ជាតិ
អន្តរជាតិ
អតីត​ប្រធាន​អង្គភាព​ពុករលួយ​ប្តឹង ណា​ជីប ដែល​ព្យាយាម​បិទ​ការស៊ើបអង្កេត​រឿង​ពុករលួយ​ពេល​ខ្លួន​មានអំណាច​
14, May 2018 , 9:19 pm        
រូបភាព
​អតីត​ប្រធាន​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី​លោក Abdul Razak Idris បាន​ចេញមុខ​ដាក់ពាក្យ​ប្តឹង​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ ជុំវិញ​ការប្រើ​អំណាច​ព្យាយាម​បិទ​ការស៊ើបអង្កេត​សំណុំរឿង​ពុករលួយ 1MDB​។



​សំ​ណុំ​រឿង​ពុករលួយ​លុយ​រដ្ឋ 1MDB ដែល​ពាក់ព័ន្ធ​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ ក្តៅ​កាន់តែខ្លាំង​ ក្រោយ​បក្ស​កាន់អំណាច​ចាញ់ឆ្នោត​​។ អតីតមន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ក៏​ចេញមុខ​ដាក់ពាក្យ​ប្តឹង​លោក ណា​ជីប ថែមទៀត ដោយ​ចោទថា​លោក​ បាន​ប្រើ​អំណាច​បិទ​ការស៊ើបអង្កេត​កន្លងមក​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Abdul Razak Idris ដែល​ធ្លាប់​ធ្វើជា​ប្រធាន​គណៈកម្មការ​ប្រឆាំង​ពុករលួយ​ ក្នុង​អាណត្តិ​លោក ណា​ជីប បាន​បញ្ជាក់ថា អតីត​នាយករដ្ឋមន្ត្រី ​បាន​ប្រើប្រាស់​អំណាច​របស់ខ្លួន​ បិទ​ចោលការ​ស៊ើបអង្កេត​ពេញលេញ ​និង​ឯករាជ្យ​មួយ​ ជុំវិញ​ករណី​ពុករលួយ 1MDB ដោយ​ដោយមាន​ការជួយ ​ពី​មន្ត្រី​ស្ថាប័ន​ផ្សេង​ទៀតផង​។​

«​ខ្ញុំ​ធ្វើ​របាយការណ៍​នេះ​ឡើង ដើម្បី​ឲ្យ​ការស៊ើបអង្កេត​លើ​ករណី​ពុករលួយ លាង​លុយ និងការពាក់ព័ន្ធ​មូលនិធិ 1MDB នោះ​ត្រូវគេ​ស៊ើបអង្កេត និង​បន្ត​នីតិវិធី​ឡើងវិញ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Abdul Razak​។

​អតីត​ប្រធាន​អង្គភាព​ពុករលួយ​នេះ​បន្តថា ទោះ​មាន​ក្តីបារម្ភ​ពី​សុវត្ថិភាព​លោក​ក៏ដោយ លោក​មិន​រារែក​ នឹង​បន្ត​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ឡើយ​។ លោក​ក៏​ចង់ឃើញ​អតីត​មេដឹកនាំ​ម៉ាឡេស៊ី ណា​ជីប ប្រកាស​រាល់​ទ្រព្យសម្បត្តិ ​ដែល​លោក​មាន​ផងដែរ​។ លោក​បញ្ជាក់​ដូច្នេះ​៖ «​មាន​ខ្លះ​បារម្ភ​ពី​ខ្ញុំ​ ដោយសារ​ខ្ញុំ​ហ៊ាន​ចេញ​របាយការណ៍​ប្តឹង ​អតីត​មេ​ខ្ញុំ​។ ប៉ុន្តែ​នេះ​ ជាការ​ពិត​។ ខ្ញុំ​មាន​អាយុ ៦៩ ឆ្នាំ​ទៅហើយ ហើយ​បើ​ខ្ញុំ​ស្លាប់ ក៏​ស្លាប់​ដើម្បី​ប្រទេស​ខ្ញុំ​ដែរ​»​។

​បង្កើត​ក្នុង​ឆ្នាំ​២០០៩ មូលនិធិ 1MDB មាន​គោលដៅ​ប្រែក្លាយ​ទីក្រុង​គួ​ឡា​ឡាំ​ពួរ​ ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ និង​ជំរុញ​សេដ្ឋកិច្ចជាតិ​ តាមរយៈ​ការវិនិយោគ​យុទ្ធសាស្ត្រ​។ ប៉ុន្តែ​គេ​ចោទថា ឆ្នាំ ២០១៣ លុយ​៦៨១ លាន​ដុល្លារ​ នៃ​មូលនិធិ​នេះ ​ត្រូវបាន​ផ្ទេរ​ទៅកាន់​គណនី​ធនាគារ​របស់លោក​។ ប៉ុន្តែ​លោក​បាន​បដិសេធ​ការចោទប្រកាន់​នេះ​រហូតមក​។  

​ក្រោយមក​គេ​ឃើញ​មានការ​ស៊ើបអង្កេត​ដែរ ប៉ុន្តែ​ការស៊ើបអង្កេត​នេះ​ បាន​នាំ​ឲ្យ​មានការ​សន្និដ្ឋានថា លោក ណា​ជីប​ ជា​មនុស្ស​ស្អាតស្អំ​ គ្មាន​ពាក់ព័ន្ធ​អំពើពុករលួយ​ឡើយ​។ យ៉ាងណាមិញ គេ​រកឃើញថា ឯកសារ​សំខាន់​មួយចំនួន ​ត្រូវបាន​គេ​លាក់បាំង ឬក៏​រឹតបន្តឹង​ការប្រើប្រាស់ ​ក្រោម​ច្បាប់​កិច្ចការងារ​សម្ងាត់​រប​ស់​រដ្ឋ​ផង​។​

​គណបក្សប្រឆាំង Pakatan Harapan ដណ្តើមយក​ជោគជ័យ​ក្នុងការ​បោះឆ្នោត​សភា​ កាលពី​សប្តាហ៍​មុន ដោយមាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ផង​។ ចំណែក​លោក មហា​ធៀ មហាម៉ាត់ ក្រោយ​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី ៧ ភ្លាម លោក​បានប្រកាសថា រដ្ឋាភិបាល​ថ្មី ​នឹង​ស្តារឡើងវិញ ​នូវ​គោល​ការ​នីតិរដ្ឋ ហើយ​បើសិនជា​គេ​រកឃើញថា ​លោក ណា​ជីប មាន​កំហុស​មែន លោក​នឹងត្រូវ​កាត់ទោស​តាមច្បាប់​។ រីឯ មន្ត្រី​ដែលជា​ប្រធាន​ស្ថាប័ន​មួយចំនួន ​ដូចជា​អង្គភាព​ពុករលួយ អយ្យការ និង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ផង​នោះ​ ក៏ត្រូវ​ប្រឈមមុខ​នឹង​វិធានការ​ក្តៅ និង​អាច​ឈានទៅ​ជ្រុះ​តំណែង​ផង​៕



Tag:
 Abdul Razak Idris
  ណា​ជីប រ៉ា​ហ្សា​ក់​
  មហា​ធៀ មហាម៉ាត់​
  1MDB
© រក្សាសិទ្ធិដោយ thmeythmey.com