កីឡាអន្តរជាតិ
អន្តរជាតិ
Wenger ចង់​មាន​ប្រវត្តិសាស្ត្រ​ល្អ​ចុងក្រោយ ដោយ​នាំ Arsenal ឲ្យ​បាន​កៅអី UCL
03, May 2018 , 5:50 pm        
រូបភាព
​លោក Arsene Wenger បាន​ប្តេជ្ញា​ថា​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​ចុងក្រោយ​ជាមួយ Arsenal ដោយ​នាំ​ក្រុម​រហស្សនាម​កាំភ្លើង​ធំ​នេះ​ត្រឡប់​ទៅកាន់​ក្របខណ្ឌ UEFA Champions League ឲ្យ​បាន​នៅ​រដូវ​កាល​ក្រោយ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ Sky Sports​។​



Arsenal នឹងធ្វើ​ដំណើរ​ទៅ​ជួប Atletico Madrid ក្នុងការ​ប្រកួត​ជើង​ទី​២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Europa League ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន Wanda Metropolitano ថ្ងៃទី​៣ ខែឧសភា វេលា​ម៉ោង ២:០៥​នាទី [​ម៉ោង​នៅ​កម្ពុជា​] ដើម្បី​ប្រជែង​យក​កៅអី​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​កាលពី​ជើង​ទី​១​នៅ​ទឹកដី Emirates ក្រុម​របស់លោក Arsene Wenger ទទួលបាន​លទ្ធផល​ត្រឹម​ស្មើ ១-១ ប៉ុណ្ណោះ​បើ​ទោះ Atletico Madrid មាន​គ្នា​តែ​១០​នាក់​ក៏ដោយ​។ ប៉ុន្តែ​យ៉ាងណា​អ្នកចាត់ការ​សញ្ជាតិ​បារាំង​រូបនេះ​បាន​ប្តេជ្ញាចិត្ត​រួចហើយ​ថា​នឹង​នាំ Arsenal លើក​ពាន​លំដាប់​ទី​២​របស់​ទ្វីបអឺរ៉ុប​ឲ្យ​បាន​សម្រាប់​ក្លិប​ជា​លើកចុងក្រោយ​។​

​ការគ្រប់គ្រង​រយៈពេល ២២ ឆ្នាំ​របស់ Wenger ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ នឹងត្រូវ​បញ្ចប់​នៅ​ចុងរដូវ​នេះ​។ ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុង​ដ៍​មាន​ភាគរយ​ច្រើន​មិនបាន​លេង Champions League រដូវ​កាល​ក្រោយ​ម្តងទៀត ដ្បិត​ឈរ​នៅ​ចំ​ណាត​ថ្នាក់​ទី​៦ ក្នុង​តារាង Premier League មាន​៥៧​ពិន្ទុ តាម​ពីក្រោយ​ក្រុម​លេង​៤ Tottenham Hostspur ១៤​ពិន្ទុ ខណៈ​សល់​៣​ប្រកួត​ទៀត​នឹងត្រូវ​បញ្ចប់​រដូវ​កាល​។ 

​ប៉ុន្តែ​ការ​ឈ្នះ​ពាន Europa League នឹងធ្វើ​ឲ្យ Arsenal វិល​ត្រលប់​ទៅកាន់​ក្របខណ្ឌ​លំដាប់​ទី​១​អឺរ៉ុប​វិញ​បាន​នៅ​រដូវ​កាល​ក្រោយ ហើយ​នេះ​ជា​អ្វីដែល​អ្នកចាត់ការ​វ័យ ៦៨​ឆ្នាំ​ចង់បាន នៅក្រោយពេល​បញ្ចប់​ការ​កាន់តំណែង​។​

«​ខ្ញុំ​ចង់​បញ្ចប់​ការងារ​របស់ខ្ញុំ​ឲ្យ​បានល្អ​»​។ Wenger បាន​និយាយ​បែបនេះ​នៅមុន​ការប្រកួត​ជើង​ទី​២​នៅ​រាត្រី​នេះ ហើយ​លោក​បន្ថែមថា​៖«​ខ្ញុំ​ជឿជាក់ថា​អ្វីៗ​នឹង​ប្រសើរ ដរាបណា​ខ្ញុំ​នៅ​កន្លែង​នេះ​ជាមួយ​ការប្តេជ្ញាចិត្ត និង​ថាមពល​របស់ខ្ញុំ​។ ខ្ញុំ​ចង់​ដើរ​ចេញពី Arsenal ហើយ​គិតគូ​រហូតដល់​ថ្ងៃ​ចុងក្រោយ ដោយ​ផ្ដោត​តែ​លើ Arsenal តែមួយគត់​។ នៅពេលដែល​ការងារ​របស់ខ្ញុំ​នៅ Arsenal ត្រូវ​បញ្ចប់ ខ្ញុំ​ចង់ឃើញ​កន្លែង​ដែល​ខ្ញុំ​ត្រូវ​ចាកចេញ​ត្រូវ​បញ្ចប់​ជាមួយ​ប្រវត្តិសាស្ត្រ​ដ៏​ល្អ​»​។​

​ចំណែក​មួយគូ​ទៀត Marseille ដែល​បាន​យកឈ្នះ FC Red Bull Salzburg ក្នុង​លទ្ធផល ២-០ សម្រាប់​ការប្រកួត​ជើង​ទី​១​នោះ នឹងធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន Red Bull Arena Salzburg វិញ​សម្រាប់​ការប្រកួត​ជើង​ទី​២​នៅ​ម៉ោង​ដំណាលគ្នា​ជាមួយ​ក្រុម​ខាងលើ​ដែរ​៕

អត្ថបទទាក់ទង




Tag:
 បាល់ទាត់​
  Arsene Wenger
  Arsenal
  UEFA Europa League
© រក្សាសិទ្ធិដោយ thmeythmey.com