អន្តរជាតិ
ថៃស្ម័គ្រចិត្តធ្វើម្ចាស់ផ្ទះជំនួបលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន រដ្ឋមន្រ្តីការបរទេសថៃ ដុន ប្រាមុដវីណៃ (រូបភាព AFP)
× នៅថ្ងៃទី២៤ ខែមេសា រដ្ឋអាស៊ានថៃ បានប្រកាសបំណងធ្វើជាម្ចាស់ផ្ទះនៃជំនួប្រវត្តិសាស្ត្ររវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ។ តាមការអះអាងរបស់លោក ត្រាំ ជំនួបមិនធ្លាប់មាននេះ នឹងធ្វើឡើងនៅដំណាច់ខែឧសភា ឬដើមខែមិថុនាខាងមុខ។ ភាគីទាំងសងស្ថិតនៅដំណាក់កាលចរចានៅឡើយដើម្បីរៀបចំជំនួបមេដឹកនាំប្រទេសទាំងពីរ ដែលធ្វើឡើងក្រោយជំនួបមេដឹកនាំកូរ៉េទាំងសងខាងនៅចុងសប្ដាហ៍នេះ។
ទីតាំង និងពេលវេលាជាក់លាក់នៃជំនួបលើកដំបូងរវាងប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងជើង មិនទាន់ត្រូវបានកំណត់នៅឡើយទេ។ កន្លងមក លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហើបថា ទីតាំងចំនួន៥ ស្ថិតក្នុងការពិចារណាដើម្បីធ្វើជាម្ចាស់ផ្ទះជំនួបរវាងលោក និងមេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ។ ទីក្រុងមួយចំនួននៅអាស៊ី និងអឺរ៉ុប អាចជាទីតាំងសម្រាប់ការជួបតទល់នេះ។
ខណៈដែលការកំណត់ទីតាំងនៃជំនួបកំពុងត្រូវបានគិតគូរនោះ ប្រទេសសមាជិកអាស៊ានមួយ គឺថៃ បានប្រកាសជំហរចង់ធ្វើម្ចាស់ផ្ទះដើម្បីទទួលលោក ត្រាំ និងលោក គីម ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៤ ខែមេសា រដ្ឋមន្ត្រីការបរទេសថៃ ដុន ប្រាមុដវីណៃ និយាយថា ថៃត្រៀមខ្លួនរួចស្រេចដើម្បីរៀបចំ និងធ្វើជាម្ចាស់ផ្ទះនៃជំនួបមេដឹកនាំអាមេរិក និងកូរ៉េខាងជើង។ ប៉ុន្តែលោក ដុន បញ្ជាក់ថា ថៃមិនទាន់ទទួលបានការទាក់ទងអ្វីឡើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ។
ដូចបានដឹងស្រាប់ ថៃគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធ និងយូរអង្វែងរបស់អាមេរិក ហើយក៏មានទំនាក់ទំនងការទូតល្អជាមួយកូរ៉េខាងជើងផង។ នេះអាចជាហេតុផលមួយដែលថៃអាចស្ថិតក្នុងការពិចារណា ខណៈដែលលោក ត្រាំ មិនបញ្ចេញទីតាំងដែលត្រូវបានជ្រើសរើសដើម្បីរៀបចំជំនួបសោះ។
ទីក្រុងធំៗដូចជាស្តុកខុលរបស់ស៊ុតអែត, ហ្សឺណែវរបស់ស្វ៊ីស, បែរឡាំងរបស់អាល្លឺម៉ង់, អ៊ូឡង់បាទ័ររបស់ម៉ុងហ្គោលី, វ្ល៉ាឌីវ៉ូស្តុករបស់រុស្ស៊ី, រដ្ឋធានីប៉េកាំងរបស់ចិន, កោះជេជូរបស់កូរ៉េខាងត្បូង និងសិង្ហបុរីរបស់សិង្ហបុរី សុទ្ធតែស្ថិតក្នុងក្រសែភ្នែករបស់អ្នកតាមដានស្ថានការណ៍ ដែលអាចធ្វើជាម្ចាស់ផ្ទះនៃជំនួបប្រវត្តិសាស្ត្រនេះ។ ជាងនេះទៅទៀត ដែនសមុទ្រអន្តរជាតិក៏ត្រូវបានគិតថា អាចរៀបចំទទួលលោក ត្រាំ និងលោក គីម ផងដែរ។
ជំនួបរវាងលោក ត្រាំ និងលោក គីម ធ្វើឡើងក្រោយជំនួបលើកទីបីរវាងមេដឹកនាំកូរ៉េនៅថ្ងៃទី២៧ ខែមេសាខាងមុខ។ លោក គីម នឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅតំបន់គ្មានកងទ័ព ដែលខណ្ឌចែកូរ៉េទាំងពីរ។ ការរំសាយអាវុធនុយក្លេអ៊ែរ និងការបង្កើតសន្តិភាពអចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េ គឺជាប្រធានសំខាន់នៃជំនួបមេដឹនាំកូរ៉េ៕
Tag:
ថៃ
អាមេរិក
កូរ៉េខាងជើង
ដូណាល់ ត្រាំ
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com