សង្គមអន្តរជាតិ​
អន្តរជាតិ
ក្សត្រ​ស្វា​ស៊ី​ឡង់​ពាក់​នាឡិកា​តម្លៃ​រាប់លាន​ដុល្លារ​, អាវ​ដាំ​ពេជ្រ​... តែ​រាស្ត្រ​រស់​យ៉ាង​ត្រដាបត្រដួស​
05, May 2018 , 8:39 pm        
រូបភាព
ស្ដេច Mswati III ក្នុងថ្ងៃចម្រើនព្រះជន្ម អមដោយប្រធានាធិបតីតៃវ៉ាន់ (រូបភាពពីគេហទំព័រប្រធានាធិបតីតៃវ៉ាន់)
ស្ដេច Mswati III ក្នុងថ្ងៃចម្រើនព្រះជន្ម អមដោយប្រធានាធិបតីតៃវ៉ាន់ (រូបភាពពីគេហទំព័រប្រធានាធិបតីតៃវ៉ាន់)
ដោយ: ថ្មីៗ
​ស្វា​ស៊ី​ឡង់​ឬ​អ៊ី​ស្វា​ទី​នី​ជា​ប្រទេស​អាហ្វ្រិក​មួយ​ក្រីក្រ​បំផុត​មួយ​លើ​ពិភពលោក​ដែលមាន​ប្រជាជន​ជាង ១​លាន​នាក់​។ ប៉ុន្តែ​មហាក្សត្រ​នៃ​រដ្ឋ​អាហ្វ្រិក​នេះ​មិន​ក្រីក្រ​ដូច​ប្រជាជន​ឡើយ​។ ទ្រង់​រស់នៅក្នុង​ជីវិត​ហ៊ឺហា​ដោយ​ប្រើ​រថយន្ត​ទំនើប​តម្លៃ​វាល់​លាន​ដុល្លារ ពាក់​នាឡិកា​តម្លៃ​ជាង​១ លាន​ដុល្លារ មាន​យន្តហោះ​ផ្ទាល់ខ្លួន​ពីរ​គ្រឿង មាន​អាវ​ដាំ​គ្រាប់ពេជ្រ​ទម្ងន់​រាប់​គីឡូ​ទៀត​។ ក្រៅពី​ប្រើប្រាស់​លុយ​លើ​សម្ភារៈ ទ្រង់​ក៏​ចំណាយលុយ​ច្រើន​កសាង​វាំង ១៣ និង ប្រពន្ធ ១៥ នាក់​ទៀត​។​



​អ៊ី​ស្វា​ទី​នី (​ស្វា​ស៊ី​ឡង់​) ជា​ប្រទេស​ចុងក្រោយ​នៅ​អាហ្វ្រិក​ដែល​បន្ត​កាន់​របបរាជានិយម​ផ្តាច់ការ​។ ព្រះ​ចៅ Mswati ទី​បី ជា​ក្សត្រ​ដែល​កំពុង​គ្រងរាជ្យ​នាពេល​បច្ចុប្បន្ន ហើយ​ទ្រង់​ត្រូវគេ​រិះគន់ និង​ចាត់ទុកជា​ក្សត្រ​ដែលមាន​ជី​វិ​តហ៊ឺហារ​ជាងគេ​មួយ​ និងបន្ត​សោយសុខ​លើ​គំនរ​ទុក្ខ​របស់​ប្រជារាស្ត្រ​។ ចំណែក​រាជវង្សានុវង្ស​របស់​ក្សត្រ​អង្គ​នេះ​វិញ​ចំណាយលុយ​ខ្ជះខ្ជាយ​ដើម្បី​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​បរទេស​ថែមទៀត​។​
 
​អ៊ី​ស្វា​ទី​នី​នេះ ជាប់​ឈ្មោះ​ជា​ប្រទេស​ដែលមាន​អត្រា​អ្នក​កើត​ជំងឺអេដស៍​ខ្ពស់បំផុត​មួយ ហើយ​រដ្ឋាភិបាល​ក៏​តែង​រង​ការទិតៀន​រឿង​រំលោភ​សិទ្ធិមនុស្ស និង​មិន​ទប់ស្កាត់​ការរើសអើង​ប្រឆាំង​ស្ត្រី​​។ 

