ជាតិ
បទវិភាគ
គំនាប ឬសម្ពាធបរទេសលែងមានឥទ្ធិពលលើរាជរដ្ឋាភិបាលក្រុងភ្នំពេញ, ហេតុអ្វី? សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។ រូបថត AFP
× ភ្នំពេញ៖ ឆ្លងកាត់សង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍, សេដ្ឋកិច្ចកម្ពុជាចាប់ផ្តើមពីសូន្យក្រោយឆ្នាំ១៩៧៩, ពីសេដ្ឋកិច្ចផែនការមកសេដ្ឋកិច្ចទីផ្សារសេរី, ពីរស់ដោយសារជំនួយមនុស្សធម៌ និងជំនួយអភិវឌ្ឍមួយផ្នែកនាពេលនោះ… នៅពេលនេះ កម្ពុជា បាន និងកំពុងពង្រឹងខ្លួនឯងទាំងសេដ្ឋកិច្ច និងជំហនយោបាយនៅលើឆាកអន្តរជាតិ។ បើទោះបីជាកម្ពុជានៅបន្តត្រូវការជំនួយអភិវឌ្ឍ និងកម្ចីក៏ដោយក្តី ក៏ជំនួយទាំងនោះ លែងជាគំនាប ដែលអាចគាបសង្កត់រដ្ឋាភិបាលក្រុងភ្នំពេញ ដូចកាលពីពេលមុនទៀតហើយ។ មូលហេតុ គឺដោយសារ កម្ពុជានាពេលនេះ អាចងើបឈរ និងឈរបានដោយខ្លួនឯង ទាំងក្នុងវិស័យសេដ្ឋកិច្ច និងការទូត។ នេះ គឺជាហេតុផលមួយចំនួនដែលធ្វើឲ្យគំនាបបរទេសលែងមានឥទ្ធិពលខ្លាំងលើរាជរដ្ឋាភិបាលក្រុងភ្នំពេញ។
កាលពីអតីតកាលក្នុងទសវត្សរ៍៨០ ការគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើរដ្ឋាភិបាលក្រុងភ្នំពេញអាចមានទម្ងន់ខ្លះ។ តែពេលនេះ នៅឆ្នាំ២០១៨ ការគំរាម ឬសម្ពាធនយោបាយនានាទំនងជាលែងមានប្រសិទ្ធភាពទៀតហើយ។ តើកត្តាអ្វីខ្លះដែលជំរុញឲ្យរដ្ឋាភិបាលក្រុងភ្នំពេញព្រងើយកន្តើយនឹងគំនាប ឬសម្ពាធអន្តរជាតិ ទាំងសេដ្ឋកិច្ច និងនយោបាយ?
មុននឹងឆ្លើយទៅនឹងសំណួរនេះ គេគួរស្វែងយល់ពីប្រវត្តិសាស្ត្របន្តិច។ ក្រោយការដួលរលំនៃរបបប៉ុលពតខ្មែរក្រហមឆ្នាំ១៩៧៩, រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានចាប់ផ្តើមកសាងប្រទេសពីបាតដៃទទេជាមួយនឹងសេដ្ឋកិច្ចផែនការ។ រដ្ឋាភិបាលកាលនោះ ត្រដររស់ដោយខ្លួនឯង និងត្រូវបានជួយឧបត្ថម្ភគាំទ្រមួយផ្នែកពីប្រទេសជាមិត្តក្នុងប្លុកកុំម្មុយនីស តែផ្ទុយទៅវិញត្រូវបានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់ប្រទេសលោកខាងលិច។
ក្នុងទសវត្សរ៍៨០ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ដៃម្ខាងកសាងសេដ្ចកិច្ចប្រទេស ដៃម្តាងទៀត ការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ។ កាលនោះ មានដែរជំនួយមនុស្សធម៌ខ្លះៗពីប្រទេសមួយចំនួនដែលគេហៅថា ជាប្រទេសបីតាប្រជាធិបតេយ្យនោះ។ នៅក្នុងពេលនោះដដែល ប្រទេសកម្ពុជាត្រូវបានកសាងឡើងបន្តិចម្តងៗក្នុងគំនាបសេដ្ឋកិច្ច និងនយោបាយពីគ្រប់ទិសទី។
តែទោះជាយ៉ាងណា ថ្នាក់ដឹកនាំកម្ពុជា ពេលនោះ អាចជម្នះឧបសគ្គបានមួយចំនួនធំ ដូចជា ខិតខំកសាងសេដ្ឋកិច្ចពីកម្រិតសូន្យនៅក្រោយឆ្នាំ១៩៧៩ ឲ្យមកមានកំណើនសេដ្ឋកិច្ចខ្លាំងគួរសមចាប់តាំងពីដើមឆ្នាំ១៩៩០ ជាឆ្នាំដែលប្រទេសកម្ពុជារៀបចំការបោះឆ្នោតតំណារាស្ត្រលើកទី១ដោយប្រែក្លាយពីប្រទេសប្រកាន់របបកុំម្មុយនីសទៅជាប្រទេសប្រកាន់របបទីផ្សារសេរី ទាំងសេដ្ឋកិច្ច និងនយោបាយ។
ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣, សកម្មភាពសេដ្ឋកិច្ចក្នុងវិស័យឯកជនកើនឡើង វិសាលភាពសកម្មភាពអង្គការសង្គមស៊ីវិលធំជាងមុន រដ្ឋាភិបាលខ្លួនឯងក៏ចាប់ផ្តើមមានមុខមានមាត់នៅលើឆាកអន្តរជាតិ។ បន្តិចម្តងៗ ព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកសហគមន៍សេដ្ឋកិច្ច និងនយោបាយគ្រប់ទីកន្លែង។ សេដ្ឋកិច្ចកម្ពុជាត្រូវបានធ្វើសមាហរណកម្មទៅក្នុងតំបន់ និងពិភពលោក ហើយនយោបាយការទូក៏កាន់តែបើកទូលាយធំជាងមុន។
នៅឆ្នាំ១៩៩៨, គឺជាឆ្នាំដែលប្រទេសកម្ពុជា ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានកំទេចអង្គការចាត់តាំងនៃរបបប៉ុលពតទាំងស្រុង ហើយចាប់ពីពេលនោះមក ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពទូទាំងប្រទេស។ នេះ គឺជាលើកទី១ដែលព្រះរាជាណាចក្រកម្ពុជាទទួលបានសន្តិភាពទាំងស្រុងក្រោយពេលដែលប្រទេសនេះត្រូវបានយាយីដោយសង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនទសវត្សរ៍។
ចាប់ពីឆ្នាំ១៩៩៣រហូតមកដល់ឆ្នាំ២០១៨នេះ ប្រទេសកម្ពុជាអាចបន្តទទួលបានជំនួយមនុស្សធម៌ខ្លះ, ជំនួយឥតសំណងមួយចំនួន, ជំនួយអភិវឌ្ឍ និងកម្ចីដើម្បីអភិវឌ្ឍប្រទេស។ តែជំនួយមនុស្សធម៌ ឬជំនួយឥតសំណង ត្រូវបានកាត់បន្ថយបន្តិចម្តងៗ ព្រោះ សេដ្ឋកិច្ចកម្ពុជាធ្វើដំណើរទៅមុខកាន់តែប្រសើរ។ ប៉ុន្តែ ចំពោះជំនួយអភិវឌ្ឍ និងកម្ចីអភិវឌ្ឍ កម្ពុជានៅតែត្រូវការដើម្បីពង្រឹង និងពង្រីកសេដ្ឋកិច្ចរបស់ខ្លួន។ តួលេខមួយចំនួនបានបង្ហាញថា កម្ពុជាជាប់បំណុលបរទេសជាង៦ពាន់លានដុល្លារ។ បំណុលនេះត្រូវបានគេអត្ថាធិប្បាយថា មិនទាន់ខ្ពស់នៅឡើយទេ ហើយបំណុលទាំងនេះ គឺជាបំណុលដែលខ្ចីយកមកដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពោលគឺមិនមែនជាបំណុល«វ័ណ្ឌក»នោះទេ។
កាលពីជាង១០ឆ្នាំមុន បស្ចឹមប្រទេសបានដើរតួសំខាន់ក្នុងការផ្តល់ជំនួយឥតសំណង ជំនួយអភិវឌ្ឍ និងកម្ចីដល់ប្រទេសកម្ពុជា។ តែក្រោយមក ជប៉ុនជំនួសតួរនាទីមស្ចឹមប្រទេស និងចុងក្រោយនេះ សាធារណរដ្ឋប្រជាមានិតចិន បានប្រកាសជ្រោងសភាពការណ៍សេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសកម្ពុជា។
វត្តមាន និងការសន្យារបស់ប្រទេសចិនចំពោះព្រះរាជាណាចក្រកម្ពុជា គឺជារឿងមួយ។ ប៉ុន្តែ កម្ពុជាខ្លួនឯង, ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ជាពិសេស, បានសម្រេចគោលនយោបាយសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ស្ទើរគ្រប់វិស័យ។ វិស័យសេវាកម្ម, វិស័យអប់រំ, ហិរញ្ញវត្ថុ, ឧស្សាហកម្ម, ពាណិជកម្ម, កសិកម្ម, សំណង់-អចលនទ្រព្យ, អប់រំ, វិស័យបច្ចេកវិទ្យា, វិស័យទេសចរណ៍។ល។ ទទួលបានការរីកចម្រើនជាបន្តបន្ទាប់។ ធនធានមនុស្សដែលមានគុណភាព ត្រូវបានផលិតក្នុងប្រទេស និងនៅបរទេសយ៉ាងច្រើន ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។
