កីឡាអន្តរជាតិ
អន្តរជាតិ
Europa League៖ AT-Madrid បញ្ចប់​ប្រាថ្នា​ចុងក្រោយ Wenger ដើម្បី​ឡើងទៅ​ប៉ះ Marseille វគ្គ​ផ្តាច់ព្រ័ត្រ​
04, May 2018 , 10:41 am        
រូបភាព
​ខ្សែប្រយុទ្ធ Diego Costa បានបញ្ចប់​ក្តីសង្ឃឹម​ចុងក្រោយ​របស់​លោក Arsene Wenger ដោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់​យកឈ្នះ Arsenal ១-០ ដើម្បី​ជួយ Atletico Madrid ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ UEFA Europa League​។​



​ការប្រកួត​ជា​លើក​ទី ២៥០ នៃ​ក្របខណ្ឌ​អឺរ៉ុប របស់​អ្នកចាត់ការ​សញ្ជាតិ​បារាំង​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម Arsenal ជា​លើកចុងក្រោយ និង​ចង់​នាំ​ក្រុម​នេះ​បាន​កៅអី Champions League រដូវ​កាល​ក្រោយ ត្រូវបាន​បំផ្លាញ​ទាំងស្រុង​ដោយសារ​ថ្វី​ជើង​របស់ Costa​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ ដែល​ផ្ទេ​រពី Chelsea ត្រឡប់មក Atletico Madrid វិញ​នៅ​ដើមរដូវ​កាល​នេះ​អាច​រក​គ្រាប់​បាល់​ជ័យជម្នះ​លើ​ក្រុម​កាំភ្លើង​ធំ ១-០ ក្នុងការ​ប្រកួត​ជើង​ទី​២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​រាត្រី​ថ្ងៃទី​៣ ខែឧសភា​។​



​កាលពី​ជើង​ទី​១ នៅ​ទឹកដី Emirates ក្រុម​ទាំងពីរ​ទទួលបាន​លទ្ធ​ផល​ស្មើគ្នា ១-១ ដូច្នេះ​សរុប​ទាំងពីរ​ជើង ក្រុម​របស់លោក Diego Simeone យកឈ្នះ ក្រុម​លោក Wenger ២-១ អាចឈាន​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​ជ័យជម្នះ​របស់ AT-Madrid បានបញ្ចប់​ក្តីសង្ឃឹម​របស់​អ្នកចាត់ការ​វ័យ​៦៨​ឆ្នាំ ក្នុងការ​ចាក​ចេញពី​ក្រុម​កាំភ្លើង​ធំ​ជាមួយ​ការ​បន្សល់​ស្នាដៃ​ចុងក្រោយ ដោយ​ជួយ​ក្រុម​បាន​កៅអី Champions League សម្រាប់​រដូវ​កាល​ក្រោយ ដ្បិត​ឈរ​នៅ​ចំ​ណាត​ថ្នាក់​ទី​៦ ក្នុង​តារាង Premier League មាន​៥៧​ពិន្ទុ តាម​ពីក្រោយ​ក្រុម​លេខ​៤ Tottenham Hostspur រហូត​១៤​ពិន្ទុ ខណៈ​សល់​៣​ប្រកួត​ទៀត​នឹងត្រូវ​បញ្ចប់​រដូវ​កាល​។​



​ក្រោយ​បញ្ចប់​ការប្រកួត Wenger បាន​និយាយថា​៖«​ខ្ញុំ​ពិតជា​សោកស្តាយ​នៅ​រាត្រី​នេះ​។ វា​រឿង​អកុសល​សម្រាប់​អ្នក​ដែល​បាន​ឆ្លងកាត់​ការប្រកួត​នេះ​។ វា​ជាការ​ប្រកួត​ដែលមាន​ភាព​សាហាវឃោរឃៅ​សម្រាប់​ខ្ញុំ ហើយក៏​បានធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់​ខ្លាំង​ណាស់ដែរ​នៅ​យប់​នេះ​។ ការ​សម្លឹងមើល​ឱកាស​នៃ​ការប្រកួត​ទាំងពីរ​ជើង​គឺមាន​តិចតួច​បំផុត ព្រោះ​ការ​ពី​ប្រកួត​ជើង​ទី​១ យើង​បាន​ខក​ឱកាស​ច្រើនណាស់​»​។​



​ដោយឡែក​ការប្រកួត​មួយគូ​ទៀត  Marseille ដែល​ចាញ់​ក្រុម FC Red Bull Salzburg ២-១ សម្រាប់​ការប្រកួត​ជើង​ទី​២ នៅតែ​អាចមាន​សិទ្ធិ​ឡើងទៅ​ដណ្តើមពាន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បាន ដ្បិត​ក្រុម​មកពី​បារាំង​បាន​យកឈ្នះ​ក្រុម​មកពី​អូទ្រីស ក្នុង​លទ្ធផល ២-០ សម្រាប់​ការប្រកួត​ជើង​ទី​១​។ ដូច្នេះ​សរុប​ទាំងពីរ​ជើង Marseille យកឈ្នះ Salzburg ៣-២​។​

​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង Atletico Madrid និង Marseille នឹងធ្វើ​ឡើង​ក្នុង​ក្រុង Lyon ប្រទេស​បារាំង នា​ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង ១:៤៥​នាទី [​ម៉ោង​នៅ​កម្ពុជា​]៕


ក្រុម Marseille ដែលបានកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ Europa League

អត្ថបទទាក់ទង
 


Tag:
 បាល់ទាត់​
  UEFA Europa League
  Arsene Wenger
  Arsenal
  Atletico Madrid
© រក្សាសិទ្ធិដោយ thmeythmey.com