អន្តរជាតិ
តួ​ក​គី​ប្រឈមមុខ​ទណ្ឌកម្ម​របស់​អាមេរិក ព្រោះ​ទិញ​អាវុធ​រុស្ស៊ី និង​ងាក​ចេញពី​អាមេរិក​
20, Apr 2018 , 7:39 pm        
រូបភាព
ប្រព័ន្ធការពារអាកាស S-400 ដែលតួកគីសម្រេចចិត្តទិញពីរុស្ស៊ី (រូបភាព AFP)
ប្រព័ន្ធការពារអាកាស S-400 ដែលតួកគីសម្រេចចិត្តទិញពីរុស្ស៊ី (រូបភាព AFP)
​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​អាមេរិក Wess Mitchell នៅ​ថ្ងៃទី​១៨ ខែមេសា បាន​និយាយថា ការសម្រេចចិត្ត​របស់​តួ​ក​គី​ក្នុង​ការទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400 របស់​រុស្ស៊ី អាចធ្វើ​ឲ្យ​ប្រទេសមួយ​នេះ​ប្រឈមមុខ​ទណ្ឌកម្ម​របស់​អាមេរិក​។ មិន​ត្រឹមតែ​អាច​រង​ទណ្ឌកម្ម​ឡើយ តួ​ក​គី​ក៏​ទំនងជា​មិនអាច​ទិញ​យន្តហោះ F-35 របស់​អាមេរិក​ទៀត បើ​នៅតែ​ងាក​ទៅរក​រុស្ស៊ី​ទៀត​នោះ​។ ឯ​ផ្លូវ​ដែល​តួ​ក​គី​អាច​ដើរ​នោះ គឺ​ដើរ​តាម​បន្ទាត់​កំណត់ដោយ​អាមេរិក​វិញ​។​



​ចាប់តាំងពី​រដ្ឋប្រហារ​មិន​ជោគជ័យ​នៅ​ឆ្នាំ​២០១៦ មក ទំនាក់ទំនង​រវាង​តួ​ក​គី និង​លោកខាងលិច ជាពិសេស​អាមេរិក ជួប​បញ្ហា​រកាំរកូស​យ៉ាងខ្លាំង​។ ការ​លូកដៃ​របស់​តួ​ក​គី​ក្នុង​វិបត្តិ​ស៊ី​រី ការទិញ​អាវុធ និង​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី ហាក់​ធ្វើ​ឲ្យ​អាមេរិក​មិនសូវ​សប្បាយចិត្ត​ឡើយ ដ្បិត​តួ​ក​គី​ដែលជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ បែរជា​ល្អូក​ល្អឺ​ន​ជាមួយ​គូប្រជែង​ទៅវិញ ហើយ​បាន​ងាក​ចេញពី​បន្ទាត់នយោបាយ​លោកខាងលិច​ទៅទៀត​។

​ចំពោះមុខ​សមាជិក​រដ្ឋសភា ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក Wess Mitchell បាន​ព្រមាន​តួ​ក​គី​ចំពោះ​ជំហរ​ងាក​រក​ចេញពី​បស្ចិមប្រទេស និង​ងាក​ទៅ​រុស្ស៊ី​។ លោក Mitchell បាន​រំឭក​ក្រុង​អង់កា​រ៉ា​ពី​ហានិភ័យ​ក្នុង​ការធ្វើសម្បទាន​ទៅ​ក្រុង​មូ​ស្គូ​ដើម្បី​សម្រេច​គោលដៅ​យុទ្ធសាស្ត្រ​របស់ខ្លួន​នៅ​ស៊ី​រី​។ ជាមួយគ្នានេះ ការទិញ​ប្រព័ន្ធ​ការពារ S-400 ក៏​ធ្វើ​តួ​ក​គី​ជាប់​ទណ្ឌកម្ម​ក្រោម​ច្បាប់​អាមេរិក និង​ត្រូវ​រារាំង​ពី​ទិញ​យន្តហោះ F-35 ទៀតផង​។​

«​ថ្មីៗ​នេះ តួ​ក​គី​បាន​បង្កើន​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី និង​អ៊ីរ៉ង់​យ៉ាងខ្លាំង​។ កិច្ចព្រមព្រៀង​ជាមួយ​រុស្ស៊ី​ដើម្បី​សម្រួល​យុទ្ធនាការ​របស់​កងទ័ព​តួ​ក​គី​នៅ​ទីក្រុង Afrin របស់​ស៊ី​រី ពិតជា​រឿង​គួរ​ឲ្យ​បារម្ភ​មែនទែន​»​។ នេះ​ជាការ​អះអាង​របស់លោក Mitchell ក្នុងពេល​ផ្ដល់​សក្ខីកម្ម​ចំពោះមុខ​គណៈកម្មាធិការ​កិច្ចការបរទេស​រដ្ឋសភា​អាមេរិក​។ លោ​ល​បន្តថា វា​ជា​ផលប្រយោជន៍​អាមេរិក​ដែល​តួ​ក​គី​នៅតែ​ជា​សម្ព័ន្ធមិត្ត​ផ្នែក​យុទ្ធសាស្ត្រ និង​នយោបាយ​របស់លោក​ខាងលិច​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន RT ។

​បើតាម​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​អឺរ៉ុប និង​អឺ​រ៉ាស៊ី​រូបនេះ អាមេរិក​ចង់​ឲ្យ​តួ​ក​គី​ធ្វើជា​តួអង្គ​រយៈពេល​វែង​ដើម្បី​ទប់ស្កាត់​ការ​វាតទី​របស់​រុស្ស៊ី និង​អ៊ីរ៉ង់​ដូច​មានចែង​ក្នុង​នយោបាយ​សន្តិសុខ​ជាតិ និង​យុទ្ធសាស្ត្រ​ការពារជាតិ​របស់​អាមេរិក​។ របត់​នយោបាយ​ការបរទេស​របស់​តួ​ក​គី ពិតជា​ប៉ះពាល់​ខ្លាំង​ដល់​លោកខាងលិច ដែល​ព្យាយាម​ទប់ស្កាត់​ការពង្រីក​ឥទ្ធិពល​របស់​រុស្ស៊ី និង​អ៊ីរ៉ង់ ទាំង​នៅ​តំបន់​អឺរ៉ុប និង​នៅ​មជ្ឈិមបូព៌ា​ផងដែរ​។​

​តាមពិតទៅ អាមេរិក​ប្រឆាំង​ជំហរ​របស់​តួ​ក​គី​ដែល​បាន​ទិញ​ប្រព័ន្ធ​ការពារ​អាកាស S-400 របស់​រុស្ស៊ី​។ នេះ​ក៏​ព្រោះ​តួ​ក​គី ជា​មិត្ត​របស់លោក​ខាងលិច តែ​បែរជា​ទិញ​អាវុធ​របស់​រុស្ស៊ី ដែលជា​គូប្រជែង​ទៅវិញ​។ មិនមែន​តែ​រឿង​អាវុធ​នេះឡើយ ការបំពាន​សិទ្ធិមនុស្ស​នៅ​តួ​ក​គី​ក៏​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ក្រុង​អង់កា​រ៉ា និង​ប​ច្ចិ​ម​ប្រទេស​ល្អក់កករ​ដែរ​៕


Tag:
 ​តួ​ក​គី​
  រុស្ស៊ី​
  អាមេរិក​
  ស៊ី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com