អន្តរជាតិ
ពូ​ទីន​៖ ប្រទេស​ដើរ​តាម​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី កំពុង​រងគ្រោះ​ដោយសារ​អាមេរិក​វិញ​ហើយ​
06, Jun 2018 , 10:59 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយចិន (រូបភាពពីគេហទំព័រប្រធានាធិបតីរុស្ស៊ី)
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយចិន (រូបភាពពីគេហទំព័រប្រធានាធិបតីរុស្ស៊ី)
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​សើចចំអក​ឲ្យ​ប្រទេស​ដែល​ដើរ​តាម​អាមេរិក ហើយ​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​ដើម្បី​ឲ្យ​រុស្ស៊ី​ផ្លាស់ប្ដូរ​នយោបាយ​របស់​ខ្លួន​។ ជាមួយ​ការ​អះអាងថា គ្មានអ្វី​ធ្វើ​ឲ្យ​រុស្ស៊ី​ប្រែប្រួល​បាន​នោះ លោក ពូ​ទីន បាន​ឌឺដង​ឲ្យ​ប្រទេស​មួយចំនួន​ដែល​ដាក់​សម្ពាធ​លើ​រុស្ស៊ី​តាម​អាមេរិក​វិញ ថា កំពុង​ប្រឈមមុខ​ទណ្ឌកម្ម​ពី​សំណាក់​អាមេរិក​វិញ​ហើយ​។ ទោះជា​មិន​និយាយ​ចំឈ្មោះ មេដឹកនាំ​រុស្ស៊ី​ទំនង​សំដៅ​អឺរ៉ុប​ដែលជា​សម្ព័ន្ធមិត្ត​អាមេរិក​តែម្ដង​។​



​ទណ្ឌកម្ម​របស់​បស្ចិម​ប្រទេស​ខ្លាំង​មែន តែ​មិនអាច​បង្ខំ​ឲ្យ​រុស្ស៊ី​ផ្លាស់ប្ដូរ​គោលនយោបាយ​ឯករាជ្យ​លើ​ឆាក​អន្តរជាតិ​ឡើយ​។ នេះ​ជា​សម្ដី​របស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ក្នុង​កិច្ច​សម្ភាស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​មុន​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅលើ​ទឹកដី​ចិន​។ លោក ពូ​ទីន ប្រកាស​ជំហរ​រឹងមាំ​ថា រុស្ស៊ី​ក៏​មិន​ទទួលយក​ការដោះដូរ​អ្វីដែល​ប៉ះពាល់​អធិបតេយ្យ​របស់​ខ្លួន​ដែរ​។

​យោងតាម​សារព័ត៌មាន​រុស្ស៊ី RT លោក ពូ​ទីន ជឿថា ទណ្ឌកម្ម​ជាច្រើន​លើ​រុស្ស៊ី​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត​លោកខាងលិច រាប់ទាំង​សហភាព​អឺរ៉ុប​ផង មាន​គោលដៅ​តែមួយគត់ គឺ​បង្អាក់ដំណើរ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​រុស្ស៊ី​។ យ៉ាងណាមិញ ប្រធានាធិបតី​ទើប​កាន់តំណែង​អាណត្តិ​ទី​ពីរ​រូបនេះ​សង្កត់ធ្ងន់ថា គ្មាន​ទណ្ឌ​កម្មណា ឬ​វិធានការ​ណា​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ឲ្យ​រុស្ស៊ី​ផ្លាស់ប្ដូរ​នយោបាយ​របស់​ខ្លួន​បានឡើយ​។

«​ខ្ញុំ​ជឿថា វា​ជា​រឿង​អធិប​តយ្យ​របស់​រុស្ស៊ី​ឬក៏​គ្មាន​រុស្ស៊ី​តែម្ដង​។ ហើយ​ពិតណាស់ ប្រជាជន​រុស្ស៊ី​រើសយក​ជម្រើស​ទីមួយ​។ ខ្ញុំ​គិតថា​ប្រជាជន​ចិន​ក៏​សម្រេចចិត្ត​ដូចគ្នា​ដែរ​។ យើង​គ្មាន​ជម្រើស​ផ្សេង​ឡើយ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក ពូ​ទីន ក្នុង​កិច្ច​សម្ភាស​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី​នៅ​ថ្ងៃទី​៦ ខែមិថុនា​។ មិន​ត្រឹមតែ​មិនអាច​ធ្វើ​អ្វី​រុស្ស៊ី​ឡើយ ការប៉ុនប៉ង​របស់​ប​ស្ចិ​ម​ប្រទេស​ដែល​បំផ្លាញ​សេដ្ឋកិច្ច​រុស្ស៊ី នឹងធ្វើ​ឲ្យ​ប្រទេស​ដើរ​តាម​អាមេរិក​ជួប​បញ្ហា​មិន​ខាន​។​

​ទោះជា​មិនបាន​បញ្ចេញ​ឈ្មោះ​ប្រទេស​ណា​ក្ដី សម្ដី​របស់​មេដឹកនាំ​រុស្ស៊ី​រូបនេះ​ពិតជា​ចង់​សំដៅទៅ​ប្រទេស​អឺរ៉ុប​។ នេះ​ក៏​ព្រោះតែ​រដ្ឋាភិបាល​អាមេរិក​កំពុង​ត្រៀម​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អឺរ៉ុប​ដែលជា​ប់​ពាក់ព័ន្ធ​គម្រោង​សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 2 ដែលជា​បណ្ដាញ​ដឹកជញ្ជូន​ឧស្ម័ន​របស់​រុស្ស៊ី​៥០​ប៊ី​លាន​ម៉ែត្រគូប​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។ ក្រៅពីនេះ ប្រទេស​ខ្លះ​នៅ​អឺរ៉ុប​ក៏​ប្រឈមមុខ​ចំណាត់ការ​ដំឡើង​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​ផង​។​

​ទំនង​ជួប​បញ្ហា​ខ្លួន​ដោយសារ​ដើរ​តាម​អាមេរិក​នោះ ប្រទេស​អឺរ៉ុប​ខ្លះ​ចាប់ផ្ដើម​ធុញទ្រាន់ និង​ចង់​រកស៊ី​ជាមួយ​រុស្ស៊ី​ដូច​មុន​។ សំណើ​លើកលែង​ទណ្ឌកម្ម​លើ​រុស្ស៊ី ត្រូវបាន​ឮជា​ហូរហែ​ពី​ប្រទេស​ជាច្រើន​ដូចជា​អូទ្រីស និង​រដ្ឋាភិបាល​ថ្មី​នៅ​អ៊ីតាលី​ជាដើម​។ សម្រាប់​លោក ពូ​ទីន ទណ្ឌកម្ម​ប៉ះពាល់​លើ​ប្រទេស​ទាំងអស់ រាប់បញ្ចូល​ទាំង​អ្នក​ដែល​បង្កើត​វា​ផងដែរ​៕


Tag:
 ​រុស្ស៊ី​
  អាមេរិក​
  អឺរ៉ុប​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com