អន្តរជាតិ
ការអភិវឌ្ឍ​លឿន និង​មាន​កំណើន​ទេសចរ​ខ្ពស់ អ្នកវិនិយោគ​វៀតណាម​សំរុក​ទិញ​ដី​នៅ​កោះត្រល់​
17, Apr 2018 , 7:30 pm        
រូបភាព
រូបភាព Vietair.TV
រូបភាព Vietair.TV
ដោយ:
​អ្នកវិនិយោគ​ធំៗ​របស់​វៀតណាម កំពុងតែ​នាំគ្នា​សំរុក​ទៅ​ទិញ​ដី​នៅលើ​កោះត្រល់  (Phú Quốc) ដែលជា​តំបន់​ទេសចរណ៍​ស្នូល​របស់​វៀតណាម ។ លំហូរ​អ្នកមាន​របស់​វៀតណាម​ទៅកាន់​ទីនោះ ដោយ​ពួកគេ រំពឹងថា នឹង​ទទួលបាន​ផលចំណេញ​ច្រើន​លើ​ការវិនិយោគ​នៅ​ទីនោះ ដ្បិត រដ្ឋាភិបាល​វៀតណាម ក៏​គ្រោង​ដាក់​កោះត្រល់ ជា​តំបន់​សេដ្ឋកិច្ច​-​រដ្ឋបាល​របស់ខ្លួន​ផង​នោះ ។ 


​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម Vietnam News នៅ​ថ្ងៃ​១៣ មេសា ការឡើង​ថ្លៃ និង​ការទិញ​-​លក់​ដី​នៅលើ​កោះត្រល់ កំពុងតែ​ក្លាយជា​ប្រធានបទ​មួយ​ដ៏​ពេញនិយម​សម្រាប់​បរិការណ៍​អចលវត្ថុ​វៀតណាម ។ ការឡើង​ថ្លៃ​នេះ ផ្តើមឡើង​ក្រោយពី​មាន​អ្នកវិនិយោគ​វៀតណាម​ភាគច្រើន​មកពី​រដ្ឋធានី​ហាណូយ និង​ហូជីមិញ​ចាប់ផ្តើម​សំរុក​ទិញ​ដី​នៅ​ទីនោះ​ក្នុងតម្លៃ​ខ្ពស់​ស្ទើរតែ​មិន​ជឿ ។ 

​បើតាម​ប្រភពព័ត៌មាន​ដដែល​នោះ ភ្នាក់ងារ​អចលនវត្ថុ​វៀតណាម​មួយរូប បាន​អះអាងថា តម្លៃ​ដី​នៅ​តំបន់​សំខាន់​នៃ​កោះត្រល់ បាន​កើនឡើង​ខ្ពស់​ខ្លាំង ដោយ​ក្នុងនោះ គ្រាន់តែ​ទំហំ​ដី មួយ​ពាន់​ម៉ែត្រការ៉េ​ប៉ុណ្ណោះ មានតម្លៃ​រហូតដល់ ៤,៣៨ លាន​ដុល្លារ​ប៉ុណ្ណោះ ។ 

​ចលនា​នេះ បានធ្វើ​ឲ្យ​មានការ​ទិញ​-​លក់​ដី​យ៉ាងសកម្ម​ក្នុង​មួយថ្ងៃ​ទៅមួយថ្ងៃ ។ តាម Vietnam News ពេលខ្លះ ដី​តែមួយ​កន្លែង​ទេ ក៏ប៉ុន្តែ​មានការ​ផ្លាស់ប្តូរ​ម្ចាស់​គ្នា​ជាច្រើន​នាក់​ត្រឹមតែ​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ ដ្បិត​ពួកគេ បាន​ទិញ​-​លក់​ពីមួយ​ទៅមួយ ដោយ​ឥតឈប់ឈរ ។​
 
​យ៉ាងណា ការ​ផុសផុល​នេះ ក៏បាន​បង្ក​ឲ្យ​មាន​ភាពមិនប្រក្រតី​តាម​រូបភាព​ជម្លោះ និង​ការ​ក្លែងបន្លំ​ឯកសារ​ដើម្បី​លក់​ដី​ខុសច្បាប់​មួយចំនួន​ផងដែរ ។ តាម​ការអះអាង​របស់​គណៈកម្មាធិការ​កោះត្រល់​លោក  មក Đinh Khoa Toàn  មាន​បណ្តឹង​ជាង​ពីរ​រយ​ហើយ បាន​ប្តឹង​មក​លោក​ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី ។ 
 
​សូម​ជម្រាប​ផងដែរ​ថា កោះត្រល់ ត្រូវបាន​វៀតណាម​ចាត់ទុកថា​ជា​កោះ​គជ់​របស់ខ្លួន ។ តាមរយៈ​កោះ​នេះ វៀតណាម​អាច​រក​ចំណូល​ក្នុង​វិស័យ​ទេសចរណ៍​ជាច្រើន​លាន​ដុល្លារ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយនេះ ។ គ្រាន់តែ​ឆ្នាំ​២០១៧ កោះ ដែល​ស្ថិតក្នុង​គោលដៅ​អាទិភាព​សម្រាប់​ការអភិវឌ្ឍ​របស់​រដ្ឋា​ភិ​បាល​វៀតណាម​មួយ​នេះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​រហូតដល់ ១,៩៦ លាន ឯណោះ ៕ 
 

Tag:
 វៀតណាម​
  កោះត្រល់
© រក្សាសិទ្ធិដោយ thmeythmey.com