អន្តរជាតិ
កូរ៉េខាងជើង​ដូរ​ក្បាលម៉ាស៊ីន​កងទ័ព ស្របពេល​ឈានទៅ​ចរចា​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​
04, Jun 2018 , 3:32 pm        
រូបភាព
លោក គីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់យោធាក្នុងពិធីខួបទី៧០ ថ្ងៃកំណើតកងទ័ពប្រជាជនកូរ៉េ (រូបភាព AFP)
លោក គីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់យោធាក្នុងពិធីខួបទី៧០ ថ្ងៃកំណើតកងទ័ពប្រជាជនកូរ៉េ (រូបភាព AFP)
​នៅ​កូរ៉េខាងជើង មន្ត្រី​យោធា​កំពូលៗ​បី​រូប បាន​អស់តំណែង​ក្នុងការ​រុះរើ​ក្បាលម៉ាស៊ីន​កងទ័ព ស្រប​ពេលដែល​កូរ៉េខាងជើង និង​អាមេរិក​កំពុង​ជជែក​គ្នា​ពី​ការរំសាយ​នុយក្លេអ៊ែរ​។ នៅ​ថ្ងៃទី​៤ ខែមិថុនា ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap បាន​ស្រង់​សម្ដី​មន្ត្រី​ចារកម្ម​ម្នា​ក់ថា ការផ្លាស់ប្ដូរ​តំណែង​នេះ​ក៏​ទំនងជា​ពង្រឹង​អំណាច​របស់​ប្រមុខ​ដឹកនាំ​កំពូល គីម ជុង​អ៊ុន លើ​យោធា​នៅ​ចំ​ពេលដែល​ស្ថានការណ៍​ក្នុងស្រុក និង​ក្រៅ​ស្រុក​វិ​វត្ត​គួរ​ឲ្យ​កត់សម្គាល់​។



​ដោយ​ស្រង់​ប្រភពពី​មន្ត្រី​ចារកម្ម​មិន​បង្ហាញ​អត្តសញ្ញាណ​ម្នាក់ ទីភ្នាក់ងារ​ព័ត៌មាន Yonhap ផ្សាយ​ថា តំណែង​រដ្ឋមន្ត្រី​កងទ័ព​ប្រជាជន នាយសេនាធិការ​កងទ័ព​ប្រជាជន​កូរ៉េ និង​នាយក​ការិយាល័យ​កិច្ចការ​នយោបាយ​របស់​កងទ័ព ត្រូវបាន​ផ្លាស់ប្ដូរ​។ ការផ្លាស់ប្ដូរ​មន្ត្រី​គ្រាក់ៗ​នេះ អាចជា​ផ្នែក​នៃ​យុទ្ធសាស្ត្រ​ថ្មី​របស់លោក គីម ជុង​អ៊ុន ក្នុងការ​ពង្រីក​អំណាច​ផង និង​ការ​ងាក​ទៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​ផង ខណៈ​ការចរចា​រឿង​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​នឹង​នាំ​ដល់​ការលើកលែង​ទណ្ឌកម្ម​ទៅទៀត​។​

​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង ឧ​ត្ត​ម​សេនីយ៍ ណូ ក្វាង​ឈុ​ល (No Kwang-chol) ដែលជា​អនុរដ្ឋមន្ត្រី​កងទ័ព​ប្រជាជន ក្លាយជា​រដ្ឋមន្ត្រី​ជំនួស​ឧ​ត្ត​ម​សេនីយ៍ ប៉ាក់ យ៉ុង​ស៊ី​ក (Pak Yong-sik) ខណៈ ឧ​ត្ត​ម​សេនីយ៍ រី យ៉ុង​គី​ល (Ri Yong-gil) ក៏​ឡើង​តំណែង​ជានា​យ​សេ​ធិ​ការ​កងទ័ព​ប្រជាជន​កូរ៉េ​ជំនួស​សេនាប្រមុខ​រង រី ម្យុ​ង​ស៊ូ (Ri Myong-su)​។ ឯ​ឧ​ត្ត​ម​សេនីយ៍ គីម ស៊ូ​គី​ល (Kim Su-gil) វិញ​ក៏​ក្លាយជា​នាយក​ការិយាល័យ​កិច្ចការ​នយោបាយ​ជំនួស​ឧ​ត្ត​ម​សេនីយ៍ គីម ជុង​កាក់ (Kim Jong-gak) ដែរ​។​

​ការផ្លាស់ប្ដូរ​ក្បាលម៉ាស៊ីន​យោធា​នេះ ទំនងជា​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​យោធា​មជ្ឈិម​កាលពី​ពាក់កណ្ដាល​ខែឧសភា​កន្ល​ង​មក​។ ប្រមុខ​ដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​យោធា​ដ៏​មាន​ឥទ្ធិពល​នេះ ដោយ​សម្រេច​ផ្លាស់ប្ដូរ​តំណែង​មន្ត្រី​យោធា​ជាច្រើន​ផង​។ កាលនោះ មានតែ​ការផ្លាស់ប្ដូរ​តំណែង​នាយក​ការិយាល័យ​កិច្ចការ​នយោបាយ​ប៉ុណ្ណោះ ដែល​ត្រូវបាន​បញ្ជាក់​ផ្លូវការ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង​។ 

​មន្ត្រី​ចារកម្ម​កូរ៉េខាងត្បូង​ដែល​មិន​បញ្ចេញ​ឈ្មោះ​ដដែល​អះអាងថា ការតែងតាំង​មន្ត្រី​យោធា​ជាន់ខ្ពស់​នេះ ធ្វើឡើង​ស្របពេល​មានការ​ប្រែប្រួល​ក្នុង​ទំនាក់ទំនង​អន្តរ​កូរ៉េ និង​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ ហើយ​ឧ​ត្ត​ម​សេនីយ៍ ណូ ក្វាង​ឈុ​ល ត្រូវបាន​មើលឃើញថា ជា​បុគ្គល​មាន​និន្នាការ​កណ្ដាល​។ ការរុះរើ​នេះ ក៏មាន​គោលដៅ​ត្រួតត្រា​ក្រុម​យោធា​ផង ព្រោះ​ពួកគេ​អាច​ប្រឆាំង​កិច្ចព្រមព្រៀង​រំសាយ​នុយក្លេអ៊ែរ ដែល​អាច​កើតឡើង​ក្នុងជំនួប​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​នៅ​ខែក្រោយ​។​

​លើសពីនោះ មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង​អាចមាន​បំណង​ឲ្យ​កងទ័ព​មាន​តួនាទី​សំខាន់​ក្នុងការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​របស់​ប្រទេស​។ នេះ​ក៏​ព្រោះតែ​នាយក​ការិយាល័យ​កិច្ចការ​នយោបាយ គីម ស៊ូ​គី​ល បាន​អមដំណើរ​លោក គីម ទៅ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ទីក្រុង​មាត់​ឆ្នេរ​នៅ​វ៉ុ​ន​សាន​។ គម្រោង​អភិវឌ្ឍ​នេះ​មាន​គោលដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅ​កូរ៉េខាងជើង​ឲ្យ​ច្រើន ស្របពេល​កំពុង​រង​ទណ្ឌកម្ម​ជុំ​ទិស​ទីនោះ​៕


Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com