អន្តរជាតិ
រដ្ឋាភិបាល​មហា​ធៀ នឹងដាក់​បម្រាម​ប្រើ​ថង់​ប្លា​សិ្ទ​ក​ទូទាំងប្រទេស តែ​ទុកពេល​មួយឆ្នាំ​ពន្យល់​ប្រជាជន​សិន​
28, May 2018 , 2:18 pm        
រូបភាព
​រដ្ឋាភិបាល​ថ្មី​របស់លោក មហា​ធៀ មហាម៉ាត់ នឹង​បន្ត​អនុវត្ត​ច្បាប់​ហាមឃាត់​ការប្រើប្រាស់​ស្បោង​ប្លា​ស្ទិ​កនៅ​ទូទាំងប្រទេស​ដើម្បី​ដោះស្រាយ​បញ្ហា​បំពុលបរិស្ថាន​។ ប៉ុន្តែ​រដ្ឋាភិបាល​នេះ​ត្រូវការ​ពេល​មួយឆ្នាំ​សិន​ដើម្បី​ចុះ​អប់រំ និង​ពន្យល់​ប្រជាជន​ឲ្យ​បាន​យល់ច្បាស់​ពី​ចំណាត់ការ​រដ្ឋាភិបាល និង​ប្រយោជន៍​នៃ​ការឈប់​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​។

 


​ដូច​បាន​សន្យា​ក្នុងការ​ឃោសនា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក មហា​ធៀ មហាម៉ាត់ នឹង​ផ្តោត​សំខាន់​ការដោះស្រាយ​បញ្ហា​បំពុលបរិស្ថាន​ជាពិសេស​ការបោះ​ចោល​សំណល់​ថង់​ប្លា​ស្ទិ​ក​តែម្តង​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្នុង​រយៈពេល​មួយ​ទៅទៀត រដ្ឋាភិបាល​ក្រុង​គូ​ឡា​ឡាំ​ពួរ នឹង​ចាប់ផ្តើម​អនុវត្ត​ការហាមឃាត់​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ទូទាំងប្រទេស​។​

​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ម៉ាឡេស៊ី Malaysiakini រដ្ឋមន្ត្រី​ថ្មី​ទទួលបន្ទុក​លំនៅដ្ឋាន​និង​រដ្ឋបាល​មូលដ្ឋាន​លោកស្រី  Zuraida Kamaruddin បាន​លើកឡើងថា វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវមាន​ការហាមឃាត់​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​។​

​ប៉ុន្តែ​លោកស្រី​បានលើកឡើង​ពី​សារសំខាន់​ក្នុងការ​បញ្ជៀប​ចំណេះដឹង​ក្នុងចំណោម​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ​ពាក់ព័ន្ធ​នឹង​គោលបំណង​របស់​រដ្ឋាភិបាល​ក្នុងការ​ហាមឃាត់​ថង់​ប្លា​ស្ទិ​ក​នេះ​សិន​។ លោកស្រី​កត់សម្គាល់ថា មកដល់​បច្ចុប្បន្ន​ការយល់ដឹង​របស់​ប្រជាជ​នៅមានកម្រិត​ទាប បើទោះជា​រដ្ឋាភិបាល​ធ្លាប់បាន​ដាក់ចេញ​ការហាមឃាត់​ការប្រើ​ថង់​នៅ​គូ​ឡា​ឡាំ​ពួរ​, Putrajaya, Selangor, Melaka និង​Johor ក៏ដោយ​។

«​ប្រជាជន​ម៉ាឡេស៊ី​យើង​នៅមាន​ឥរិយាបថ​មួយ​ចូលចិត្ត​អ្វី​ងាយស្រួល​។ ពួកគេ​ចង់​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ដោយ​អាច​យួរ​របស់​មក​ផ្ទះ​បាន​ស្រួល​។ ដូច្នេះហើយ រដ្ឋាភិបាល​ត្រូវការ​ពេលខ្លះ​ដើម្បី​ពន្យល់ និង​អប់រំ​ប្រជាជន​សិន​។ និយាយ​ទៅ ផ្តល់​ពេល​ឲ្យ​ខ្ញុំ​មួយឆ្នាំ​អាច​ល្មម​»​។​

