អន្តរជាតិ
អឺរ៉ុប​ធ្វើលិខិត​ផ្លូវការ​ស្នើ​ឲ្យ​អាមេរិក​កុំ​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អឺរ៉ុប​រកស៊ី​ជាមួយ​អ៊ីរ៉ង់​
07, Jun 2018 , 8:19 pm        
រូបភាព
ប្រមុខការទូតអឺរ៉ុប អ៊ីរ៉ង់ បារាំង អាល្លឺម៉ង់ និងអង់គ្លេសក្នុងជំនួបកន្លងមក (រូបភាព AFP)
ប្រមុខការទូតអឺរ៉ុប អ៊ីរ៉ង់ បារាំង អាល្លឺម៉ង់ និងអង់គ្លេសក្នុងជំនួបកន្លងមក (រូបភាព AFP)
​សហភាព​អឺរ៉ុប​បានដាក់​លិខិតផ្លូវការ​ស្នើ​ឲ្យ​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ លើកលែង​ទណ្ឌកម្ម​ឲ្យ​ក្រុមហ៊ុន​អឺរ៉ុប​រកស៊ី​ស្របច្បាប់​ជាមួយ​អ៊ីរ៉ង់​។ សំណើ​នេះ ធ្វើឡើង​បន្ទាប់ពី​អាមេរិក​ត្រៀម​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​មិន​ធ្លាប់មាន​លើ​អ៊ីរ៉ង់​ក្រោយ​លោក ត្រាំ សម្រេចចិត្ត​ដក​អាមេរិក​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ជាមួយ​ហេតុផល​ថា វា​ជា​កិច្ចព្រមព្រៀង​ដ៏​អាក្រក់​បំផុត​។ អឺរ៉ុប​សង្ឃឹមថា អាមេរិក​នឹងមាន​ការយោគយល់​ចំពោះ​សម្ព័ន្ធមិត្ត​របស់ខ្លួន​មិន​ខាន​។



​បារាំង អង់គ្លេស អាល្លឺម៉ង់ និង​សហភាព​អឺរ៉ុប​បាន​សរសេរ​លិខិតផ្លូវការ​មួយ​ទៅ​ឲ្យ​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​របស់​អឺរ៉ុប​បន្ត​ការរកស៊ី​ជាមួយ​អ៊ីរ៉ង់ ក៏ដូចជា​ផ្ដល់​ការអនុគ្រោះ​ឲ្យ​ក្រុមហ៊ុន​អឺរ៉ុប​ពី​ការដាក់ទណ្ឌកម្ម​។ លិខិត​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រីការបរទេស និង​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងបី រួមជាមួយ​ស្នងការ​កិច្ចការបរទេស​អឺរ៉ុប និង​ផ្ញើ​ទៅ​ឲ្យ​រដ្ឋមន្ត្រីការបរទេស និង​រតនាគារ​អាមេរិក​។​

​ក្នុង​លិខិតផ្លូវការ​ចុះ​ថ្ងៃទី​៤ ខែមិថុនា រដ្ឋមន្ត្រី​អឺរ៉ុប​បានបង្ហាញ​ការសោកស្ដាយ​ចំពោះ​ការដើរ​ចេញ​របស់​អាមេរិក​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ដែលមាន​អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ ចិន រុស្ស៊ី និង​អ៊ីរ៉ង់​ជា​ហត្ថលេខី​។ កិច្ចព្រមព្រៀង​នេះ​មាន​គោលដៅ​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជា​ថ្នូរ​នឹង​ការព្យួរ​ទណ្ឌកម្មសេដ្ឋកិច្ច​។ ប៉ុន្តែ​លោក ត្រាំ យល់ថា វា​មិន​គ្រប់គ្រាន់​ដើម្បី​ឃុំគ្រង​អ៊ីរ៉ង់​ឡើយ ហើយក៏​គំរាម​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ និង​រាល់​ប្រទេស​ណា​ដែល​រកស៊ី​ជាមួយ​រដ្ឋ​មជ្ឈិមបូព៌ា​មួយ​នេះ​។​


