង​គេ​របស់ខ្លួន​នៅក្បែរ​មូលដ្ឋានទ័ព​អាមេរិក​តែម្ដង​។ កិច្ចព្រមព្រៀងទ្វេភាគី​ប​ង្ហា​ញ​ថា ចិន​អាច​រក្សា​វត្តមាន​យោធា​នៅ​ជី​ប៊ូ​ទី​ដល់​ឆ្នាំ​២០២៦ និង​អាច​ពង្រាង​យោធា​បាន​ចំនួន​មួយ​ម៉ឺន​នាក់​ផង​។ នេះ​ជា​យុទ្ធសាស្ត្រ​បង្ហាញ​សាច់ដុំ​កម្លាំង​ជើង​ទឹក​ផង និង​ចូលរួម​ក្នុង​ប្រតិបត្តិការ​អន្តរជាតិ​ផង​។​
 
​ជាមួយនឹង​វត្តមាន​យោធា​មហាអំណាច​ច្រើន​បែបនេះ ជី​ប៊ូ​ទី ទទួលបាន​ទាំង​ផល​វិជ្ជមាន និង​អវិជ្ជមាន​។ ផលប្រយោជន៍​វិជ្ជមាន​ទីមួយ គឺ​ការទទួលបាន​ប្រាក់ចំណូល​សន្ធឹកសន្ធាប់ ព្រោះ​មហាអំណាច​ទាំងនោះ​ត្រូវ​ជួល​ដី​ដើម្បី​សាងសង់​មូលដ្ឋាន​របស់ខ្លួន​។ បើតាម​សារព័ត៌មាន Al Jazeera អាមេរិក​ត្រូវ​បង់​ឲ្យ​ជី​ប៊ូ​ទីមួយ​ឆ្នាំ​៦៣​លាន​ដុល្លារ​សម្រាប់​រយៈពេល​១០​ឆ្នាំ​។ ឯ​ជប៉ុន​វិញ​បង់​១.២​លាន​ដុល្លារ ហើយ​ចិន​បង់លុយ​ចំនួន​២០​លាន​ដុល្លារ បន្ថែម​ពីលើ​ការវិនិយោគ​រាប់ពាន់​លាន​ដុល្លារ​រួចស្រេច​ហើយ​នោះ​។​
 
​ចំណូល​សន្ធឹកសន្ធាប់​នេះ បាន​ជួយ​ជំរុញ​សេដ្ឋកិច្ច​របស់​ជី​ប៊ូ​ទី​យ៉ាងខ្លាំង​។ សេដ្ឋកិច្ច​របស់​ជី​ប៊ូ​ទី​បាន​កើនឡើង​ទ្វេដង ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការតភ្ជាប់​ក្នុងស្រុក​ដូចជា​កំពង់ផែ និង​ផ្លូវ​ដឹកជញ្ជូន ត្រូវបាន​សាងសង់​ជា​បន្តបន្ទាប់​។ ប្រភព​ហិរញ្ញវត្ថុ​ដ៏​សំខាន់​នៃ​ផែនការ​ទាំងនេះ គឺ​បានមកពី​ការវិនិយោគ​របស់​ចិន​។ សម្រាប់​ជី​ប៊ូ​ទី វត្តមាន​មូលដ្ឋានទ័ព​បរទេស មិន​ត្រឹមតែ​ជួយ​ការពារ​ប្រទេស​នេះឡើយ តែ​ក៏​ជួយ​ជំរុញ​សេដ្ឋកិច្ចជាតិ​។​
 
​យ៉ាងណាមិញ ជី​ប៊ូ​ទី​ក៏​ប្រឈមមុខ​បញ្ហា​ដោយសារ​វត្តមាន​ទាហាន​មហាអំណាច​ជាច្រើន​នេះដែរ​។ ដូច​ដឹង​ស្រាប់ តំបន់​កុយរមាស​អាហ្វ្រិក និង​មជ្ឈិមបូព៌ា​ដែល​នៅក្បែរ​ជី​ប៊ូ​ទី ជា​តំបន់​មាន​សន្តិសុខ​ផុយស្រួយ និង​មាន​ជម្លោះ​មិនចេះ​ដាច់ ហើយ​ទាហាន​បរទេស​ទាំងនោះ​ក៏មាន​បេសកកម្ម​ប្រយុទ្ធ​នៅ​ទីនោះ​ដែរ​។ នេះ​មានន័យថា ជី​ប៊ូ​ទី​កំពុង​បង្កើត​សត្រូវ​ដោយ​ប្រយោល គឺ​មិនមែន​តាមរយៈ​ការ​ជី​ប៊ូ​ទី​ផ្ទាល់​ឡើយ តែដោយសារ​មហាអំណាច​តែម្ដង​៕ 

Tag:
 អាហ្វ្រិក​
  ជី​ប៊ូ​ទី
© រក្សាសិទ្ធិដោយ thmeythmey.com