អន្តរជាតិ
អាមេរិក ឲ្យ​សមាជិក​ណា​តូ​បង្កើន​ទ័ព​និង​សព្វាវុធ​ដើម្បី​ត្រៀម​ទប់ទល់​ការ​គំរាម​របស់​រុស្ស៊ី​
06, Jun 2018 , 7:39 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិអាមេរិក ជេម ម៉ាធីស ជជែកជាមួយអគ្គលេខាធិការបក្សសម្ព័ន្ធយោធាណាតូ Jen Stoltenburg (រូបភាព AFP)
រដ្ឋមន្ត្រីការពារជាតិអាមេរិក ជេម ម៉ាធីស ជជែកជាមួយអគ្គលេខាធិការបក្សសម្ព័ន្ធយោធាណាតូ Jen Stoltenburg (រូបភាព AFP)
​អាមេរិក​កំពុង​រៀបចំ​ផែនការ​ទាមទារ​ឲ្យ​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​ទាំងអស់​បង្កើន​ចំនួន​ទ័ព និង​សព្វាវុធ​ឲ្យ​បាន​ច្រើន​ដើម្បី​ត្រៀមលក្ខណៈ​ប្រយុទ្ធ​។ ផែនការ​ថ្មី​របស់​អាមេរិក​មាន​គោលដៅ​ទប់ទល់​ការគំរាមកំហែង​របស់​រុស្ស៊ី ដែល​អាមេរិក​អះអាងថា មានបំណង​បែងចែក​អឺរ៉ុប​។ គំនិត​ផ្ដួចផ្ដើម​ថ្មី​របស់​អាមេរិក​លើក​នេះ ទំនងជា​បង្កើត​បញ្ហា​សម្រាប់​រដ្ឋ​សមាជិក​ណា​តូ ដែលមាន​បញ្ហា​បរិមាណ​សព្វាវុធ​ផង ហើយ​យន្តការ​ស្រដៀង​គ្នា​នេះ​ក៏មាន​ស្រាប់​ផង​។



​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស នឹង​ស្វែងរក​ការឯកភាព​ពី​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​ជុំវិញ​ផែនការ​បង្កើន​ចំនួន​យោធា និង​អាវុធ​ដើម្បី​ទប់ទល់​រុស្ស៊ី​។ លោក ម៉ា​ធី​ស នឹង​ប្រមូល​ការគាំទ្រ​ពី​សំណាក់​រដ្ឋមន្ត្រី​ការពារជាតិ​ណា​តូ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ​នៅ​ថ្ងៃទី​៧ ខែមិថុនា នៅ​ទីក្រុង​ព្រុ​ច​សែ​ល​។ មន្ត្រី​អាមេរិក និង​ណា​តូ​និយាយថា អាមេរិក​ក៏​នឹង​ស្វែងរក​ការគាំទ្រ​ពី​ជំនួប​កំពូល​មេដឹកនាំ​ណា​តូ​ក្នុង​កិច្ចប្រជុំ​ខែកក្កដា​ដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រោម​ផែនការ​ថ្មី​ដែល​ស្គាល់​ថា​៣០-៣០-៣០-៣០ សម្ព័ន្ធ​យោធា​ណា​តូ​ត្រូវមាន​កងទ័ព​ចំនួន​៣០​វរ​សេនា​តូច យន្តហោះ​ចម្បាំង​ចំនួន​៣០​កង និង​កប៉ាល់​ចំនួន​៣០​គ្រឿង ហើយ​ត្រូវ​ត្រៀមខ្លួន​ពង្រាយ​ក្នុង​រយៈពេល​៣០​ថ្ងៃ​បន្ទាប់ពី​មាន​បញ្ជា​ឲ្យ​ប្រុង​ជើងការ​។ ចំនួន​ទ័ព​ពិតប្រាកដ ឬក៏​ថ្ងៃ​កំណត់​ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​ថ្មី​នេះ​មិនទាន់បាន​ជជែក​នៅឡើយ​ទេ ខណៈ​ចំនួន​កងទ័ព​ក្នុង​មួយ​វរ​សេនា​តូច​មាន​ចន្លោះ​ពី​៦០០​នាក់​ទៅ​១០០០​នាក់​តាម​ប្រទេស​នីមួយៗ​។​

