អន្តរជាតិ
លោក ដូ​ណា​ល់ ត្រាំ ទន្ទឹងរង់ចាំ​សំបុត្រ​លោក គីម ជុង​អ៊ុន ខណៈ​ការចរចា​ដើរទៅ​មុខ​ដោយ​វិជ្ជមាន​
01, Jun 2018 , 8:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង នឹង​ប្រគល់​លិខិត​មួយច្បាប់​របស់​មេដឹកនាំ​កំពូល គីម ជុង​អ៊ុន ទៅ​ឲ្យ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១ ខែមិថុនា​។ អនុប្រធាន​គណៈកម្មាធិកា​រម​ជ្ឈិ​បក្ស​ពលករ​កូរ៉េ គីម យ៉ុង​ឈុ​ល ដែល​កំពុង​ស្ថិតនៅ​អាមេរិក នឹង​ប្រគល់​លិខិត​នេះ​ឲ្យ​លោក ត្រាំ ផ្ទាល់ដៃ​។ អត្ថន័យ​ក្នុង​សំបុត្រ​នេះ​អាចមាន​ជាប់​ទាក់​ទំនង​គម្រោង​ជួបគ្នា​នៅ​ខែក្រោយ ខណៈ​អាមេរិក និង​កូរ៉េខាងជើង​កំពុង​ចរចា​គ្នា​ដើម្បី​ឲ្យ​ជំនួប​នេះ​អាច​លេច​ជា​រូបរាង​បាន​។​



​ចាក​ចេញពី​ទីក្រុង​ញូវយ៉ក លោក គីម យ៉ុង​ឈុ​ល ដៃស្ដាំ​របស់​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នឹងធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី​១ ខែមិថុនា​ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​សេត​វិមាន​។ ជា​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​ទីមួយ​ជាន់​សេត​វិមាន​ក្នុង​រយៈពេល​ជិត​២០​ឆ្នាំ លោក គីម ដែលជា​អតីត​មេ​ចារកម្ម​ផង​នោះ ក៏​នាំយក​សំបុត្រ​មួយច្បាប់​របស់លោក គីម ផ្ញើ​ឲ្យ​លោក ត្រាំ ផងដែរ​។

​លោក គីម ដែល​ក្លាយជា​តួអង្គ​សំខាន់​ក្នុង​ការចរចា​ជាមួយ​អាមេរិក បាន​ទៅដល់​ទីក្រុង​ញូវយ៉ក​ដើម្បី​ចរចា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិករ ម៉ៃ ប៉ុ​ម​ប៉េ​អូ ជុំវិញ​ផែនការ​ជំនួប​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​នៅ​សិង្ហ​បុរី​។ យ៉ាងណាមិញ ក្រោយ​ការចរចា​អស់ពីរ​ថ្ងៃ ភាគី​ទាំង​សង​នៅតែ​មិនទាន់​កំណត់​ច្បាស់​ថា ជំនួប​ថ្ងៃទី​១២ ខែមិថុនា នឹង​ដំណើរការ​តាម​គម្រោង​ឬ​យ៉ាងណា​ឡើយ ប៉ុន្តែ​ទទួលបាន​ផ្លែផ្កា​គួរ​ឲ្យ​កត់សម្គាល់​។​

​លោក ប៉ុ​ម​ប៉េ​អូ ដែល​អះអាង​ពី​ភាពជឿនលឿន​នៃ​ផែនការ​ជំនួប​នៅ​សិង្ហ​បុរី និយាយថា វា​ត្រូវការ​ភាពក្លាហាន​របស់លោក គីម ជុង​អ៊ុន បើ​ចង់​ក្ដាប់​ឱកាស​នេះ​ដែល​មួយជីវិត​មាន​ម្ដង​ដើម្បី​ផ្លាស់ប្ដូរ​ពិភពលោក​។ ក្រោយ​ជំនួប​ជាមួយ​លោក គីម ក្នុង​សណ្ឋាគារ​ក្នុង​ទីក្រុង​ញូវយ៉ក ប្រមុខ​ការទូត​អាមេរិក​សង្កត់​ថា​៖ «​លោក ត្រាំ និង​ខ្ញុំ​ជឿថា លោក​ប្រធាន គីម ជា​ប្រភេទ​មេដឹកនាំ​ដែល​អាច​សម្រេចចិត្ត​តាមផ្លូវ​នេះ ហើយ​ក្នុង​ប៉ុន្មាន​សប្ដាហ៍ និង​ខែ​ខាងមុខ យើង​នឹង​ដឹងថា រឿងនេះ​កើតឡើង​ឬ​អត់​។​»

​ចំណែកឯ​លោក ត្រាំ វិញ​ក៏បាន​ទន្ទឹងរង់ចាំ​សំបុត្រ​របស់​មេដឹកនាំ​កូរ៉េខាងជើង​ដែរ​។ ទោះជា​ព័ត៌មាន​លម្អិត​នៃ​សំបុត្រ​នេះ​មិនទាន់​បញ្ចេញ​ក្ដី គេ​ជឿថា អាចមាន​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​ជួបគ្នា​នៅ​សិង្ហ​បុរី​។ នេះ​ក៏​ព្រោះតែ​ក្នុង​លិខិត​ថ្ងៃទី​២៤ ខែឧសភា ដែល​ជូនដំណឹង​ពី​ការលុបចោល​ជំនួប​ប្រវត្តិសាស្ត្រ​នេះ លោក ត្រាំ បាន​សង្កត់ធ្ងន់ថា បើ​លោក គីម ចង់​ជួប​លោក មេដឹកនាំ​កូរ៉េខាងជើង​អាច​ទូរ​សព្ទ ឬ​សរសេរ​សំបុត្រ​ទៅ​ឲ្យ​លោក​បាន​គ្រប់ពេល​។​

​ជុំវិញ​ជំនួប​នេះ មន្ត្រី​អាមេរិក និង​កូរ៉េខាងជើង​កំពុងតែ​ចរចា​គ្នា​យ៉ាង​ញាប់​ដៃជើង​ទាំង​នៅ​ឧ​ប​ទ្វី​កូរ៉េ និង​និង​សិង្ហ​បុរី​ដើម្បី​ឲ្យ​ជំនួប​នេះ​លេចចេញ​ពិតប្រាកដ​។ ប៉ុន្តែ​លោក ប៉ុ​ម​ប៉េ​អូ នៅតែ​ប្រកាន់​ជំហរ​ប្រុងប្រយ័ត្ន​ដដែល ទោះជា​ការចរចា​នៅ​ញូវយ៉ក​មាន​លទ្ធផល​ល្អ​ក្ដី​។ លោក​ព្រមាន​ថា ដំណោះស្រាយ​បន្ទាន់ ទំនងជា​មិនអាច​រកបាន​ភ្លាម​ឡើយ ព្រោះ​អាមេរិក​ត្រូវ​ជ្រើសរើស​ផ្លូវ​ដែល​ខុសពី​ផ្លូវ​របស​រដ្ឋាភិបាល​មុនៗ​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com