កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Real បាន​កៅអី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ក្រុង​កៀវ ក្រោយ​ស្មើ Bayern ២-២
02, May 2018 , 11:16 am        
រូបភាព
 ក្រុម​កី​ឡាករ​ Real Madrid អប​អ​រក្រោយ​​បាន​កៅ​អីទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។ រូបថត AFP
ក្រុម​កី​ឡាករ​ Real Madrid អប​អ​រក្រោយ​​បាន​កៅ​អីទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។ រូបថត AFP
Real Madrid បាន​កៅអី​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ UEFA Champions League បន្ទាប់ពី​ប្រកួត​ស្មើគ្នា ២-២ ជាមួយ Bayern Munich នា​ជំនួប វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជើង​ទី​២ នៅ​រាត្រី​ថ្ងៃទី​១ ឧសភា​។​


​ក្នុងការ​ប្រកួត​នៅ​ទឹកដី Santiago Bernabeu ក្រុម​ភ្ញៀវ Bayern Munich អា​ចរក​គ្រាប់​បាល់​នាំ​មុខមុន​ដោយ​កីឡាករ Joshua Kimmich តាំងពី​៣​នាទី​ដំបូង​នៃ​វគ្គ​ទី​១ មុនពេល Karim Benzema រក​គ្រាប់​បាល់​តាម​ស្មើ​ឲ្យ​ម្ចាស់​ជើងឯក​ចាស់​វិញ​នៅ​នាទី​១១ ពី​ការបញ្ជូន​បាល់​យ៉ាង​ល្អ​ពី​មិត្ត​រួម​ក្រុម Marcelo​។ 
 
​ចូលដល់​តង់​ទី​២ ត្រឹម​នាទី​ដំបូង Benzema ដដែល​បាន​រក​គ្រាប់​បាល់​នាំមុខ​វិញ​បន្ទាប់ពី​អ្នកចាំទី Steven Ulreich របស់ Bayern ភ្លាត់ស្នៀត​នៅមុខ​ទី ហើយ James Rodriguez ដែល​ខ្ចី​ជើង​ពី Real ជា​អ្នក​ស៊ុត​តាម​ស្មើ​វិញ​នៅ​នាទី​៦៣ ដែល​ក្រុម​ទាំងពីរ​បញ្ចប់​ទៅក្នុង​លទ្ធផល ២-២​។​
 
​ក្រុម​របស់លោក Zinedine Zidane បាន​នាំមុខ​ក្រុម​ជើងឯក​លី​ក​កំពូល​អាល្លឺម៉ង់ Bayern Munich ក្នុង​លទ្ធផល ២-១ កាលពី​ប្រកួត​ជើង​ទីមួយ​ក្នុង​ទឹកដី Allianz Arena​។ ដូច្នេះ​លទ្ធផល​សរុប​ទាំងពីរ​ជើង​ក្រុម​ម្ចាស់​ជើងឯក​អឺរ៉ុប ១២​សម័យ​មាន​គ្រាប់​បាល់​នាំ​មុន​៤​ទល់នឹង​៣ អាចឈាន​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ដណ្តើមពាន​លំដាប់​ទី​១​អឺរ៉ុប​នេះ ៣​រដូវ​កាល​ជាប់​គ្នា​។​
 
​ក្រុម​អធិរាជ​ស នឹងត្រូវ​រង់ចាំ​ការប្រកួត​រវាង Liverpool និង Roma ដែល​ត្រូវ​ជួបគ្នា​ជើង​ទី​២ នៅ​រាត្រី​ថ្ងៃទី​២ ខែឧសភា​នេះ ដើម្បី​រក​ក្រុម​ណា​ដែល​អាចឈាន​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​នឹង​ធ្វើឡើង​នៅ​ទីក្រុង​កៀវ ប្រទេស​អ៊ុយ​ក្រែ​ន នា​ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ​២០១៨៕
 





Tag:
 បាល់ទាត់​
  UEFA Champions League
  Real Madrid
  Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com