ការរីកចម្រើននេះ បានធ្វើឲ្យប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចប្រមាណជា៧%ជារៀងរាល់ឆ្នាំក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រមាណជា៧%ជារៀងរាល់ឆ្នាំនេះ កម្ពុជាបានកាត់បន្ថយចំនួនអ្នកក្រីក្ររស់នៅក្រោមបន្ទាត់ភាពក្រីក្រពី៤៧%កាលពីឆ្នាំ២០០៧ មកនៅត្រឹមតែប្រមាណជា១៣.៥%កាលពីឆ្នាំ២០១៤កន្លមកនេះ។ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗមានចំនួនជាង១០០០ដុល្លារ/ឆ្នាំនាពេលបច្ចុប្បន្ន។ កំណើនសេដ្ឋកិច្ចក្នុងកម្រិតនេះ បានមកពីការវិនិយោគទុនក្នុងស្រុក និងអ្នកវិនិយោគផ្ទាល់ពីបរទេស។ កាលពីពេលមុន សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើទីផ្សារ និងអ្នកវិនិយោគពីក្រៅប្រទេសច្រើន។ តែពេលនេះ ការវិនិយោគក្នុងស្រុក និងតម្រូវការក្នុងស្រុកមានទំហំធំជាងមុន។ ចំណុចចុងក្រោយនេះ ធ្វើឲ្យឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជាអាចឈររស់ដោយខ្លួនឯង និងអាចកាត់បន្ថយបន្តិចម្តងៗពីការពឹងផ្អែកទាំងស្រុងលើទីផ្សារបរទេស។ និយាយឲ្យសាមញ្ញមានន័យថា កម្ពុជាបានក្លាយជាប្រទេសផលិតដើម្បីនាំចេញ និងផលិតដើម្បីប្រើប្រាស់ខ្លួនឯង ព្រោះ អំណាចទិញនៃអ្នកក្នុងស្រុកកាន់តែធំជាងមុន។ កម្ពុជា, នាពេលបច្ចុប្បន្ននេះ, ត្រូវបានអ្នកខ្លះវាយតម្លៃថា មិនមែនជាប្រទេស«ចាំតែទិញពីគេទេ» តែជាប្រទេសផលិតដើម្បីនាំចេញដែរ។
ដោយសារតែកម្លាំងសេដ្ឋកិច្ចកម្ពុជាល្អប្រសើរគ្រាន់បើជាងមុន ភូមិសាស្ត្រនយោបាយតំបន់ និងពិភពលោកអំណោយផលផងនោះ ការគំរាមដាក់សម្ពាធនយោបាយ និងសេដ្ឋកិច្ចពីសំណាក់ប្រទេសនានាលែងសូវមានឥទ្ធិពលមកលើរដ្ឋាភិបាលក្រុងភ្នំពេញដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទៀតហើយ។ ជាក់ស្តែង វិបត្តិនយោបាយចុងក្រោយជាមួយគណបក្សប្រឆាំងសង្គ្រោះជាតិ ជម្លោះពាក្យសម្តីការទូតជាមួយសហរដ្ឋអាមេរិក និងមស្ចឹមប្រទេសយ៉ាងណាក៏ដោយ ក៏គេមិនទាន់ឃើញគណបក្សប្រជាជនដែលកំពុងដឹកនាំប្រទេសបន្ទន់ឥរិយាបទឡើយ។ ការមិនបន្ទន់ឥរិយាបទរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលនេះ ត្រូវបានគេគិតថា សម្តេច ហ៊ុន សែន ចង់ឈរដោយខ្លួនឯង។ សម្តេច ហ៊ុន សែន ធ្លាប់បានប្រកាសជាច្រើនលើកច្រើនសារហើយថា សម្ពាធបរទេសគ្មានប្រសិទ្ធភាពឡើយចំពោះរូបលោក ព្រោះ លោកធ្លាប់ដឹកនាំ និងកសាងប្រទេសពីបាតដៃទទេក្រោយរបបប៉ុលពតឆ្នាំ១៩៧៩។
ជំហររឹងមាំរបស់សម្តេច ហ៊ុន សែន ចំពោះបស្ចឹមប្រទេសមួយចំនួន ត្រូវបានគេមើលឃើញថា ក៏ដោយសារតែរដ្ឋាភិបាលក្រុងភ្នំពេញទទួលបានការគាំទ្រពីមហាអំណាចសាធារណៈរដ្ឋប្រជាមានិតចិន និងប្រទេសធំៗមួយចំនួនផ្សេងទៀត ទាំងសេដ្ឋកិច្ច និងនយោបាយការបរទេស។ ពឹងគេជារឿងមួយ តែសម្តេច ហ៊ុន សែន ប្រកាន់ជំហររឹងមាំ ក៏ព្រោះតែកម្ពុជានាពេលនេះ អាចរស់ដោយខ្លួនឯង ខុសពីបរិបទទសវត្សរ៍ឆ្នាំ៨០៕
(ទស្សនខាងលើនេះ គឺជាការបញ្ចេញមតិរបស់អ្នកនិពន្ធ)
(រូបថតអចលនទ្រព្យទទួលបានពីគេហទំព័រ៖ www.realestate.com.kh)
Tag:
ទស្សនៈ
គំនាបបរទេស
សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com