អន្តរជាតិ
ប្រវត្តិ​ជំនួប​កំពូល​ពីរលើក​រវាង​មេដឹកនាំ​កូរ៉េ​ពីរ​នៅ​ព្យុងយ៉ាង​
24, Apr 2018 , 4:22 pm        
រូបភាព
លោក គីម ដេជុង (ឆ្វេង) ជួបជាមួយលោក គីម ជុងអ៊ីល ក្នុងឆ្នាំ២០០០ និងលោក រ៉ូ មូយុន (ស្ដាំ) ជួបជាមួយលោក គីម ជុងអ៊ីល ក្នុងឆ្នាំ២០០៧ (រូបភាព AFP)
លោក គីម ដេជុង (ឆ្វេង) ជួបជាមួយលោក គីម ជុងអ៊ីល ក្នុងឆ្នាំ២០០០ និងលោក រ៉ូ មូយុន (ស្ដាំ) ជួបជាមួយលោក គីម ជុងអ៊ីល ក្នុងឆ្នាំ២០០៧ (រូបភាព AFP)
​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នឹង​ដើរ​ឆ្លងកាត់​ខ្សែ​ព្រំដែន​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​ត្រង់​ខ្សែស្រប​ទី​៣៨ ដើម្បី​ទៅ​ជួប​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​២៧ ខែមេសា​។ នេះ​ជា​ជំនួប​មេដឹកនាំ​កូរ៉េ​លើក​ទី​បី រាប់​ចាប់តាំងពី​សង្គ្រាម​បង្ហូរឈាម​បងប្អូន​កូរ៉េ​ចប់​នៅ​ឆ្នាំ​១៩៥៣ មក​។ កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​ការបញ្ចប់​សង្គ្រាម​ជា​អចិន្ត្រៃយ៍​រវាង​កូរ៉េ​ទាំងពីរ ជា​ប្រធានបទ​សំខាន់​នៃ​ជំនួប​មេដឹកនាំ​កូរ៉េ​លើក​ទី​បី​នេះ​។



​ខុសប្លែក​ពី​ជំនួប​ពីរលើក​មុន ជំនួប​មេដឹកនាំ​កូរ៉េ​លើក​ទី​បី នឹងធ្វើ​នៅ​ទឹកដី​កូរ៉េខាងត្បូង​វិញ​។ អាគារ​សន្តិភាព ដែលមាន​ទីតាំងនៅ​ខាងត្បូង​ខ្សែ​ព្រំដែន​បែក​ចែង​កូរ៉េ​ទាំងពីរ នឹង​ទទួល​ស្វាគមន៍​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ថ្ងៃទី​២៧ ខែមេសា​ខាងមុខ​។ ពីរលើក​មុន អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង គីម ដេ​ជុង និង រ៉ូ មូ​យុន បានធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​ព្យុងយ៉ាង​ដើម្បី​ជួប​ជាមួយ​អតីត​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ីល ។​

​ក្នុង​អាណត្តិ​របស់​អតីត​ប្រធានាធិបតី​ទាំងពីរ​នេះ នយោបាយ​ពន្លឺព្រះអាទិត្យ​របស់​កូរ៉េខាងត្បូង​បានធ្វើ​ឲ្យ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង​ស្គាល់​ភាពល្អប្រសើរ បន្ទាប់ពី​បែកបាក់​ដោយសារ​សង្គ្រាម​មក​នោះ​។ ក្នុងជំនួប​នៅ​ទឹកដី​កូរ៉េខាងជើង កូរ៉េ​ទាំងពីរ​បាន​សន្យា​គ្នា​ជាច្រើន​ជាពិសេស​ការកាត់បន្ថយ​ភាព​តានតឹង និង​ការបង្រួបបង្រួម​ឧបទ្វីប​កូរ៉េ​។​

​ជំនួប​លើក​ទី​១ បញ្ចប់​ដោយ​រឿងអាស្រូវ​

​នៅ​ខែមិថុនា ឆ្នាំ​២០០០ ប្រធានាធិបតី​កូរ៉េខាងត្បូង គីម ដេ​ជុង បានធ្វើ​ទស្សនកិច្ច​ទៅកាន់​រដ្ឋធានី​ព្យុងយ៉ាង និង​ជួបចរចា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ីល ។ នោះ គឺជា​ជំនួប​លើកដំបូង​បង្អស់​រវាង​មេដឹកនាំ​កូរ៉េ​ទាំងសងខាង ក្រោយ​សង្គ្រាម​ចប់​នៅ​ឆ្នាំ​១៩៥៣ ។ ក្នុង​ការជួប​តទល់​ដែល​ផ្សាយ​ផ្ទាល់​នៅ​កូរ៉េខាងត្បូង លោក គីម ជុងអ៊ីល បាន​បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង ដោយបាន​ទៅ​ស្វាគមន៍​លោក គីម ដេ​ជុង ដល់​ព្រលានយន្តហោះ​តែម្ដង​។​



លោក គីម ដេជុង ចាប់ដៃលោក គីម ជុងអ៊ីល ក្នុងជំនួបមេដឹកនាំកូរ៉េលើកទី១ (រូបភាព AFP)

