FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
តវ៉ា​មាន​ប្រសិទ្ធភាព​! កីឡាករ​ប៉េ​រូ Guerrero មាន​សិទ្ធិ​លេង World Cup វិញ​ហើយ​
01, Jun 2018 , 11:39 am        
រូបភាព
Paolo Guerrero មាន​សិទ្ធិ​ចូលរួម​ជាមួយ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ប៉េ​រូ​ដើម្បី​ធ្វើដំណើរ​ទៅ​ប្រកួតប្រជែង​ពានរង្វាន់ FIFA World Cup នៅ​រុស្ស៊ី​វិញ​ហើយ ក្រោយ​តុលាការ​ស្វី​សលុប​បម្រាម​របស់ខ្លួន​លើ​ការរារាំង​មិន​ឲ្យ​កីឡាករ​រូបនេះ មាន​សកម្មភាព​បាល់ទាត់​រយៈពេល​១៤​ខែ ពីបទ​ពាក់ព័ន្ធ​ករណី​ផ្ទុក​សារធាតុ​ហាមឃាត់​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។​



​ទីបំផុត Guerrero អាចមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​ជា​លើកដំបូង​របស់ខ្លួន បន្ទាប់ពី​តុលាការ​ស្វ៊ី​ស​បានសម្រេច​យល់ព្រម​លើកលែង​បម្រាម​លើ​ប្រធាន​ក្រុម​ជម្រើសជាតិ​ប៉េ​រូ​រូបនេះ​បណ្ដោះអាសន្ន​សិន ដើម្បី​ពិចារណា​ការប្ដឹង​ឧទ្ធរណ៍​លើ​បម្រាម​ខាងលើ ទៅ​ថ្ងៃក្រោយ​វិញ​។

​តុលាការ​ខាងលើ​លើកឡើងថា​ការពិន័យ​នេះ​ហាក់​មិន​សម​ហេតុផល​ដែរ​ចំពោះ​ខ្សែប្រយុទ្ធ​ក្រុម Flamengo ដែល​ត្រូវ​ខកខាន​ក្នុង​ព្រឹត្តិការណ៍ World Cup ជា​លើកដំបូង និង​ប្រហែលជា​លើកចុងក្រោយ​ទៀតផង​នោះ ទើប​សម្រេច​ឲ្យ​របស់គេ​មាន​សេរីភាព​លេង​នៅ​រុស្ស៊ី​ខែក្រោយ​នេះ​។​

​ខ្សែប្រយុទ្ធ​វ័យ​៣៤​ឆ្នាំ ត្រូវបាន​ហាមឃាត់​ក្នុង​សកម្មភាព​កីឡាបាល់ទាត់​រយៈពេល ១៤ ខែ កាលពី​ថ្ងៃទី​១៤ ខែឧសភា​ពី​សំណាក់​តុលាការ​អាជ្ញាកណ្តាល​កីឡា (CAS) ក្រោយ​ធ្វើតេស្ត​រកឃើញថា​មាន​ផ្ទុក​សារធាតុ​កូកាអ៊ីន ដែល​នឹងធ្វើ​ឲ្យ​រូបគេ​ខក​ខានទៅ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ប៉េ​រូ​ក្នុង​ការប្រកួត​បាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី​ខែក្រោយ​នេះ​។​

​មុនពេល​លុបចោល​ការហាម​ប្រាម​នេះ ក៏មាន​ការតវ៉ា​ពី​សំណាក់​ប្រធាន​ក្រុម​ជម្រើសជាតិ​៣​រូប​ដែល​ស្ថិតក្នុង​ពូ​ល C ជាមួយ​ប៉េ​រូ រួមមាន Mile Jedinak របស់​អូស្ត្រាលី Simon Kjaer របស់​ដា​ណឺ​ម៉ាក និង Hugo Lloris អ្នកចាំទី​បារាំង​បាន​សរសេរ​លិខិត​រួមគ្នា​ទៅកាន់ FIFA សុំ​ឲ្យ​ពួកគេ​លើកលែង​បម្រាម​នេះដែរ​។ ក្រៅពីនោះ ក៏មាន​ការតវ៉ា​ពី​ប្រជាជន និង​ប្រធានាធិបតី​ប៉េ​រូ​ផ្ទាល់​ផងដែរ​ដើម្បី​សុំ​ឲ្យ Guerrero បានបង្ហាញ​ខ្លួន​សម្រាប់​ក្រុម​ជម្រើសជាតិ​នៅ World Cup លើក​ទី​២២​នេះ​។​

​ក្រុម​ជម្រើសជាតិ​ប៉េ​រូ ស្ថិតក្នុង​ពូ​ល C ដែល​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​បារាំង អូស្ត្រាលី និង​ដា​ណឺ​ម៉ាក​។ ការប្រកួត​ដំបូង​របស់​ពួកគេ​នឹងត្រូវ​ជួប​ដា​ណឺ​ម៉ាក​នៅ​ថ្ងៃទី​១៦ ខែមិថុនា វេលា​ម៉ោង ១១​យប់​(​ម៉ោង​នៅ​កម្ពុជា​)៕



Tag:
 បាល់ទាត់​
  Paolo Guerrero
  FIFA World Cup
  GroupC
© រក្សាសិទ្ធិដោយ thmeythmey.com