«​ក្នុងនាម​សម្ព័ន្ធមិត្ត យើង​រំពឹងថា អាមេរិក​នឹងមិន​ចាត់វិធានការ​អ្វី​នាំ​ឲ្យ​ប៉ះពាល់​សន្តិសុខ​អឺរ៉ុប​ឡើយ​»​។ នេះ​ជា​ក្ដីសង្ឃឹម​របស់​ប្រទេស​ទាំងបី និង​អឺរ៉ុប​មុន​ដាក់សំណើ​ទៅ​ឲ្យ​អាមេរិក​។ តាមរយៈ​លិខិត​ដដែល​នេះ ប្រទេស​អឺរ៉ុប​បានស្នើ​ឲ្យ​មានការ​លើកលែង​ទណ្ឌកម្ម​គ្រប់យ៉ាង​លើ​ក្រុមហ៊ុន​ដែល​បានចាប់ផ្ដើម​ចរចា ឬ​បញ្ចប់​កិច្ចព្រមព្រៀង​រកស៊ី​ជាមួយ​អ៊ីរ៉ង់​ក្រោយ​ការព្យួរ​ទណ្ឌកម្មសេដ្ឋកិច្ច​ក្រោម​ក្របខណ្ឌ​កិច្ចព្រមព្រៀង​ក្នុង​ឆ្នាំ​២០១៦ ។​

​បន្ថែម​ពីលើ​នេះ រដ្ឋមន្ត្រី​អឺរ៉ុប​ក៏​ស្វែងរក​ការបញ្ជាក់​ពី​អាមេរិក​ជុំវិញ​ការមិន​អនុវត្ត​ទណ្ឌកម្ម​ក្រុមហ៊ុន​ក្នុង​វិស័យ​ឱសថ និង​សុខាភិបាល​ដែរ​។ ពួកគេ​ក៏​សុំ​ឲ្យ​អាមេរិក​ផ្ដល់​ការលើកលែង​ពិសេស​សម្រាប់​វិស័យ​ថាមពល​, យានយន្ត​, អាកាសចរណ៍​ស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា​វិស័យ​ធនាគារ​ផង​។ ការសុំ​ការលើកលែង​នេះ ធ្វើឡើង​ខណៈ​ក្រុមហ៊ុន​អឺរ៉ុប​ខ្លះ​បានសម្រេច​ចិត្ត​ដកខ្លួន​ពី​ទីផ្សារ​អ៊ីរ៉ង់ ហើយ​ខ្លះទៀត​ពិចារណា​ការរកស៊ី​របស់ខ្លួន​ទៀតផង​។​

​តាមពិតទៅ វា​មិនមែនជា​ភ្ញាក់ផ្អើល​ឡើយ​ដែល​អឺរ៉ុប​ប្រឹងប្រែង​សង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នោះ ព្រោះ​អឺរ៉ុប​ទទួលបាន​ប្រយោជន៍​សេដ្ឋកិច្ច​យ៉ាងច្រើន​ក្នុងការ​ធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់​។ ឧស្ម័ន និង​ប្រេង​ដែលមាន​តម្លៃថោក​របស់​អ៊ីរ៉ង់ គឺជា​ផលិតផល​ដែល​អឺរ៉ុប​ត្រូវការ​ខ្លាំង​បំផុត​។ ក្រុមហ៊ុន​អឺរ៉ុប​មិនតិច​ឡើយ​ដែល​រកស៊ី​ចំណេញ​ក្រោយ​ទណ្ឌកម្ម​អន្តរជាតិ​ត្រូវបាន​ព្យួរ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ ដូច្នេះ​ទើប​ទណ្ឌកម្ម​របស់​អាមេរិក​ពិតជា​ប៉ះពាល់​ប្រយោជន៍​អឺរ៉ុប​ខ្លាំង​៕     


Tag:
 អឺរ៉ុប​
  អាមេរិក​
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com