កីឡាអន្តរជាតិ
អន្តរជាតិ
វាយ​កូនឃ្លី​លើ​តុ​៖ មិន​ប្រជែង​គ្នា ហើយ​កូរ៉េ​ទាំងពីរ​រួមគ្នា​ដណ្តើមពាន​ពិភពលោក​ថែមទៀត​
04, May 2018 , 9:19 pm        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
កូ​រ៉េ​ខាងត្បូង និង​កូរ៉េខាងជើង​សម្រេចចិត្ត​មិន​ប្រជែង​គ្នា​ក្នុងការ​ប្រកួត​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ពានរង្វាន់​ជើងឯក​វាយ​កូនឃ្លី​លើ​តុ​ពិភពលោក ហើយ​ថែមទាំង​រួមគ្នា​ជា​ក្រុម​តែមួយ​ដើម្បី​ទៅ​ដណ្តើមពាន ទល់នឹង​ក្រុម​មកពី​ប្រទេស​ផ្សេង​វិញ​។ នេះ​បើតាម​ការអះអាង​របស់​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​អន្តរជាតិ (ITTF) នៅ​ថ្ងៃទី​៣ ខែឧសភា​។​



​ប្រទេស​បងប្អូន​ទាំងពីរ​អាចឈាន​មកដល់​វគ្គ​ពាក់​៨​ក្រុម​ចុងក្រោយ​រៀងៗ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ ជើងឯក​វាយ​កូនឃ្លី​លើ​តុ​ពិភពលោក ដែល​ធ្វើឡើង​ក្នុង​ក្រុង Halmstad ប្រទេស​ស៊ុយអែត​។​

​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters មិន​ត្រឹមតែ​មិន​ប្រកួតប្រជែង​គ្នា ពួកគេ​ថែមទាំង​ស្នើ​ឲ្យ​ប្រធាន​សហព័ន្ធ ITTF លោក Thomas Weikert រួម​ប្រទេស​ទាំងពីរ​បញ្ចូល​គ្នា​ជា​ក្រុម​តែមួយ​ទៀតផង ដើម្បី​ទៅ​ប្រកួត​ជាមួយ​ក្រុម​ដទៃ​។ ការផ្លាស់ប្តូរ​ក៏ត្រូវ​បាន​យល់ព្រម​រួចហើយ ដូច្នេះ​កូរ៉េ​ទាំងពីរ​នឹងត្រូវ​ទៅ​តទល់​ជាមួយ​ជប៉ុន​សម្រាប់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​សុក្រ​ទី​៤ ខែឧសភា​នេះ​។​



​នេះ​ជាការ​រួមគ្នា​លើក​ទី​២​ហើយ​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​ក្នុង​ព្រឹត្តិការ​ដូចគ្នានេះ បន្ទាប់ពី​បានរួម​គ្នា​លើកដំបូង​នៅ​ឆ្នាំ ១៩៩១ ដែល​ធ្វើឡើង​ក្នុង​ក្រុង​ឈី​បា ប្រទេស​ជប៉ុន ហើយ​កាលនោះ​ពួកគេ​បាន​យកឈ្នះ​ម្ចាស់​ជើងឯក​ចិន​ដើម្បី​ឈ្នះ​មេដាយមាស​ទៀតផង​។​

​លើសពីនេះ​ទៀត​នោះ កូរ៉េ​ទាំងពីរ​ធ្លាប់បាន​រួមគ្នា​រួចមក​ហើយដោយ​បញ្ចូល​គ្នា​ក្នុង​វិញ្ញាសា​កីឡា​ហ៊ុ​គី​ទឹក​ក (Ice Hockey) នៅក្នុង​ព្រឹត្តិការណ៍​កី​ឡ​អូឡាំពិក​រដូវរងា​នាទី​ក្រុង​ព្យុង​ឆាង (Pyeongchang) ប្រទេស​កូរ៉េខាងត្បូង​កាលពី​ខែកុម្ភៈ​កន្លងទៅ និង​បាន​ដើរ​ហែ​ក្បួន​រួមគ្នា​នៅក្រោម​ទង់ជាតិ​ឧបទ្វីប​កូរ៉េ​តែមួយ​នៅ​ថ្ងៃ​បើកឆាក​នោះ​ផងដែរ​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​ជើងឯក​វាយ​កូនឃ្លី​លើ​តុ​ពិភពលោក ដែល​ធ្វើឡើង​ក្នុង​ក្រុង Halmstad ប្រទេស​ស៊ុយអែត បាន​ប្រព្រឹត្តទៅ​តាំងពី​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៨ ពោលគឺ​ដំណើរការ​ប្រកួត​រយៈពេល​១​សប្តាហ៍​មកហើយ ហើយនឹង​ត្រូវ​បិត​បញ្ចប់​វិញ​នៅ​ថ្ងៃទី ៦ ខែឧសភា ឆ្នាំ​២០១៨៕’

អត្ថបទទាក់ទង




Tag:
 បាល់ទាត់​
  វាយ​កូនឃ្លី​លើ​តុ​ពិភពលោក​
  រ៉េ​ខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com