 
​រឿង​ដែល​គួរ​ឲ្យ​បារម្ភ​នោះ​គឺ បំណុល​រដ្ឋ​កើន​ឡើងជា​បន្តបន្ទាប់ ខណៈដែល​រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​វិសមភាព​សង្គម និង​ភាពក្រីក្រ​ដែល​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ខ្លាំង​នោះ​។ បើតាម​របាយការណ៍​អង្គការ Oxfam ប្រជាជន​អ៊ី​ស្វា​ទី​នី​នេះ​រក​ចំណូល​មធ្យម​បាន​ក្រោម ២​ដុល្លារ​ក្នុង​មួយថ្ងៃ ហើយ​បើតាម​របាយ​ការណ៍កម្ម​វិធី​ស្បៀងអាហារ​ពិភពលោក ប្រជាជន​អ៊ី​ស្វា​ទី​នី​រហូតដល់ ៣៥​ម៉ឺន​នាក់​ខ្វះខាត​ស្បៀងអាហារ​ឯណោះ​។ 
 
​ថ្វីបើ​អ៊ី​ស្វា​ទី​នី​ជា​ប្រទេស​ក្រីក្រ​បំផុត​មួយ មាន​ប្រជាជន​ដែលមាន​អាយុ​រំពឹង​រស់​ត្រឹម​ជាង ៥០​ឆ្នាំ ហើយ​ប្រជាជន​ទូ​ទៅរក​អាហារ​បរិភោគ​ស្ទើរ​មិនបាន​ក៏ដោយចុះ ព្រះ​ចៅ Mswati នៅតែ​ចំណាយលុយ​ច្រើនសន្ធឹក​លើ​សម្ភារ​ប្រើប្រាស់​ដូចជា​រថយន្ត​ស៊េរី​ទំនើប យន្តហោះ​ផ្ទាល់ខ្លួន​កម្រិត VIP នាឡិកា​ដាំ​ត្បូង និង​អាវ​ដាំ​ពេជ្រ​ជាដើម​។​
 
១. នាឡិកាដៃ​តម្លៃ ១,៦ លាន​ដុល្លារ​
​ក្នុង​ពិធីបុណ្យ​ខួបកំណើត​គម្រប់ ៥០​ឆ្នាំ នា​ថ្ងៃទី​១៩ ខែមេសា​កន្លងមក គេ​សង្កេតឃើញថា មហាក្សត្រ​អ៊ី​ស្វា​ទី​នី​ខាងលើ ពាក់​នាឡិកាដៃ​ម៉ាក Jacobs & Co ដែល​ដាំ​សុទ្ធតែ​ត្បូង​មាន​។ បើតាម​គេហទំព័រ​ផ្លូវការ​របស់​ក្រុម​ហ៊ុ​នាឡិកា​នេះ នាឡិកា​ម៉ូ​របស់​ក្សត្រ​អ៊ី​ស្វា​ទី​នី​នេះ​មានតម្លៃ ១៦២០០០០ ដុល្លារ​។ វា​ច្រើនជាង​ជំនួយ​ដែល​សហភាព​អឺរ៉ុប​ផ្តល់​ឲ្យ​អ៊ី​ស្វា​ទី​នី​រាល់​ឆ្នាំ​បង់​លើ​ការចំណាយ​លើ​វិស័យ​អប់រំ​ថា្នក់​បឋមសិក្សា​ទៅទៀត​។ នៅក្នុង​ពិធី​ខួបកំណើត​នោះដែរ គេ​ឃើញ​ក្សត្រ​អង្គ​នេះ​ឈរ​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing-wen ដែលជា​សម្ព័ន្ធមិត្ត និង​ជាមួយ​ប្រពន្ធ ១៣​នាក់​ផង​។​
 
២.​អាវ​ដាំ​ពេជ្រ​ទម្ងន់ ៦ គីឡូ​
​ក្រៅពី​នាឡិកា​ថ្លៃ​រាប់លាន​ដុល្លារ ក្សត្រ​អង្គ​នេះ​ក៏​ពាក់អាវ​ដែល​ដាំ​សុទ្ធតែ​ពេជ្រ​ច្រើនសន្ធឹក ហើយ​វា​មាន​ទម្ងន់​រហូតដល់ ៦ គីឡូក្រាម​ឯណោះ​។  គេ​មិន​បានដឹង​ច្បាស់​ថា អាវ​របស់​មហាក្សត្រ​អង្គ​នេះ​មានតម្លៃ​ថ្លៃ​ប៉ុណ្ណា​ឡើយ ប៉ុន្តែ​គេ​វាយតម្លៃ​វា អាវ​ដាំ​ពេជ្រ​បែបនេះ​មានតម្លៃ​មិន​ក្រោម​វាល់​លាន​ដុល្លារ​ឡើយ​។​
 
