អន្តរជាតិ
អា​រ៉ា​ប៊ី​សា​អូឌីត​ពិភាក្សា​ជាមួយ​អាមេរិក​ដើ​ម្ប​បញ្ជូន​កងទ័ព​ទៅ​រក្សា​ស្ថិរភាព​នៅ​ស៊ី​រី​
19, Apr 2018 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត​លើកឡើងថា ខ្លួន​កំពុងស្ថិត​ក្នុងការ​ពិភាក្សា​ជាមួយ​អាមេរិក​ដើម្បី​ឈានទៅ​បញ្ជូន​កងទ័ព​អា​រ៉ា​ប៊ី​សា​អូឌីត​ទៅ​ជួយ​រក្សា​ស្ថិរភាព​នៅ​ស៊ី​រី​។ ការ​បង្ហើប​ពី​គម្រោង​ពង្រាយ​ទ័ព​ទៅ​ស៊ី​រី​នេះ កើតឡើង​ស្រប​ពេលដែល​រដ្ឋបាល​អាមេរិក​មាន​ចេតនា​ចង់​ដក​កងទ័ព​អាមេរិក​ពី​ស៊ី​រី និង​ចង់​ឲ្យ​ប្រទេស​ក្នុង​តំបន់​ចែករម្លែក​បន្ទុក​ហិរញ្ញវត្ថុ​និង​យោធា​ក្នុង​បញ្ហា​ជម្លោះ​ស៊ី​រី​ផងដែរ​។​



​រដ្ឋមន្ត្រីការបរទេស​អា​រ៉ា​ប៊ី​សា​អូឌីត Adel al-Jubeir បាន​អះអាងថា ក្រុង​រី​យ៉ា​ដ និង​វ៉ាស៊ីនតោន​កំពុង​ពិភាក្សាគ្នា​ជុំវិញ​ការពង្រាយ​កងទ័ព​ទៅកាន់​ស៊ី​រី ស្របពេល​ដែល​លោក ដូ​ណា​ល់ ត្រាំ ព្យាយាម​ស្វែងរក​វិធីសាស្ត្រ​ដើម្បី​រក្សា​ស្ថិរភាព​នៅ​ទឹកដី​ស៊ី​រី​។ ក្រោម​គម្រោង​រក្សា​ស្ថិរភាព​ស៊ី​រី ដែល​អនុវត្ត​នៅ​តំបន់​ដែល​ត្រូវបាន​រំដោះ​ពី​ក្រុម​សកម្ម​ប្រយោជន៍ វា​នឹង​មានការ​បោសសម្អាត​មីន និង​កសាង​ឡើងវិញ​នូវ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​នៅ​ស៊ី​រី​ផងដែរ​។​

​យោងតាម​សារព័ត៌មាន Washington Post លោក Jubeir បាន​ថ្លែង​ដូច្នេះ​៖ «​យើង​ស្ថិតក្នុង​ការពិភាក្សាគ្នា​ជាមួយ​អាមេរិក និង​តាំងពី​ពេលដែល​សង្គ្រាម​ស៊ី​រី​ផ្ទុះឡើង យើង​បានបង្ហាញ​បំណង​បញ្ជូន​ទ័ព​ទៅ​ស៊ី​រី​»​។

​បើតាម​សម្តី​របស់​ប្រមុខ​ការទូត​អា​រ៉ា​ប៊ី​សា​អូឌីត​នេះ ក្នុង​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា អា​រ៉ា​ប៊ី​សា​អូឌីត​ធ្លាប់​ស្នើសុំ​បញ្ជូន​កងទ័ព​ខ្លួន​ទៅកាន់​ប្រទេស​ស៊ី​រី​ផងដែរ ប៉ុន្តែ​កាលនោះ​អាមេរិក​មិនបាន​ទទួលយក​សំណើ​នេះឡើយ​។ ដូច្នេះហើយ​បានជា​រដ្ឋ​សេដ្ឋី​ប្រេង​មួយ​នេះ​បន្ត​ពិភាក្សា​ជាមួយ​រដ្ឋបាល​អាមេរិក​ពាក់ព័ន្ធ​បញ្ហា​នេះ​។

​រដ្ឋបាល​លោក ត្រាំ បានបញ្ជាក់​ហើយ​ថា ខ្លួន​ចង់ឃើញ​ប្រទេស​ពាក់ព័ន្ធ​ក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​ចេញមុខ​ចែករម្លែក​ការចំណាយ​ហិរញ្ញវត្ថុ និង​រម្លែក​បន្ទុក​យោធា​ដើម្បី​ធានា​ស្ថិរភាព​នៅក្នុង​តំបន់ ខណៈដែល​អាមេរិក​មាន​ចេតនា​ចង់​បន្ថយ​ឬ​ដកទ័ព​ចេញពី​ស៊ី​រី​នោះ​។

​សេត​វិមាន​អាមេរិក​បានបញ្ជាក់​ជាថ្មី​នៅ​ដើម​សប្តាហ៍​នេះ​ថា លោក ត្រាំ នៅតែ​ចង់ឃើញ​មានការ​ដកទ័ព​ចេញ​ឆាប់រហ័ស​ពី​ស៊ី​រី ខណៈដែល​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រង​បានផ្តល់​យោបល់​ឲ្យ​លោក​រក្សាទុក​កងទ័ព​អាមេរិក​ក្នុង​រយៈពេល​វែង​ផងដែរ​នោះ​។ ប៉ុន្តែ​លោក​ក៏​ចង់ឃើញ​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ទាំងស្រុង និង បន្ត​ឃ្លាំមើល​សកម្មភាព​អ៊ីរ៉ង់​នៅ​ម​ជ្ឈិ​បូព៌ា​ថែមទៀត​។​

​ទាក់ទិន​បន្ទុក​ហិរញ្ញវត្ថុ និង​យោធា​ដែល​អាមេរិក​លើកឡើង​នេះ ប្រមុខ​ការទូត​អា​រ៉ា​ប៊ី​សា​អូឌីត​ខាងលើ​បាន​សង្កត់ធ្ងន់ថា ក្រុង​រី​យ៉ា​ដ​នៅ​បន្ត​រក្សា​ការប្តេជ្ញាចិត្ត​ក្នុង​ការជួយ​ចែករម្លែក​បន្ទុក​ទាំងនោះ​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផង​។

​ដោយឡែក​គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា អា​រ៉ា​ប៊ី​សា​អូឌីត នឹង​បញ្ជូន​ទ័ព​ទៅ​ស៊ី​រី​នៅពេលណា និង​មាន​គោលដៅ​អ្វី​ឲ្យ​ពិតប្រាកដ​នោះ​។ ប៉ុន្តែ​មកដល់​ពេលបច្ចុប្បន្ន​អា​រ៉ា​ប៊ី​សា​អូឌីត​បានប្រកាស​ផ្លាស់ប្តូរ​ជំហរ​ចំពោះ​រដ្ឋាភិបាល​ស៊ី​រី​។ រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត Mohammed bin Salman បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​ទស្សនា​វ​ដ្តី Times ប្រទេស​របស់​ទ្រង់​ទទួលស្គាល់​ស្ថានភាព​ជាក់ស្តែង​នៅ​ស៊ី​រី ហើយ​ទទួលស្គាល់ថា ប្រធានាធិបតី បា​សា អាល់​អាសាដ មិនអាច​ធ្លាក់​ពី​តំណែង​ងាយស្រួល​ឡើយ​៕


Tag:
 អា​រ៉ា​ប៊ី​សា​អូឌីត​
  ស៊ី​រី​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com