ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
មេបក្ស​៥ ក្នុងចំណោម​២០ មិន​ឈរ​ជា​តំណាងរាស្ត្រ​
24, May 2018 , 10:55 am        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក ខឹម វាសនា, លោក ក្រវ៉ាញ ដារ៉ន, លោក លន់ រិទ្ធ, លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង និងលោកស្រី សុខ រ័ត្នសុវណ្ណបច្ចៈសីលា
ពីឆ្វេងទៅស្តាំ៖ លោក ខឹម វាសនា, លោក ក្រវ៉ាញ ដារ៉ន, លោក លន់ រិទ្ធ, លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង និងលោកស្រី សុខ រ័ត្នសុវណ្ណបច្ចៈសីលា
ដោយ: ថ្មីៗ
​ប្រធាន​គណបក្ស​៥ ក្នុងចំណោម​គណបក្ស​២០ មិន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាង​រា​ស្ត ក្នុងការ​បោះឆ្នោត​នីតិកាល​ទី​៦​នេះឡើយ​។ អ្នក​ទាំង​៥​នោះ គឺ​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ក្រវ៉ា​ញ ដា​រ៉​ន ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក លន់ រិ​ទ្ធ ប្រធាន​គណបក្ស​ខ្មែរ​សាធារណរដ្ឋ លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​លោកស្រី សុខ រ័ត្ន​សុវណ្ណ​ប​ច្ចៈ​សីលា ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​។



​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ការសម្រេចចិត្ត​មិន​ឈរឈ្មោះ​នេះ គឺជា​សិទ្ធិ​របស់​ប្រធាន​គណបក្ស​ទាំងនោះ​។ លោក និយាយ​ដូច្នេះ​ថា​៖«​ការសម្រេចចិត្ត​របស់​ពួកគាត់ ជា​រឿង​ធម្មតា​ទេ មិនមាន​អ្វី​គួរ​ឲ្យ​ប្លែក​ទេ​។ គណបក្ស​របស់​ពួកគាត់ ចង់​ដាក់​ឬ​មិន​ដាក់​អ្នកណា​ឲ្យ​ឈរឈ្មោះ ជា​សិទ្ធិ​របស់​ពួកគាត់​។ ច្បាប់ អត់​មានចែង ឬ​អត់​មាន​ហាមឃាត់​ទេ​»​។

​ក្រៅពី​ប្រធាន​គណបក្ស​ទាំង​៤​ខាងលើ ប្រធាន​គណបក្ស​១៥​ទៀត សុទ្ធតែ​បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​។ គណបក្ស​១៥ រួមមាន គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់អំណាច គណបក្ស​យុវជន​កម្ពុជា​របស់លោក ពេជ្រ ស្រស់ គណបក្ស​សញ្ជាតិ​កម្ពុជា​របស់លោក សេង សុ​ខេង គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់លោក ញឹក ប៊ុនឆៃ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ គណបក្ស​ខ្មែរ​តែមួយ​របស់លោក កែម រិ​ទ្ធិ​សិត គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់លោក យ៉េ​ង វីរៈ គណបក្ស​ពន្លឺ​ថ្មី​របស់លោក នួន សុខា​វី គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់លោក ម៉ម សូណង់ដូ គណបក្ស​ធម្មាធិបតេយ្យ​របស់លោក​ស្រី ពោធិ​តី សាវត្ថី គណបក្ស​មាតុភូមិ​យើង​របស់លោក​លោក ច័ន្ទ ប៊ុន​ហន គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់លោក ហួន រាជ​ចំរើន គណបក្ស​ឆន្ទៈ​ខ្មែរ​របស់លោក គង់ មុនី​កា គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​របស់​លោក ប្លា​ង ស៊ីន និង​គណបក្ស​រស្មី​ខេមរា​របស់លោក​ស៊ិន សុភាព​។

​គួររម្លឹកថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ ប្រមុខ​រដ្ឋាភិបាល ប្រកាសថា កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត នឹងមិន​ប្រែប្រួល​ឡើយ​៕

អត្ថបទទាក់ទង

 

Tag:
 ​បោះឆ្នោត​
  បក្ស​
  គជប​
  ហង្ស ពុទ្ធា
© រក្សាសិទ្ធិដោយ thmeythmey.com