ជាតិ
ទារិកាដែលត្រូវបានម្តាយយកទៅចោលក្នុងព្រៃអង្គររួចជីវិត ក្រោយយកទៅសង្គ្រោះនៅពេទ្យកុមារអង្គរ
× សៀមរាប៖ ទារិកាដ៏កំសត់ម្នាក់ ត្រូវបានអ្នកភូមិប្រទះឃើញទុកចោលនៅក្នុងព្រៃនៃឧទ្យានអង្គរកាលពីសប្ដាហ៍មុន ដោយមានសភាពគ្រោះថ្នាក់។ ភ្លាមៗ អាជ្ញាធរមូលដ្ឋានបាននាំទារិកានោះទៅសង្គ្រោះនៅមន្ទីរពេទ្យកុមារអង្គរ។
ហេតុការណ៍ខាងលើបានកើតឡើងនៅថ្ងៃទី២ មិថុនា ឆ្នាំ២០១៨ នៅពេលដែលស្ត្រីចំណាស់ពីរនាក់ ដែលរស់នៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ទៅរកអូស ហើយប្រទះនឹងសំឡេងក្មេងយំ និងបានស្វែងរកទើបឃើញទារិកាដ៏កំសត់ខាងលើ ត្រូវគេរុំសំពត់បោះចោលក្នុងព្រៃ។ ទារិកានោះត្រូវបាននាំទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយខ្លួនប្រាណត្រូវស្រមោចខាំ និងមានសភាពគ្រោះថ្នាក់។ តាមការសន្និដ្ឋានរបស់គណៈកម្មការទទួលបន្ទុក គាំពារកុមារ និងស្ត្រី សង្កាត់គោកចក ទារិកានោះអាចត្រូវគេយកមកបោះចោលប្រហែល២ថ្ងៃមកហើយ មុនពេលគេរកឃើញកាលពីថ្ងៃទី២ មិថុនា។
យោងតាមការចុះផ្សាយរបស់យុវជនប្រតិកម្មរហ័សក្រុងសៀមរាប គិតមកដល់ថ្ងៃទី៧ មិថុនា ទារិកាកំសត់ខាងលើបានធូរស្បើយហើយ ក្រោយមានការយកចិត្តទុកដាក់ពីគ្រូពេទ្យ និងស្ដ្រីចំណាស់ដែលប្រទះឃើញក្នុងព្រៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com