អន្តរជាតិ
ចិន និង​ជប៉ុន​សង្ឃឹមថា ជំនួប​មេដឹកនាំ​កូរ៉េ​ទាំងពីរ​នាំមក​នូវ​សន្តិភាព​ពេញលេញ​នៅ​ឧបទ្វីប​កូរ៉េ
27, Apr 2018 , 5:03 pm        
រូបភាព
ដោយ: ថ្មីៗ
​ជប៉ុន និង​ចិន​ដែលជា​មិត្ត​ជិតខាង​កូរ៉េ​ទាំង​ពីរបាន​ស្វាគមន៍​ការអភិវឌ្ឍ​ប្រកបដោយ​ភាព​វិជ្ជមាន​នៃ​ទំនាក់ទំនង​ទ្វេភាគី ជា​ពិ​សេ​ជំនួប​អន្តរ​កូរ៉េ​លើក​ទី​បី​ថ្ងៃ​សុក្រ​នេះ​។ ភាគី​ទាំង​ទាំងអស់​រំពឹងថា ជំនួប​នេះ​នឹង​នាំមក​ផ្លែផ្កា​ច្រើន​ជាពិសេស​ន្តិ​ភាព​អចិន្ត្រៃយ៍​នៅ​ឧបទ្វីប​កូរ៉េ​តែម្តង​។



​ខណៈដែល​មេដឹកនាំ​កូរ៉េ​ទាំងពីរ​ជួបពិភាក្សា​គ្នា​ជា​លើក​ទី​បី​នៅ​ថ្ងៃ​សុក្រ​ទី ២៧ មេសា​នេះ ប្រទេសជិតខាង​មាន​ជប៉ុន និង​ចិន បានបង្ហាញ​ការ​សាទរ និង​សង្ឃឹមថា កិច្ចប្រជុំ​នេះ​នឹង​នាំមក​នូវ​លទ្ធផល​វិជ្ជមាន​ច្រើន​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ប្រធាន​លេខា​គណៈរដ្ឋមន្ត្រី​ជប៉ុន Yoshihide Suga បាន​ថ្លែងថា រដ្ឋាភិបាល​ជប៉ុន​រំពឹងថា ជំនួប​កំពូល​នេះ​នឹង​នាំមក​នូវ​ដំណោះស្រាយ​ពេញលេញ​ចំពោះ​ការចាប់​ជម្រិត​ពលរដ្ឋ​ជប៉ុន​ដោយ​កូរ៉េខាងជើង​។ ក្រៅពីនេះ ជប៉ុន​ក៏​សង្ឃឹមថា កូរ៉េខាងជើង​នឹងមាន​ដំណោះស្រាយ​ចំពោះ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់ខ្លួន​ផងដែរ​។​

«​ខ្ញុំ​ចង់​លើកសរសើរ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ចំពោះ​ការប្រឹងប្រែង​ដែល​នាំ​ឲ្យ​មានការ​ពិភាក្សាគ្នា​នៅថ្ងៃនេះ​។ ខ្ញុំ​គិតថា វា​នឹងមាន​ការចរចា​ម៉ឺងម៉ាត់​រវាង​មេដឹកនាំ​ទាំងពីរ​ក្នង​កិច្ចប្រជុំ​កំពូល​នេះ​ដូចគ្នា​»​។

​ដោយឡែក រដ្ឋាភិបាល​ចិន​ឯណោះ​វិញ បាន​ស្វាគមន៍​កិច្ចពិភាក្សា​គ្នា​នេះ​ពេញទំហឹង​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី Hua Chunying បាន​បញ្ជាក់ថា ចិន​ចង់ឃើញ​លទ្ធផល​វិជ្ជមាន​ជា​ដុំកំភួន​ផង​ជាពិសេស​គឺ​ត្រួស​ត្រាយផ្លូវ​ឲ្យ​មាន​សន្តិភាព​យូរអង្វែង​នៅ​ឧបទ្វីប​កូរ៉េ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ក្រុង​ប៉េកាំង​លោកស្រី​បាន​ថ្លែង​ដូច្នេះ​៖ «​ចិន​ស្វាគមន៍​មេដឹកនាំ​កូរ៉េ​ទាំងពីរ​ដែល​ឈានទៅ​រៀបចំ​ជំនួប​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នេះ និង​គាំទ្រ​ចំពោះ​ការសម្រេចចិត្ត​នយោបាយ និង​ការប្រឹងប្រែង​បន្ត​ទៅមុខ​។ ចិន​ពិតជា​ច្រើន​ឲ្យ​ជំនួប​នេះ​នាំមក​នូវ​លទ្ធផល​វិជ្ជមាន​ច្រើន​»​។​

​ចំណែក​អូស្ត្រាលី និង​អាមេរិក​ក៏​សាទរ​ជំនួប​ប្រវត្តិសាស្ត្រ​នេះ​ដូចគ្នា​។ នាយករដ្ឋមន្ត្រី​អូស្ត្រាលី ម៉ា​ល់​ខុម ធឺ​ន​ប៊ូល បាន​ស្វាគមន៍​ជំនួប ហើយ​លោក​សង្កត់ធ្ងន់ថា វា​ជា​ជំហាន​ដំបូង​នៃ​ការ​ឈានទៅ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ផងដែរ​។​

​សេត​វិមាន​អាមេរិក​ឯណោះ​វិញ បានបង្ហាញ​ក្តីសង្ឃឹម​មុតមាំ​ថា វា​នឹង​អាច​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការបង្កើត​សន្តិភាព និង​វិបុលភាព​តំបន់​ផង​។ អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក Sarah Sanders បាន​ថ្លែង​ដូច្នេះ​៖«​ក្នុងឱកាស​នៃ​ជំនួប​មេដឹកនាំ​កូរ៉េ​នេះ យើង​សូម​ជូនពរ​ឲ្យ​ប្រជាជន​កូរ៉េ​សុខ​សប្បាយ​។ យើង​សង្ឃឹមថា កិច្ចពិភាក្សា​នេះ​នឹង​សម្រេចបាន​ផល​ច្រើន​ដែល​ឆ្ពោះទៅ​សន្តិភាព វិបុលភាព​នាពេល​អនាគត​»៕


Tag:
 ចិន​
  កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  អាមេរិក​
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com