ជាតិ
នយោបាយជាតិ
អ្នកនាំពាក្យ៖ លោក សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ ដែលត្រូវជាប់ទោសពី១ទៅ៥ឆ្នាំ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌
× ជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិយសនិងព្រះកិត្តិនាមរបស់ព្រះមហាក្សត្រ ដែលលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរសារនៅលើទំព័រហ្វេសប៊ុកថា ព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាព្រះរាជសារក្លែងក្លាយ។ នេះជាការលើកឡើងរបស់លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌។
លោក គឹម សន្តិភាព បានសរសេរសារលើទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី៦ ខែមិថុនានេះ យ៉ាងដូច្នេះថា៖«ទង្វើរបស់លោក សម រង្ស៊ី ជាការប្រមាថអង្គព្រះមហាក្សត្រ ល្មើសរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ ដែលត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ»។
«លិខិតរបស់ព្រះមហាក្សត្រ ដែលអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ជាលិខិតក្លែងក្លាយទេ […..]។ នេះជាសំណេរបស់លោក សម រង្ស៊ី ដែលសរសេរលើទំព័រហ្វេសប៊ុក។
លោក សម រង្ស៊ី បង្ហោះសារនេះ បន្ទាប់ពីព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ត្រូវបានផ្សព្វផ្សាយ។ ក្នុងព្រះរាជសារ ព្រះមហាក្សត្រ បានមានព្រះបន្ទូលយ៉ាងដូច្នេះថា៖«ខ្ញុំសូមជនរួមជាតិទាំងអស់ មេត្តាប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តលើគណបក្សណាមួយដោយសេរី»។
ចំណែកសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុក ការហាមប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត ថាជាការប្រឆាំងនឹងព្រះមហាក្សត្រ។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីដូចសព្វដង នៅថ្ងៃទី៦ ខែមិថុនានេះ ប្រធានគណបក្សកាន់អំណាច បាននិយាយសំដៅទៅកាន់អតីតប្រធានគណបក្សប្រឆាំង ដែលកំពុងនិរទេសយ៉ាងដូច្នេះថា៖«ឥឡូវគេ ហ៊ានចេញមុនប្រឆាំងជាមួយព្រះរាជសាររបស់ព្រះមហាក្សត្រឬទេ។ បើគេចេញមុខប្រឆាំង កុំភ្លេចថានេះជាទោសពានវាំងតែម្តង [….]»៕
Tag:
បោះឆ្នោត
ព្រះមហាក្សត្រ
គឺម សន្តិភាព
សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com