កីឡាអន្តរជាតិ
អន្តរជាតិ
Premier League៖ Liverpool បាន​កៅអី​ទៅ UCL ឯ Swansea ធ្លាក់​ទៅ​ក្របខណ្ឌ​ទី​២
14, May 2018 , 8:00 am        
រូបភាព
ដោយ: រួបរួម
ការប្រកួត​ចុងក្រោយ​នៃ​ក្របខណ្ឌ Premier League របស់​អង់គ្លេស បាន​បន្សល់​នូវ​អនុស្សា​រី​យ៍​ជាច្រើន ជ័យជម្នះ​របស់ Liverpool បានធ្វើ​ឲ្យ Chelsea បាត់បង់​ឱកាស​ទៅលេង​ក្របខណ្ឌ Champions League នៅ​រដូវ​កាល​ក្រោយ​។ Swansea ត្រូវ​ធ្លាក់​ទៅលេង​នៅ​ក្របខណ្ឌ Championship​។ Arsenal បាន​ជ័យជម្នះ​ក្នុងការ​ដឹកនាំ​ចុងក្រោយ​របស់លោក Arsene Wenger សម្រាប់​រយៈពេល​២២​ឆ្នាំ​។



Manchester City ដែល​ទើប​លើក​ពាន Premier League រដូវ​កាល​នេះ ជា​ផ្លូវការ បាន​បន្ត​កំណត់ត្រា​នៃ​ជ័យជម្នះ​របស់ខ្លួន ដោយ Gabriel Jesus បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាទីចុងក្រោយ​លើ​ម្ចាស់ផ្ទះ Southampton ។ លទ្ធផល ១-០ នេះ បាន​នាំ​ឲ្យ Manchester City រកបាន​រហូតដល់​ទៅ​១០០​ពិន្ទុ​ជា​កំណត់ត្រា​។​

​នៅ Old Trafford ខ្សែប្រយុទ្ធ Marcus Rashford បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាំ​ជ័យជម្នះ ១-០ សម្រាប់​ម្ចាស់ផ្ទះ Manchester United លើ Watford​។ Michael Carrick បានបង្ហាញ​ខ្លួន​លើក​ទី​៤៦៤ និង​ជា​លើកចុងក្រោយ ដោយ​កីឡាករ​វ័យ​៣៦​ឆ្នាំ​រូបនេះ នឹងចូលរួម​ក្នុង​ក្រុម​គ្រូបង្វឹក​របស់​បិសាច​ក្រហម​នា​រដូវ​កាល​ក្រោយ​។​


ស្របពេល​ជាមួយគ្នា Tottenham Hotspur បាន​យកឈ្នះ Leicester City ក្នុងការ​ប្រកួត​ដែលមាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​សរុប​៩​គ្រាប់​។ ទោះបីជា​យ៉ាងណាក៏ដោយ ការរកបាន​២​គ្រាប់​បន្ថែម​របស់ Harry Kane ក្នុង​ជ័យជម្នះ ៥-៤ មិនអាច​ធ្វើ​ឲ្យ​រូបគេ​ដណ្តើមបាន​ស្បែកជើង​មាស​ប្រចាំ​រដូវ​កាល​នោះឡើយ​។​

​ឱកាស​ដែល Kane កាន់តែ​ខក​នោះ គឺ​ដោយសារតែ Mohamed Salah បន្ត​បង្កើន​រក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​ទៀត​ក្នុង​ជ័យជម្នះ ៤-០ លើ​ភ្ញៀវ Brighton​។ ជោគជ័យ​របស់ Liverpool ធ្វើ​ឲ្យ​ពួកគេ​ទទួលបាន​កៅអី​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​ពានរង្វាន់ Champions League នា​រដូវ​កាល​ក្រោយ បើទោះបីជា​លទ្ធផល​វគ្គ​ផ្តាច់ព្រ័ត្រ UCL របស់​ពួកគេ​ជាមួយ Real Madrid ទទួលបាន​បែបណាក៏ដោយ​។ Salah ដែល​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​រដូវ​កាល បាន​ស៊ុត​បាល់​បញ្ចូល​ទី​ជា​កំណត់ត្រា​រហូតដល់​ទៅ​៣២​គ្រាប់ ខណៈ Kane មាន​៣០​គ្រាប់​។​