«​ខ្ញុំ​ពិតជា​រីករាយ​ដែល​បាន​ជួប​លោក​។ ខ្ញុំ​ចង់​មកជា​យូរ​មកហើយ​»​។ នេះ​ជា​សម្ដី​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទៅកាន់​មេដឹកនាំ​កូរ៉េខាងជើង​។ លោក គីម ជុងអ៊ីល ក៏​ឆ្លើយ​វិញ​ថា​៖ «​យើង​គឺជា​ជនជាតិ​កូរ៉េ​ដូចគ្នា​»​។ បន្ទាប់មក មេដឹកនាំ​កូរ៉េ​ទាំងពីរ​ក៏បាន​ជិះឡាន​ជាមួយគ្នា កាត់​វិថី​នានា​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង​។ ក្នុង​ពិធី​ពិសារ​អាហារ​ថ្ងៃត្រង់​ចុងក្រោយ មេដឹកនាំ​ទាំងពីរ​ក៏បាន​ច្រៀង​ចម្រៀង​បង្ហាញ​ពី​ការបង្រួបបង្រួម​កូរ៉េ​ផងដែរ​។​

​ក្នុងជំនួប​លើកទីមួយ​នេះ កូរ៉េ​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កាត់បន្ថយ​ភាព​តានតឹង និង​ជំរុញ​ការប្រឹងប្រែង​ដើម្បី​ការរួបរួម​គ្នា និង​ជាពិសេស​នោះ ជំរុញ​ការបង្កើត​សន្តិ​ភាពជា​អចិន្ត្រៃយ៍​នៅ​ឧបទ្វីប​កូរ៉េ​។ ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​រៀបចំ​ឲ្យ​ក្រុមគ្រួសារ​កូរ៉េ​ដែល​បែកខ្ញែក​ដោយសារ​សង្គ្រាម​ជួបគ្នា​វិញ​ដែរ​។ ដោយសារ​ការប្រឹងប្រែង​នេះ លោក គីម ដេ​ជុង បានឈ្នះ​ពានរង្វាន់​ណូបែល​សន្តិភាព​។

​យ៉ាងណាមិញ ក្រោម​ជំនួប​បញ្ចប់​ទៅនោះ ក៏​លេច​ធ្លាយ​រឿងអាស្រូវ​កូរ៉េខាងត្បូង​ផ្ដល់​ចំនួន​៥០០​លាន​ដុល្លារ​ទៅ​ឲ្យ​កូរ៉េខាងជើង​ជាសម្ងាត់​។ ទឹកប្រាក់​ដ៏​ច្រើន​នេះ​ត្រូវបាន​ផ្ដល់​តាមរយៈ​ក្រុមហ៊ុន Hyundai មុន​ជំនួប​រវាង​លោក គីម ដេ​ជុង និង​លោក គីម ជុងអ៊ីល ។ ក្រុម​អ្នក​រិះគន់​ក៏​ហៅ​ជំនួប​លើកទីមួយ​នៃ​មេដឹកនាំ​កូរ៉េ​ជាការ​ជួបគ្នា​ដើម្បី​ប្រាក់​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។

​ជំនួប​លើក​ទី​២ ធ្វើឡើង​ក្រោយ​កូរ៉េខាងជើង​សាកល្បង​នុយក្លេអ៊ែ​លើកដំបូង​

​ជំនួប​លើក​ទី​២ របស់​មេដឹកនាំ​កូរ៉េ​ទាំងពីរ​ក្នុង​ខែតុលា ឆ្នាំ​២០០៧ បន្តធ្វើ​នៅ​រដ្ឋធានី​ព្យុងយ៉ាង​ទៀត​។ ការជួប​ទល់មុខ​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង រ៉ូ មូ​យុន និង​លោក គីម ជុងអ៊ីល ធ្វើឡើង ខណៈដែល​ការចរចា ៦​ភាគី​កំពុង​ធ្វើឡើង​យ៉ាង​ក្ដៅគគុក បន្ទាប់ពី​កូរ៉េខាងជើង​សាកល្បង​នុយក្លេអ៊ែរ​លើកដំបូង​រប​ស់​ខ្លួន​នៅ​ឆ្នាំ​២០០៦ ។



លោក រ៉ូ មូយុន និងលោក គីម ជុងអ៊ីល នាជំនួបមេដឹកនាំកូរ៉េលើកទី២ (រូបភាព AFP)

​លោក រ៉ូ មូ​យុន និង​ភរិយា បាន​ដើរ​ឆ្លងកាត់​ព្រំដែន​កូរ៉េ​ទាំងពីរ​ចម្ងាយ​៣០​ម៉ែត្រ មុននឹង​បន្តដំណើរ​តាម​រថយន្ត​ឆ្ពោះទៅកាន់​រដ្ឋធានី​ព្យុងយ៉ាង​។ មេដឹកនាំ​កូរ៉េ​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍​រួម​ដោយ​ជំរុញ​ឲ្យ​ឧបទ្វីប​កូរ៉េ​ក្លាយជា​តំបន់​គ្មាន​នុយក្លេអ៊ែរ និង​បង្កើត​សន្ធិសញ្ញា​បញ្ចប់សង្គ្រាម​អចិន្ត្រៃយ៍​តែម្ដង​។ កូរ៉េ​ទាំងពីរ​ក៏​ឯកភាពគ្នា​មិន​ឲ្យ​មានការ​ប្រឈមមុខ​ផ្នែក​យោធា ដោះស្រាយ​បញ្ហា​ដោយ​ការចរចា និង​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម ការធ្វើដំណើរ ក៏ដូចជា​ការផ្លាស់ប្ដូរ​ទៅមក​ផង​៕


Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com