អន្តរជាតិ
ប្រធាន ADB ដាស់តឿន​ប្រទេស​អាស៊ី «​ប្រយ័ត្ន​លង់ខ្លួន​ដោយសារ​ខ្ចីលុយ​ច្រើនពេក​»
04, May 2018 , 5:59 pm        
រូបភាព
ប្រធានធនាគារអភិវឌ្ឍអាស៊ី Takehiko Nakao (រូបភាព Xinhua)
ប្រធានធនាគារអភិវឌ្ឍអាស៊ី Takehiko Nakao (រូបភាព Xinhua)
​ប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ព្រមាន​ប្រទេស​តំបន់​អាស៊ី​ជុំវិញ​ការខ្ចី​លុយ​ពី​ចិន​ក្រោម​ក្របខណ្ឌ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​។ ទោះជា​ចាត់ទុក​គំនិត​ផ្ដួចផ្ដើម​នេះ​ជា​រឿង​ល្អ​ក្ដី លោក Takehiko Nakao បាន​ដាស់តឿន​ឲ្យ​ប្រទេស​តំបន់​អាស៊ី កុំ​ខ្ចីលុយ​ច្រើន​ហួសហេតុ​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងស្រុក​។ ការខ្ចី​លុយ​ដោយ​មិនបាន​គិតគូរ​ច្បាស់លាស់ អាច​នាំទៅរក​ធ្លាក់​ចូលក្នុង​វិបត្តិ​បំណុល​មិន​ខាន ក្នុងករណី​មិនមាន​លទ្ធភាព​សង​វិញ​នោះ​។​



​បើ​គ្មាន​លទ្ធភាព​សង​គេ​វិញ កុំ​ខ្ចីលុយ​ច្រើនពេក ប្រយ័ត្ន​វ័ណ្ឌក​។ នេះ​សម្ដី​ដាស់តឿន​របស់​ប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) លោក Takehiko Nakao សម្រាប់​ប្រទេស​តំបន់​អាស៊ី ដែល​ខ្ចីលុយ​ពី​ប្រទេស​ផ្សេង​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​។ លោក Nakao បាន​លើកយក​ករណី​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ ដែលជា​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ ដែល​បង្កើត​ដោយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ។​

​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ហ្វីលីពីន​នៅ​ថ្ងៃទី​៣ ខែឧសភា លោក Nakao ប្រាប់​អ្នកសារព័ត៌មាន​ថា គំនិត​ផ្ដួចផ្ដើម​របស់​ចិន ជា​កម្មវិធី​សំខាន់​មួយ​ដើម្បី​ភ្ជាប់​តំបន់ ក៏ដូចជា​ពង្រីក​សមាហរណកម្ម និង​កិច្ចសហប្រតិបត្តិការ​ទូ​ទាំង​អាស៊ី​។ លោក​ក៏បាន​ប្រកាស​ជំហរ​ចូលរួម​ជាមួយ​គម្រោង​អភិវឌ្ឍ​នេះ នៅពេល​ចាំបាច់​។ យ៉ាងណាមិញ លោក​ក៏​ព្រមាន​ពី​ការខ្ចី​លុយ​ច្រើន​ហួសហេតុ​ពី​គម្រោង​នេះ​ដើម្បី​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​។​

​បើតាម​សារព័ត៌មាន Nikkei Asian Review ប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជនជាតិ​ជប៉ុន​រូបនេះ​បញ្ជាក់ថា ប្រសិនបើ​ប្រទេស​ណា​ខ្ចីលុយ​ច្រើនពេក​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ណាមួយ​ដោយ​មិន​គិតគូរ​ម៉ត់ចត់​ពី​ភាព​ស្ថិតស្ថេរ និង​ការសិក្សា​ពី​ផលប្រយោជន៍​នៃ​គម្រោង​នោះទេ វា​នឹង​បង្កើត​បញ្ហា​នៅពេល​សងលុយ​វិញ​។ លោក​សង្កត់ធ្ងន់​ទៀតថា យើង​ក៏ត្រូវ​គិតពី​បញ្ហា​និរន្តរភាព​នៃ​បំណុល​ឲ្យ​បាន​ប្រាកដប្រជា​បំផុត​។​

​តាមពិតទៅ គំនិត​ផ្ដួចផ្ដើម​ខាងលើ​របស់​ចិន រង​ការរិះគន់​ជា​ញឹកញយ​មកហើយ ជាពិសេស​ប្រតិកម្ម​ពី​លោកខាងលិច​។ នេះ​ក៏​ព្រោះតែ​គម្រោង​នេះ​អាច​អនុញ្ញាត​ឲ្យ​មានការ​ខ្ចីលុយ​ក្នុង​ទំហំ​ទឹកប្រាក់ ស្របពេល​ប្រទេស​ខ្ចីលុយ​ជា​រដ្ឋ​ក្រីក្រ​មិនសូវ​សម្បូរ​ធនធាន ដែល​ត្រូវ​ការប្រាក់​ដើម្បី​ផ្គត់​ផ្គត់​គម្រោង​អភិវឌ្ឍ​របស់ខ្លួន​។ ដោយហេតុនេះ​ទើប​គេ​បារម្ភ​ថា ប្រទេស​ទាំងនោះ​នឹង​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​មិន​ខាន ដោយសារ​មិនអាច​សងលុយ​ម្ចាស់បំណុល​បាន​។​

​ឆ្លើយតប​ពាក្យរិះគន់ ចិន​ក៏​មិនបាន​នៅ​ស្ងៀម​ដែរ និង​បាន​ឆ្លើយតប​វិញ​ជារឿយ​ដែរ​។ សម្រាប់​ក្រុង​ប៉េកាំង គំនិត​ផ្ដួចផ្ដើម​របស់លោក ស៊ី គឺជា​កិច្ចសហប្រតិបត្តិការ​ថ្មី​ក្នុង​តំបន់ និង​ពិភពលោក​ដែល​ផ្ដល់​ប្រយោជន៍​ជាទូទៅ​។ លើសពីនេះ ចិន​ក៏​មិនមែន​ផ្ដល់​កម្ចី​ដោយបាន​គិតពី​ស្ថិរភាព​បំណុល​របស់​ប្រទេស​ដែល​ខ្ចីលុយ​របស់ខ្លួន ហើយ​ម្យ៉ាងទៀត​ចិន​បាន​គិតគូរ​ពី​គោលការណ៍​ស្មើភាព និង​គោរព​គ្នា​ទៅវិញទៅមក​ទៀតផង​៕
 

Tag:
 អាស៊ី​
  ចិន​
  ADB
  BRI
  Takehiko Nakao
© រក្សាសិទ្ធិដោយ thmeythmey.com