អន្តរជាតិ
គ្មាន​ផ្លូវ​កូរ៉េខាងជើង​រំសាយ​អាវុធ​នុយក្លេអ៊ែរ តែ​ត្រៀមខ្លួន​ក្លាយជា​រដ្ឋ​នុយក្លេអ៊ែរ​ស្របច្បាប់​
24, Apr 2018 , 5:17 pm        
រូបភាព
​សប្តាហ៍​មុន​កូរ៉េខាងជើង​ប្រកាសថា ខ្លួន​នឹង​បញ្ឈប់​រាល់​ការធ្វើ​តេស្ត​សាកល្បង​មី​ស៊ី​ល និង​អាវុធ​នុយក្លេអ៊ែរ​ផង​។ ប្រធានាធិបតី​អាមេរិក​ប្រញាប់​ប្រកាស​យក​ក្រេ​ឌី​ត និង​ចាត់ទុកថា វា​ជា​រឿង​វិជ្ជមាន​មិន​ធ្លាប់មាន​ផង​។ ប៉ុន្តែ​អ្វីដែល​កូរ៉េខាងជើង​ប្រកាស​នោះ មិនមាន​បញ្ជាក់​សោះ​ថា រដ្ឋ​នេះ​ព្រម​លះបង់​អាវុធ និង​ក្បាល​គ្រាប់​។ ផ្ទុយទៅវិញ​គឺ គេ​គ្រាន់តែ​ប្រកាស​ឈប់​ផលិត និង​សាកល្បង​អាវុធ​ប៉ុណ្ណោះ​។ ក្នុងន័យនេះ កូរ៉េខាងជើង​រក្សាទុក​អាវុធ​នុយក្លេអ៊ែរ និង​ត្រៀមខ្លួន​ធ្វើជា​រដ្ឋ​នុយក្លេអ៊ែរ​ស្មើមុខស្មើមាត់​ដូច​ប្រទេស​ដទៃ​នុយក្លេអ៊ែរ​ទៀត​ដែរ​។



​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA ស្រង់​សម្តី​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ជុំវិញ​ការបញ្ឈប់​ការបាញ់​សាកល្បង​មី​ស៊ី​ល និង​នុយក្លេអ៊ែរ ដោយ​កូរ៉េខាងជើង​មិន​ទាំង​ដាក់​លក្ខខណ្ឌ​ឲ្យ​អាមេរិក​ដកទ័ព​ពី​កូរ៉េខាងត្បូង​ដូច​មុន​ផង​។ ការប្រកាស​នេះ​ធ្វើឡើង​ត្រឹម​ប្រហែល មួយ​សប្តាហ៍​មុនពេល​លោក គីម ជុង​អ៊ុន មកជួប​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន នៅ​តំបន់​គ្មាន​យោធា​ភូមិ​ប៉ាន់​ម៉ាន់​ជុមនោះ​។

​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បានលឺ​បែបនេះ​ភ្លាម ស្រាប់តែ​ប្រញាប់​អួតអាង​តាម​បណ្តាញ Twitter ថា លោក​មិនបាន​ផ្តល់​អ្វី​ជា​ថ្នូរ​សោះ ស្រាប់តែ​កូរ៉េខាងជើង​ព្រមធ្វើ​សម្បទាន​ច្រើនសន្ធឹក​រួមទាំង​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ផង​។ លោក​ជឿជាក់ថា គោលនយោបាយ​របស់លោក​មានគុណ​សម្បត្តិ​ច្រើន​ក្នុង​ការដាក់​សម្ពាធ​ឲ្យ​កូរ៉េខាងជើង​ប្តូរ​ឥរិយាបថ​របស់ខ្លួន ៣៦០​ដឺ​ក្រេ​បែបនេះ​។

