អន្តរជាតិ
ក្រោយ​ចូលនិវត្តន៍ ប្រធាន​ក្រុមហ៊ុន Starbucks អាច​នឹង​ឈរឈ្មោះ​ធ្វើ​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០២០
05, Jun 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធាន​ប្រតិបត្តិ​នៃ​ហាង​កាហ្វេ​លំដាប់​ពិភពលោក Starbucks លោក Howard Schultz បានប្រកាស​នៅ​ថ្ងៃ​ចន្ទ ទី ៤ ខែមិថុនា​ថា លោក​សម្រេច​ចូលនិវត្តន៍​ពី​ការងារ​ហើយ​។ គេ​វាយតម្លៃថា អ្នកជំនួញ​រូពនេះ​ប្រហែលជា​នឹង​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២០ តំណាង​បក្ស​ប្រជាធិបតេយ្យ​ផង​។​



​ស្ថិតក្នុង​វ័យ ៦៤ ឆ្នាំ​លោក Schultz បាន​បំពេញការងារ​ជា​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Starbucks បន្ទាប់ពី​លោក​សម្រេច​លាលែង​ពី​តំណែង​ជា​នាយក​ប្រតិបត្តិ​កាលពី​ខែមេសា​ឆ្នាំ ២០១៧​។ លោក​បាន​ផ្ទេរតំណែង​នេះ​ឲ្យ​ទៅ​លោក Kevin Johnson​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Starbucks ផ្ទាល់ លោក Schultz នឹង​ទទួល​តំណែង​ប្រធានកិត្តិយស​របស់​ក្រុមហ៊ុន បន្ទាប់ពី​លោក​ចាកចេញ​នៅ​ចុងខែ​មិថុនា​នេះ​។
​ការប្រកាស​ចូលនិវត្តន៍​ពី​កិច្ចការ​គ្រប់គ្រង​ក្រុមហ៊ុន​របស់លោក Schultz នេះ បង្កើត​ឲ្យ​មានការ​វាយតម្លៃថា លោក​ប្រហែលជា​នឹង​ចូលក្នុង​វិស័យ​នយោបាយ​ក្នុងនាម​ជា​សមាជិក​បក្ស​ប្រជាធិបតេយ្យ ហើយ​ចុងក្រោយ​លោក​នឹង​ឈរឈ្មោះ​ប្រកួត​យក​តំណែង​ប្រធានាធិបតី​ដែល​នឹង​មកដល់​ក្នុងពេល​ពីរ​ឆ្នាំ​ទៀត​នោះ​។

​ពាក់ព័ន្ធ​នឹង​ការចូលនិវត្តន៍ លោក Schultz បាន​ថ្លែងប្រាប់​សារព័ត៌មាន New York Times ថា​លោក​មិនទាន់​សម្រេចចិត្តថា នឹងត្រូវ​ធ្វើ​អ្វី​បន្ត​ទៀតឡើយ ប៉ុន្តែ​លោក​បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ​លោក​បារម្ភ​ខ្លាំង​ពី​ស្ថានភាព​ប្រទេសជាតិ​ជាពិសេស​ការ​បែកខ្ញែក​គ្នា​ខ្លាំង​នៅក្នុង​ប្រទេស​ផង ក៏ដូចជា​គោលជំហរ​អាមេរិក​នៅលើ​ឆាក​អន្តរជាតិ​ផងដែរ​។​

​លោក Schultz និយាយ​ដូច្នេះ​៖«​រឿង​មួយ​ក្នុងចំណោម​រឿង​ជាច្រើន​ទៀត ដែល​ខ្ញុំ​ចង់​ធ្វើ​ក្នុង​ជីវិត​បន្ទាប់​របស់ខ្ញុំ​នោះ គឺកំណត់​ថា ខ្ញុំ​អាចមាន​តួនាទី​បែបណា​ដើម្បី​ជួយ​សង្គម​»​។

​ពេល​សួរថា​តើ​លោក​មាន​គោលដៅ​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ឬ​អត់ លោក Schultz បាន​ឆ្លើយតប​ថា​៖«​ខ្ញុំ​គិតពី​ថា មាន​ជម្រើស​ច្រើន ហើយ​វា​អាច​រួមមាន​ទាំង​ការធ្វើការងារ​ក្នុង​វិស័យ​សាធារណៈ​ទៀត​។ ប៉ុន្តែ​វា​ស្ថិតនៅ​លើផ្លូវ​វែងឆ្ងាយ​ណាស់​ដើម្បី​សម្រេចចិត្ត​។ ខ្ញុំ​ចង់​បម្រើ​ប្រទេសជាតិ ប៉ុន្តែ​វា​មិនមែន​មានន័យថា វា​ទាល់តែ​ខ្ញុំ​ត្រូវ​ឈរឈ្មោះ​ប្រជែង​យក​តំណែង​សាធារណៈ​ដើម្បី​បម្រើ​ជាតិ​ឡើយ​»​។​

​លោក Schultz បាន​ចូល​រួមជាមួយ​ក្រុមហ៊ុន Starbuck នៅ​ឆ្នាំ ១៩៨២ ជា​នាយក​ផ្នែក​ប្រតិបត្តិការ និង​ទីផ្សារ ហើយ​លោក​បាន​ជួយ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​ឈាន​ឆ្ពោះទៅរក​ភាពល្បីល្បាញ​ពាសពេញ​ពិភពលោក និង​មាន​សាខា​នៅ​ប្រទេស ៧៧ លើ​ពិភពលោក​៕


Tag:
 អាមេរិក​
  Howard Schultz
  Starbucks
© រក្សាសិទ្ធិដោយ thmeythmey.com