​លោកស្រី​បន្ថែមថា​ដោយសារ​ប្រជាជន​ខ្លះ​ធ្លាប់​បានលឺ​ហើយពី​ការហាម​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​។ ដូច្នេះ វា​ប្រហែលជា​អាចអនុវត្ត​វិធានការ​នេះ​បាន​លឿន បើសិនជា​អាជ្ញាធរ​ចាប់ផ្តើម​ចុះ​ណែនាំ និង​ចុះ​ពន្យល់​ប្រជាជន​បាន​លឿន​នោះ​។

​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ស្រង់​សម្តី​សមាគម​រោងចក្រ​ម៉ាឡេស៊ី​ដែល​ផលិត​ថង់​ប្លា​ស្ទិ​កថា នៅ​ម៉ាឡេស៊ី​ប្រជាជន​ម្នាក់​ប្រើប្រាស់​ថង់​យ៉ាងហោចណាស់​ក៏ ៣០០​ដែរ​រៀងរាល់ឆ្នាំ​។ វា​បង្ហាញថា បរិមាណ​ថង់​ដែល​ត្រូវគេ​បោះ​ចូល​នោះ​នឹង​បំពុលបរិស្ថាន​ខ្លាំង បើសិនជា​គ្មាន​វិធានការ​ទេ​។

 កាលពី​កុម្ភៈ​ដើមឆ្នាំ​នេះ លោក មហា​ធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រី​ទី ៧ របស់​ម៉ាឡេស៊ី បាន​រិះគន់​រដ្ឋាភិបាល​លោក ណា​ជីប រ៉ា​ហ្សា​ក់ ដែល​អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​ថង់​ឡើងវិញ​នៅ​រដ្ឋ Selangor ដោយ​លោក​ចាត់ទុកថា វា​ជា​រឿង​អាក្រក់​សម្រាប់​អនាគត​ម៉ាឡេស៊ី​។ សម្រាប់​លោក​ផ្ទាល់ គោលនយោបាយ​គាំទ្រ ថង់​ដែល​អាច​ប្រើប្រាស់​ឡើងវិញ (reusable plastic bags) បាន​នោះ​គួរ​ជា​អ្វីដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី​ត្រូវ​យកមកអនុវត្ត​។

​តាមពិតទៅ សំណល់​ប្លា​ស្ទិ​ក​ជា​កង្វល់​ធំ​បំផុត​របស់​ពិភពលោក​។ រាល់​ឆ្នាំ​សំណល់​នេះ​មាន​ចន្លោះ​ពី ៥០០​ពាន់​លាន​ទៅ ១​ទ្រី​លាន​ថង់​ប្លា​ស្ទិ​ក​ត្រូវគេ​ប្រើប្រាស់​លើ​ពិភពលោក ហើយ​មាន​ត្រឹមតែ ១០​ភាគរយ​ប៉ុណ្ណោះ​ដែល​ត្រូវគេ​ប្រើប្រាស់​ឡើងវិញ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ថង់​ច្រើនជាង ៨​លាន​តោន​ដែល​គេ​ប្រើ​នោះ​ត្រូវបាន​គេ​បោះ​ចូលក្នុង​សមុទ្រ​រៀងរាល់ឆ្នាំ ហើយ​អ្នកជំនាញ​បារម្ភ​ថា នៅត្រឹម​ឆ្នាំ ២០៥០ នៅក្នុង​សមុទ្រ​មាន​ថង់​ច្រើនជាង​ចំនួន​ត្រី​ផង​(​បើ​គិត​លើ​ទម្ងន់​)៕


Tag:
 មហា​ធៀ មហាម៉ាត់​
  ថង់​ប្លា​ស្ទិ​ក​
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com