៣.​យន្តហោះ​ផ្ទាល់ខ្លួន​ពីរ​គ្រឿង​តម្លៃ​រាប់សិប​លាន​ដុល្លារ​
​យោងតាម​សារព័ត៌មាន All Africa មុន​ខួបកំណើត​មកដល់​ប៉ុន្មាន​ថ្ងៃ ក្សត្រ​អ៊ី​ស្វា​ទីនេះ​នេះ​បានទទួល​យន្តហោះ​ផ្ទាល់ខ្លួន​ទី​ពីរ ដែលមាន​ម៉ាក A340-300 របស់​ក្រុមហ៊ុន Airbus​។  យន្តហោះ​នេះ​មានតម្លៃ​ប្រហែល ១៣, ២ លាន​ដុល្លារ  ប៉ុន្តែ​វា​ត្រូវបាន​កែច្នៃ​ពិសេស​សម្រាប់​ក្សត្រ​អង្គ​នេះ​។ ដូច្នេះហើយ​វា​មានតម្លៃ​រហូតដល់ ៣០ លាន​ដុល្លា​ឯណោះ​។ 
 
៤ ភរិយា ១៥ និង​មាន​ដំណាក់​ចំនួន ១៣ 
​ព្រះ​ចៅ Mswati មាន​ភរិយា​ទាំងអស់ ១៥ (​ក្សត្រ​មុនៗ​មាន​ដល់​រយ​នាក់​)​។ មហេសី​ម្នាក់​របស់​ទ្រង់ មានឈ្មោះ Senteni Masango ព្រះជន្ម ៣៧ ឆ្នាំ​បានធ្វើ​អត្តឃាត​កាលពីដើម​ខែមេសា​កន្លង​មកនេះ ដោយ​មិនដឹង​មូលហេតុ​។ 
 
​បើតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក New York Times ក្រៅពី​ភរិយា​ច្រើន ព្រោះ​ចៅ Mswati ក៏មាន​ដំណាក់​រហូតដល់ ១៣ ទូទាំងប្រទេស​ដែរ​។ មាន​របាយការណ៍​ខ្លះ​បង្ហាញថា ព្រះ​ចៅ​ចំណាយលុយ​ច្រើនសន្ធឹក​សន្ធាប់​លើ​ការសាងសង់​ដំណាក់​ទាំងអស់​ទាំងនេះ​។ 
 
៥. ឡាន​ទំនើប​ផុត​លេខ​ប្រភេទ BMW និង Mercedes ពីរ​ក្រុម​
​សារព័ត៌មាន All Africa បាន​ផ្សាយ​ថា ក្សត្រ​អ៊ី​ស្វា​ទី​នី​នេះ​ចំណាយលុយ​ទិញ​រថយន្ត​ទំនើប​ផុត​លេខ BMW និង Mercedes ផង​។ មុន​ថ្ងៃ​ខួបកំណើត ក្សត្រ​អង្គ​នេះ​បាន​ទិញ​រថយន្ត BMW មួយគ្រឿង​ដែលមាន​តម្លៃ​សរុប ៧,៥​លាន​ដុល្លារ​ឯណោះ​។ ប៉ុន្តែ​រដ្ឋាភិបាល​តៃវ៉ាន់​សម្រេច​ជួយ​ចេញ ១,៣ លាន​ដុល្លារ​ដើម្បី​ធ្វើជា​អំណោយ​សម្រាប់​រដ្ឋាភិបាល​អ៊ី​ស្វា​ទី​នី ក្នុងនាម​ជា​សម្ព័ន្ធមិត្ត​ល្អ​។  
 
​តាមពិតទៅ​រថយន្ត​នេះ​ត្រូវបាន​បញ្ជា​ទិញ​ដោយ​អង្គភាព​រដ្ឋបាល​ដឹកជញ្ជូន (CTA) ប៉ុន្តែ​ទីភ្នាក់ងារ​នេះ​ធ្លា​ប់រង​ការរិះគន់​ខ្លាំង​ដោយសារ​គ្មាន​ការធ្វើ​សវនកម្ម​ត្រឹមត្រូវ និង​មិន​ដែលមាន​ឯកសារ​ចំណូល​ចំណាយ​ត្រឹមត្រូវ​សោះ​៕
 

Tag:
 អ៊ី​ស្វា​ទី​នី​
  អាហ្វ្រិក​
  Mswati
© រក្សាសិទ្ធិដោយ thmeythmey.com