​អាមេរិក និង​សម្ព័ន្ធ​យោធា​ណា​តូ​បាន​បន្ត​បង្កើន​ការប្រុងប្រៀប​របស់ខ្លួន​ជា​លំដាប់​ក្រោយ​រុស្ស៊ី​លេប​យក​តំបន់​គ្រី​មៀ​ក្នុង​ឆ្នាំ​២០១៤ និង​សមយុទ្ធ​យោធា​ជា​បន្តបន្ទាប់​នៅតាម​ព្រំដែន​នៅ​អឺរ៉ុប​ខាងកើត​។ បន្ទាប់ពីនោះ ណា​តូ​បាន​បង្កើត​កម្លាំង​ឆ្លើយតប​ពិសេស​មួយ និង​បាន​ពង្រាយ​ទ័ព​ចំនួន​៤​វរ​សេនា​តូច​នៅ​ប្រទេស​បាល់​ទិ​ក និង​ប៉ូឡូញ ដែល​គាំទ្រ​ដោយ​យោធា​អាមេរិក និង​អាវុធយុទ្ធភណ្ឌ​ច្រើន​ទៀត​។ ប៉ុន្តែ​គេ​មិនទាន់​ច្បាស់​ថា កម្លាំង​នេះ​អាច​ពង្រាយ​បាន​លឿន​ឬក៏​អាច​ស្ថិត​ស្ថិរ​ដល់ពេល​ណា​ឡើយ​។​

​ស្របគ្នា​នឹង​គ្នា​នេះដែរ បញ្ហា​ប្រឈម​មួយ​នៃ​គម្រោង​របស់​អាមេរិក គឺ​សំណើ​របស់​អាមេរិក​អាច​ត្រូវ​គ្នា​ជាមួយ​គំនិត​ផ្ដួចផ្ដើម​ដែលមាន​ស្រាប់​នៅ​តំបន់​អឺរ៉ុប​ឬ​យ៉ាងណា ស្របពេល​ប្រទេស​អឺរ៉ុប​ក៏មាន​ផែនការ​ជំរុញ​សមត្ថភាព​ប្រយុទ្ធ​របស់ខ្លួន និង​ការធ្លាក់​បរិមាណ​អាវុធ​។ កាលពី​ខែធ្នូ ឆ្នាំមុន អឺរ៉ុប​បាន​បង្កើត​កិច្ចព្រមព្រៀង​មួយ​សំដៅ​អភិវឌ្ឍ​កម្លាំង​ឆ្លើយតប​គ្រោះថ្នាក់ និង​អភិវឌ្ឍ​ឧទ្ធម្ភាគចក្រ ក៏ដូចជា​កប៉ាល់ចម្បាំង​ថ្មី​ផង​។​

​មន្ត្រីការទូត​របស់​ស​ម្ព័​ន្ធ​យោធា​ណា​តូ​ម្នាក់​និយាយថា ចំនួន​កងទ័ព​នៅ​អឺរ៉ុប​មានកំណត់ ដែល​មិនអាច​ឲ្យ​ចូលរួម​ក្នុង​គំនិត​ផ្ដួចផ្ដើម​ទាំងអស់​ឡើយ​។ យ៉ាងណាមិញ បើ​ងាក​ទៅ​មើល​ចំនួន​ទ័ព​របស់​ភាគី​សងខាង រុស្ស៊ី​មាន​យោធា​សកម្ម​ចំនួន​ប្រហែល​៨​សែន​នាក់ ខណៈ​សម្ព័ន្ធ​យោធា​ណា​តូ​វិញ​មាន​ច្រើនជាង​ពីរលាន​នាក់​ឯណោះ​៕


Tag:
 អាមេរិក​
  NATO
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com