​បើ​ស្តាប់​មួយ​ភ្លែត យើង​អាច​គិតថា វា​ជាស​ញ្ញា​រឿង​វិជ្ជមាន​។ ប៉ុន្តែ​បើ​គិត​ឲ្យ​ដិតដល់​ទៅ​គ្មាន​អ្វីដែល​ត្រូវ​ត្រេកអរ​នោះឡើយ​។  កូរ៉េខាងជើង​មិនបាន​ប្រកាសថា ខ្លួន​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​ឡើយ មានតែ​លោក ត្រាំ​ខ្លួនឯង​ប៉ុណ្ណោះ​ដែល​អះអាង​បែបនេះ​។ អ្វីដែល​មេដឹកនាំ​កូរ៉េខាងជើង​ប្រកាសប្រាប់​ពិភពលោក​នោះ​គឺ ឈប់​ផលិត​នុយក្លេអ៊ែរ ឈប់​បាញ់​សា​ល្បង​មី​ស៊ី​ល ឬ​នុយក្លេអ៊ែរ​ទៀត រួម​ជាមួយនឹង​ការបំផ្លាញ​ទីតាំង​សាកល្បង​អាវុធ​ចោល​ប៉ុណ្ណោះ​។

​ត្រង់ចំណុច​នេះ កូរ៉េខាងជើង​សន្យា​មិន​ផលិត​អាវុធ​ទៀត ព្រោះ​ខ្លួន​ផលិត​បាន​គ្រប់គ្រាន់​ទុក​ធ្វើជា​អាវុធ​យុទ្ធសាស្ត្រ​ហើយ​នោះ​។ កូរ៉េខាងជើង​សន្យា​មិន​សាកល្បង​អាវុធ​ទៀត​ព្រោះ​ខ្លួន​ដឹង​ច្បាស់​ថា ខ្លួន​មាន​សមត្ថភាព​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដោយ​ជោគជ័យ​ហើយ​ដែរ​។ ជារួម បើសិន​បញ្ឈប់​សកម្មភាព​បង្ក​រឿងនេះ អាចជា​ថ្នូរ​នឹង​ការ​បំបែក​ជញ្ជាំង​ហ៊ុមព័ទ្ធ និង​ភាព​ឯកោរ​អន្តរជាតិ មានរឿង​អី​ដែល​កូរ៉េខាងជើង​ត្រូវ​បន្តធ្វើ​ទៀត​នោះ​។​

-​សល់​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ដៃ ដល់ពេល​ងាក​ទៅ​ពង្រឹង​សេដ្ឋកិច្ច​....​ពង្រឹង​អំណាច​

​ត្រឡប់មកវិញ​សកម្មភាព​របស់ គីម ជុង​អ៊ុន នៅតែ​បន្សល់​ក្តីបារម្ភ និង​មន្ទិលសង្ស័យ​ច្រើន​។ ប៉ុន្តែ​ថ្វីបើ​គួរ​ឲ្យ​សង្ស័យ​បែបនេះ​ក៏ដោយចុះ យើង​អាចសន្និដ្ឋាន​បានដែរ​ថា ការសម្រេចចិត្ត​របស់​លោក គីម ជុង​អ៊ុន គឺ​ដោយសារ​រឿង​សំខាន់​ពីរ​យ៉ាង​ដែល​លោក​ប្រឹង​សម្រេច​ឲ្យ​បាន​ក្រោយ​ស្នង​តំណែង​ឪពុក​ឆ្នាំ ២០១២ មក​នោះ​។

​ទីមួយ​លោក​ត្រូវ​បង្ហាញ​ទៅកាន់​ប្រជាជាតិ​កូរ៉េខាងជើង​ថា លោក​មានលទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ការពារ​ប្រទេស និង​ប្រជាជន​ជាពិសេស​បូរណភាព​ដែនដី និង​អធិបតេយ្យ​ប្រឆាំង​រាល់​ការឈ្លានពាន​ពី​ក្រៅ​។ ជាមួយនឹង​ការផលិត​អាវុធ​នុយក្លេអ៊ែរ​ក្រោម​ដប់​ដើម​នេះ មេដឹកនាំ​ព្យុងយ៉ាង​ផ្ទាល់​យល់ច្បាស់​ហើយ​ថា ខ្លួន​សម្រេចបាន​គោលដៅ​នេះហើយ​។ ក្នុងន័យនេះ ទោះ​អាមេរិក​ដក ឬ​មិន​ដកទ័ព​ខ្លួន​ជិត​បី​ម៉ឺន​នាក់​ពី​កូរ៉េខាងត្បូង​ក៏ដោយ វា​មិនមែនជា​លក្ខខណ្ឌ​ដែល​កូរ៉េខាងជើង​ត្រូវ​បារម្ភ​ដូច​មុន​ដែរ​។