តាមពិតទៅ​លទ្ធផល​របស់ Liverpool បានកំណត់​ទីតាំង​របស់ Chelsea រួចទៅហើយ ប៉ុន្តែ​តោ​ខៀវ​ខ្លួនឯង ក៏បាន​ខកខាន​រក​ពិន្ទុ​បន្ថែម​ផងដែរ​។ ពួកគេ​បាន​ចាញ់​ម្ចាស់ផ្ទះ Newcastle រហូតដល់​ទៅ​៣​គ្រាប់​។ Chelsea ត្រូវ​ធ្លាក់​ទៅលេង​ក្នុង​ក្របខណ្ឌ Europa League​។ ជាមួយគ្នានេះ អ្នកគាំទ្រ​សារិកា​ព្រៃ បាននាំគ្នា​លើក​បដា​សុំ​ឲ្យ​លោក Rafael Benitez បន្ត​ការដឹកនាំ​ក្រុម​។ គ្រូបង្វឹក​អេ​ស្ប៉ា​ញ​រូបនេះ ក៏​ជា​អ្នក​នាំ Chelsea ឈ្នះ Europa League ផងដែរ កាលពី​៥​ឆ្នាំមុន​។​

Arsenal ដែល​ត្រូវ​លេង​ក្នុង​ក្របខណ្ឌ Europa League ពីរ​រដូវ​កាល​ជាប់​គ្នា​ក្នុងនាម​ជា​ក្រុម​លេខ​៦​នោះ  បាន​យកឈ្នះ​ម្ចាស់ផ្ទះ Huddersfiled ១-០ នា​វត្តមាន​ដឹកនាំ​ចុងក្រោយ​របស់លោក Arsene Wenger​។ វា​ជាការ​ប្រកួត​លើក​ទី​១២៣៥​ដែល​គ្រូបង្វឹក​បារាំង​រូបនេះ បាន​ដឹកនាំ​កាំភ្លើង​ធំ​។ អ្នកគាំទ្រ​ក្រុម​ទាំងពីរ​សុទ្ធតែ​បង្ហាញ​ពី​ក្តី​ស្រឡាញ់​របស់ខ្លួន​ចំពោះ​លោក Arsene ដែល​បាន​ប្រឡូក​អាជីព​ជាមួយ Arsenal អស់​រយៈពេល​២២​ឆ្នាំ​។​


Burnley បានដែ​លកក់​កៅអី​នៅ Europa League ក្នុងនាម​ជា​ក្រុម​លេខ​៧​តាំងពី​សប្តាហ៍​មុន​នោះ បែរជា​ចាញ់ Bournemouth ២-១ ។ ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Sean Dyche មិន​ទទួល​សម្ពាធ​ខ្លាំង​នោះឡើយ ពីព្រោះ​ពួកគេ​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ដំណើរ​ផ្សេង​ព្រេង​ក្នុង​ក្របខណ្ឌ​អឺរ៉ុប​ក្រោយ​អវត្តមាន​អស់​រយៈពេល​៥១​ឆ្នាំ​។​

​ជំនួប​ផ្សេងទៀត​រួមមាន West Ham ឈ្នះ Everton ៣-១ Crystal Palace បំបាក់​ក្រុម​បាត​តារាង West Brom ២-០ ខណៈ Stoke City បានទទួល​ជ័យជម្នះ​បង្គ្រប់កិច្ច​លើ​ភ្ញៀវ Swansea ២-១ មុន​ពួកគេ​ត្រូវ​បន្តទៅ​ជួបគ្នា​នៅ​ក្របខណ្ឌ Championship​។​

សង្ខេប Premier League៖
ក្រុម​ដែល​បាន​កៅអី Champions League
-Manchester City (​ជើងឯក​)
-Manchester United
-Tottenham Hotspur
-Liverpool

​ក្រុម​ដែល​បាន​កៅអី Europa League
-Chelsea
-Arsenal
-Burnley

​ក្រុម​ដែល​ធ្លាក់​ទៅ Championship
-Swansea City
-Stoke City
-West Bromwich Albion

​ក្រុម​ដែល​ឡើង​ពី Championship:
-Wolverhampton Wanderers (​ជើងឯក​)
-Cardiff City
- ក្រុម​មួយទៀត​ក្នុងចំណោម Fullham, Deby County, Aston Villa, Middlesbrough




Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com