អន្តរជាតិ
គុយបា​៖ ស្អែក​ជា​ថ្ងៃ​បញ្ចប់​នៃ​សករាជ​នយោបាយ «​កា​ស្ត្រូ​»
18, Apr 2018 , 7:19 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: ថ្មីៗ
​ថ្ងៃ​ព្រហស្បតិ៍​ទី ១៩ ខែមេសា លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ នឹង​ចុះ​ចេញពី​តំណែង​ជា​ប្រធានាធិបតី​គុយបា ដោយ​ប្រជាជន​ភាគច្រើន​រំពឹងថា វា​នឹងមាន​ការផ្លាស់ប្តូរ​គួរ​ឲ្យ​កត់សម្គាល់​ក្នុងសង្គម​គុយបា​ជាពិសេស​កំណែទម្រង់​នយោបាយ និង​សេដ្ឋកិច្ច​។ យ៉ាងណាមិញ លោក រ៉ា​អ៊ូ​ល​នឹង​នៅ​រក្សា​តំណែង​ជា​ប្រធាន​គណបក្ស​កុម្មុយនីស្ត​ដ៏​មាន​ឥទ្ធិពល​នៅក្នុង​រដ្ឋ​ការី​ប៊ី​ន​នេះ​ក្រោយ​ចេញពី​តំណែង​។



​សករាជ​នយោបាយ​ថ្មី​គ្មាន​អ្នកនយោបាយ​ត្រកូល​កា​ស្ត្រូ​នឹង​ចាប់ផ្តើម​ឡើង​នៅ​ទឹក​គុយបា នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៩ ខែមេសា នៅពេលដែល​ប្រធានាធិបតី​គុយបា​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ លាលែង​ពី​តំណែង​ជា​ប្រមុខរដ្ឋ​គុយបា​នេះ​។

​យោងតាម​សារព័ត៌មាន AFP លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ បាន​ថ្លែង​កាល​ខែ​មុនពេល​លោក​ផ្តល់​សុន្ទរកថា​ចុងក្រោយ​ទៅកាន់​ប្រជាជាតិ​ដូច្នេះ​៖«​យើង​បាន​ដើរ​លើផ្លូវ​ដ៏​វែងឆ្ងាយ កូនចៅ​របស់​យើង​ក៏​ដូច្នេះ​ដែរ​។ ក្មេងៗ​នៅពេល​បច្ចុប្បន្ន និង​នៅ​អនាគត​នឹង​រីករាយ​»​។

​លោក រ៉ា​អ៊ូ​ល បាន​ឡើងកាន់តំណែង កាលពី​ឆ្នាំ ២០០៦ ដោយ​ជំនួស​បងប្រុស​លោក ហ្វី​ដែល កា​ស្ត្រូ​ដែល​គេ​ស្គាល់​ថា​ជា​ជន​បដិវត្តន៍​ដ៏​ល្បីល្បាញ​ដែល​ដណ្តើម​អំណាច​កាលពី​ឆ្នាំ ១៩៥៩ ។​

​កាលពី​ខែ​មុន គុយបា​បាន​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​ថ្មី​ដែលមាន​សមាជិក​សរុប ៦០៥​នាក់​។ ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ  ខណៈដែល​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ​ចុះ​ចេញពី​តំណែង សភា​គុយបា​ក៏ត្រូវ ជ្រើសរើស​ប្រធាន​ក្រុមប្រឹក្សារដ្ឋ​ផងដែរ​ដើម្បី​ជំនួស​តំណែង​លោក​ផងដែរ​។ គេ​រំពឹងថា លោក Miguel Díaz-Canel វ័យ ៥៧​ឆ្នាំ ដែល​បច្ចុប្បន្ន​ជា​អនុ​ប្រធានាធិបតី និង​ជា​ដៃស្តាំ​របស់លោក រ៉ា​អ៊ូ​ល​តាំងពី​ឆ្នាំ ២០០៣ មក​នោះ​នឹង​ក្លាយជា​ប្រធានាធិបតី​ថ្មី​។​

​ការផ្លាស់ប្តូរ​មេដឹកនាំ​នៅ​គុយបា​នេះ​ផ្តល់​ក្តីសង្ឃឹម​ច្រើន​ដល់​ប្រជាជន​គុយបា​គ្រប់​ស្រទាប់វណ្ណៈ​ជាពិសេស​អ្នក​ដែលមាន​ក្តី​ស្រមៃ​ចង់បាន​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​នយោបាយ​នៅក្នុង​ប្រទេស​នោះ​។ គេ​រំពឹងថា មេដឹកនាំ​ថ្មី​អាច​នឹងមាន​លទ្ធភាព​ជំរុញ​ការកែទម្រង់​ប្រព័ន្ធ​ដឹកនាំ​សង្គមនិយម​ដែល​ស្ថិតក្រោម​បក្ស​តែមួយ​នេះ​ទៅ​របប​ដឹកនាំ​ពហុបក្ស ហើយ​និង​មានការ​កែទម្រង់សេដ្ឋកិច្ច​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ​ផង​។ 

​យ៉ាងណាក៏ដោយ បើទោះបីជា​លោក រ៉ា​អ៊ូ​ល ចុះ​ចេញពី​តំណែង​ជា​ប្រមុខរដ្ឋ​ក៏ដោយ លោក​នឹង​នៅ​បន្ត​តំណែង​ជា​ប្រធាន​បក្ស​កុ​ម្មុនី​ស្ត​ដ៏​មាន​ឥទ្ធិពល​ដដែល​រហូតដល់​ឆ្នាំ ២០២១​ឯណោះ​នៅពេលដែល​លោក​មាន​អាយុ ៩០​ឆ្នាំ​។ តិច​ឬ​ច្រើន​លោក​នៅតែមាន​លទ្ធភាពរ​ក្សា​ឥទ្ធិពល​នៅក្នុង​ការដឹកនាំ​ជាពិសេស​ការផ្លាស់ប្តូ​រន​យោ​បាយ និង​ការអនុវត្ត​គោលនយោបាយ​នៅក្នុង​ប្រទេស​ផងដែរ​៕


Tag:
 រ៉ា​អ៊ូ​ល កា​ស្ត្រូ​
  គុយបា
© រក្សាសិទ្ធិដោយ thmeythmey.com