​រឿង​សំខាន់​ទី​ពីរ គឺ​ត្រូវ​កសាង​សេដ្ឋកិច្ច​ឲ្យ​ខ្លាំង ជួយសង្គ្រោះ​ប្រជាជន​ឲ្យ​រួច​ផុតពី​អន្ទាក់​នៃ​ភាពក្រីក្រ​។ នេះ​មិនមែន ដោយសារ គីម ជុង​អ៊ុន ស្រលាញ់ ឬ​អាណិត​ប្រជាជន​ឡើយ ប៉ុន្តែ​លោក​គឺ​ដល់​អនាគត​វែងឆ្ងាយ​នៃ​របប​ដឹកនាំ​ត្រកូល​គីម​។ ជា​បញ្ញវ័ន្ត​មួយរូប​ដែរ គីម ជុង​អ៊ុន ដឹង​ច្បាស់​ថា «​របប​ដឹកនាំ​ណាក៏ដោយ បើ​ចង់​រស់​បានយូរ​ត្រូវ​យកឈ្នះ​បេះដូង​ប្រជាជន​»​។ មិនយូរ​មិនឆាប់​ឡើយ ប្រជាជន​កូរ៉េខាងជើង​នឹង​ក្រោក​បះបោរ​ប្រឆាំង​របប​ដឹកនាំ បើសិនជា​ប្រជាពលរដ្ឋ​នៅតែ​ស៊ី​អត់​ស៊ី​ឃ្លាន​រស់នៅ​លំបាកលំបិន​បែបនេះ​ទៀត ព្រោះ​គ្មាន​អ្វីខ្លះ​ជាង​កម្លាំង​ប្រជាជន​ឡើយ​។ ដូច្នេះហើយ កូរ៉េខាងជើង​ត្រូវ​បញ្ចប់​ការ​រាំងខ្ទប់​សេដ្ឋកិច្ច និង​ទ្វារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ពិភព​ខាងក្រៅ បើសិនជា​លក្ខខណ្ឌ​សមស្រប​មកដល់​។ ពេលនេះ​ជា​ពេលវេលា​សមស្រប ហើយ​កូរ៉េខាងជើង​ចំណេញ​កប់​ក្តោង​បើសិនជា លោក ត្រាំ ព្រម​ទទួល​សេណា​រី​យ៉ូ​មួយ​នេះ​ក្នុងជំនួប​ប្រ​វ​តិ្ត​សាស្ត្រ​នៅ​ខែក្រោយ​នោះ​។

-​ល្មម​ដល់ពេល​កូរ៉េខាងជើង​ក្លាយជា​សមាជិក​រដ្ឋ​នុយក្លេអ៊ែរ​?

​តាំងពីដើម​មក សហគមន៍​អន្តរជាតិ​មាន​កំហុស​មួយផ្នែក​ដែរ គឺ​បណ្តែតបណ្តោយ​រហូតដល់​កូរ៉េខាងជើង​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​ជោគជ័យ និង​បន្ត​ផលិត​បាន​ច្រើន​គ្រាប់​ថែមទៀត​។ ដោយសារតែ​បែបនេះហើយ ទើបបានជា​មកដល់​ឥឡូវនេះ ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ក្លាយជា​រឿង​លំបាក​បំផុត​មួយ​។ កូរ៉េខាងជើង​ខ្លួនឯង​ដឹង​ច្បាស់​ថា វា​ក៏​មិនអាច​កើតឡើង​ឡើយ ទោះជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។

​ផ្អែក​តាម​ស្ថានភាព​ជាក់ស្តែង របប​ដឹកនាំ​កូរ៉េខាងជើង​មាន​សុទិដ្ឋិនិយម​ខ្ពស់​ថា វា​ដល់ពេល​ខ្លួន​អាច​ក្លាយជា​សមាជិក​ក្លិប​ប្រទេស​នុយក្លេអ៊ែរ​ហើយ​។ កូរ៉េខាងជើង​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ និង​សាកល្បង​បាន​ជោគជ័យ ហើយ​វា​ក៏​គ្មាន​ឧបសគ្គ​អ្វីដែល​រារាំង​ខ្លួន​មិន​ឲ្យ​ក្លាយជា​រដ្ឋ​នុយក្លេអ៊ែរ​ស្មើមុខស្មើមាត់​នឹង​ប្រទេស​ប្រាំបី​ផ្សេងទៀត​ដែរ​។

