កីឡាអន្តរជាតិ
អន្តរជាតិ
Europa League៖ AT-Madrid នៅ​គ្នា​១០​នាក់​តាម​ស្មើ តែ​លោក Wenger មិន​បន្ទោស​កូនក្រុម​ឡើយ​
27, Apr 2018 , 11:14 am        
រូបភាព
 Arsene Wenger បាន​និយាយថា​លោក​ជា​អ្នកទទួល​រ៉ាប់រង​ទាំងអស់​ក្រោយ Arsenal បាន​លទ្ធផល​ត្រឹម​ស្មើគ្នា ១-១ បើ​ទោះ Atletico Madrid មាន​គ្នា​តែ​១០​នាក់​ក្នុង​ការប្រកួត​ពានរង្វាន់ UEFA Europa League ជើង​ទី​១ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កាលពី​រាត្រី​ថ្ងៃទី ២៦ ខែមេសា​។​



​ក្នុ្ង​ង​ការប្រកួត​នៅ​ទឹកដី Emirates ក្រុម​ភ្ញៀវ​មកពី​អេ​ស្ប៉ា​ញ​លេង​ត្រឹម​គ្នា​១០​នាក់​ប៉ុណ្ណោះ​រយៈពេល ៨០​នាទី បន្ទាប់ពី​កីឡាករ Sime Vrsaljko ទទួលបាន​កាត​លឿង​២​លើក​ស្មើ​កាត​ក្រហម​នៅ​១០​នាទី​ដំបូង​។​

​ខ្សែប្រយុទ្ធ​បារាំង Alexandre Lacazette អា​ចរក​គ្រាប់​បាល់​បញ្ចូល​ទី​១​គ្រាប់​ឲ្យ​ក្រុម​លោក Arsene Wenger នាំមុខ​កូនក្រុម​លោក Diego Simeone ដោយ​ការបញ្ជូន​ពី Jack Wilshere នៅ​នាទី​៦១​។ Arsenal មានឱកាស​ច្រើន​ដើម្បី​សម្រេច​ទី​បន្ថែមទៀត តែ​ពួកគេ​ធ្វើ​មិន​បានល្អ​ឡើយ​។​



​មិន​ត្រឹមតែ​មិនអាច​រក​គ្រាប់​បាល់​បន្ថែម តែ​ក្រុម​រហស្សនាម​កាំភ្លើង​ធំ ត្រូវ​របូត​គ្រាប់​បាល់​១​គ្រាប់​វិញ​ដែល​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ​ឆ្នើម Antoine Griezmann នៅ​នាទី​៨២ ជួយ AT-Madrid ស្មើ Arsenal ១-១​។​

​ក្រោយ​ចប់​ការប្រកួត​អ្នកចាត់ការ​សញ្ជាតិ​បារាំង​ដែល​ត្រៀប​ចាក​ចេញពី​ក្រុម​នៅ​បញ្ចប់​រដូវ​កាល​នេះ​និយាយថា​៖«​នេះ​មិនមែនជា​រឿង​ត្រូវ​ស្តីបន្ទោស​ទេ​។ ក្រុម​ទាំងមូល​មានការ​ខកចិត្ត​យ៉ាងខ្លាំង​។ តែ​សម្រាប់​យើង​ដើម្បី​មានឱកាស​ទៅ​វគ្គ​បន្ត ដំបូង​យើង​ត្រូវតែ​ត្រៀមលក្ខណៈ​ឡើងវិញ​ក្នុងជំនួប​ជើង​ទី​២​។ យើង​មាន​អ្នកគាំទ្រ​ដ៏​អស្ចារ្យ ហើយ​នោះ​ជា​អ្វីដែល​យើង​ចង់បាន​»​។​



Arsenal នឹងធ្វើ​ដំណើរ​ទៅ​ជួប Atletico Madrid នៅ​កីឡដ្ឋាន Wanda Metropolitano សម្រាប់​ការប្រកួត​ជើង​ទី​២ នា​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៨ ដើម្បី​កាត់សេចក្តី​ថា​ក្រុម​ណា​អាច​បាន​សំបុត្រ​ទៅកាន់​ទីក្រុង Lyon នៃ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​ចំណែក​ការប្រកួត​មួយគូ​ទៀត Marseille បាន​យកឈ្នះ​ក្រុម​ភ្ញៀវ Salzburg ក្នុង​លទ្ធផល ២-០ សម្រាប់​ការប្រកួត​ជើង​ទី​១​ដូចគ្នានេះដែរ​៕




Tag:
 ​បាល់ទាត់​
  UEFA Europa League
  Arsenal
  Atletico Madrid
© រក្សាសិទ្ធិដោយ thmeythmey.com