​យ៉ាងណា​ក៏ដោយចុះ គេ​មិនអាច​ដឹង​ឡើយ​ថា សហគមន៍​អន្តរជាតិ​ជាពិសេស​អាមេរិក​នឹងមាន​ចម្លើយ​បែបណា​ទេ ក្នុងករណី​ដែល​លោក គីម ជុង​អ៊ុន មិន​ព្រម​បោះបង់​អាវុធ​នុយក្លេអ៊ែរ​ចោល ហើយ​ទាមទារ​ឲ្យ​គេ​ទទួលស្គាល់​ខ្លួន​ជា​រដ្ឋ​នុយក្លេអ៊ែរ​ដូច​ឥណ្ឌា ប៉ា​គី​ស្ថាន និង​អ៊ីស្រាអែល​នោះ​។​

​ក្រៅពី​មហាអំណាច​ប្រាំ​ដែល​ឈ្នះ​សង្គ្រាមលោកលើកទីពីរ ដែល​គេ​ទទួលស្គាល់​ជា​រដ្ឋ​នុយក្លេអ៊ែរ​ស្របច្បាប់ ឥណ្ឌា ប៉ា​គី​ស្ថាន និង​អ៊ីស្រាអែល​ជា​រដ្ឋ​នុយក្លេអ៊ែរ​មិន​ស្របច្បាប់​ឡើយ​។ មិន​ស្របច្បាប់​ត្រង់​ថា ក្រុម​ប្រទេស​ទាំងនេះ​ព្យាយាម​ផលិត​អាវុធ​នុយក្លេអ៊ែរ ក្រោយពេល​សន្ធិសញ្ញា​ស្តីពី​ការហាមឃាត់​ការ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ (NPT) បង្កើតឡើង​ឆ្នាំ ១៩៦៨ និង​ចូល​ជា​ធរមាន​ឆ្នាំ ១៩៧០​នោះ​។ ប៉ុន្តែ​ប្រទេស​ទាំងនេះ​មិន​រង​សម្ពាធ ឬ​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​ទេ ហើយ​វា​ក៏​ត្រូវគេ​ចាត់ទុក​រដ្ឋ​នុយក្លេអ៊ែរ​តាម​ស្ថានភាព​ជាក់ស្តែង​ដែរ (de facto)​។ សហរដ្ឋអាមេរិក​កាលនោះ​អះអាងថា ស្ថានភាព​ឥណ្ឌា ប៉ា​គី​ស្ថាន និង​អ៊ីស្រាអែល​អាច​គ្រប់គ្រង​បាន ហើយ​វា​មិន​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​សន្តិភាព និង​ស្ថិរភាព​ពិភពលោក​ឡើយ​។​

​ចំណែក​បញ្ហា​កូរ៉េខាងជើង​វិញ គឺ​ខុសគ្នា​។ ខុសគ្នា​ត្រង់​ថា ប្រទេស​កូរ៉េខាងជើង​ធ្លាប់ជា​សមាជិក​កិច្ចព្រមព្រៀង NPT​។ ប៉ុន្តែ​ប្រទេស​នេះ​សម្រេច​ដើរ​ចេញពី​សន្ធិសញ្ញា​នេះ​នៅ​ឆ្នាំ ២០០៣ ដោយ​សម្ងំ​ផលិត​អាវុធ​ទាំង​ខុសច្បាប់​។ ឆ្នាំ ២០០៦ ក្រោម​ការដឹកនាំ​របស់​លោក គីម ជុងអ៊ីល កូរ៉េខាងជើង​បានសម្រេច​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើកដំបូង ទាក់ទាញ​ទណ្ឌកម្ម​ច្រើនសន្ធឹក​ពី​សហគមន៍​អន្តរជាតិ​ផងដែរ​។ ទណ្ឌកម្ម​នេះ​ត្រូវបាន​គេ​បន្ថែម​រហូតមក​ដើម្បី​ដាក់​គំនាប​ឲ្យ​ក្រុង​ព្យុងយ៉ាង​ប្តូរ​ជំហរ និង​បោះបង់​អាវុធ​របស់ខ្លួន​នោះ​៕


Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  នុយក្លេអ៊ែរ​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com