អន្តរជាតិ
បើ​ជំនួប​នៅ​សិង្ហ​បុរី​ជោគជ័យ លោក​ត្រាំ នឹង​អញ្ជើញលោក គីម ទស្សនកិច្ច​អាមេរិក​
08, Jun 2018 , 10:24 am        
រូបភាព
លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបថត AFP
លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបថត AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៧ ខែមិថុនា បាន​បង្ហើប​ពី​លទ្ធភាព​ក្នុងការ​អញ្ជើញ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ទស្សនកិច្ច​នៅ​អាមេរិក បើ​ជំនួប​ទល់មុខ​លើ​ដំបូង​នៅ​សប្ដាហ៍​ក្រោយ​ទទួលជោគជ័យ​។ ប៉ុន្តែ​លោក ត្រាំ ក៏​ព្រមាន​ទុក​មុន​ដែរ​ថា បើ​លទ្ធផល​ជំនួប​នៅ​សិង្ហ​បុរី​ផ្ទុយ​ពីនេះ អាមេរិក​ត្រៀមខ្លួន​រួចស្រេច​ដើម្បី​បង្កើន​សម្ពាធ​ខ្លាំង​ថែមទៀត​លើ​កូរ៉េខាងជើង​។ ការរំសាយ​នុយក្លេអ៊ែរ គឺជា​បញ្ហា​ធំ​នៃ​ជំនួប​ប្រវត្តិសាស្ត្រ​នេះ​។​



​ជំនួប​លើកដំបូង​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង នឹងធ្វើ​ឡើង​នៅ​ដើម​សប្ដាហ៍​ក្រោយ​នៅ​ដែន​កោះ​សិង្ហ​បុរី​។ ការជជែក​ពី​របៀប​រំសាយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង គឺជា​របៀបវារៈ​សំខាន់​ជាងគេ ខណៈ​អាមេរិក និង​កូរ៉េខាងជើង​កំពុង​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​នេះ​។ ច្បាស់​ណាស់​ថា បញ្ហា​នឹងមិន​អាច​ដោះស្រាយបាន​ក្នុង​ការចរចា​លើកទីមួយ​នេះឡើយ ហើយ​លទ្ធផល​វិជ្ជមាន​ឬ​អវិជ្ជមាន​នឹង​ជះឥទ្ធិពល​ខ្លាំង​នៅពេល​ក្រោយ​ទៀត​។​

​សម្រាប់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក្នុងករណី​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​សិង្ហ​បុរី​បរាជ័យ កូរ៉េខាងជើង​នឹងរង​ទុក្ខ​ធ្ងន់​មិន​ខាន​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ នៅ​ថ្ងៃទី​៧ ខែមិថុនា លោក ត្រាំ និយាយថា លោក​នឹង​ដើរ​ចេញពី​កិច្ចប្រជុំ បើ​លោក​យល់ថា ជា​រឿង​ត្រូវធ្វើ ហើយ​លោក​នឹង​បង្កើន​ទណ្ឌកម្ម​ថែមទៀត បើ​ការចរចា​មិន​ដំណើរ​ការល្អ​ទេនោះ ព្រោះ​លោក​ត្រៀមខ្លួន​រួច​អស់ហើយ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បើ​ជំនួប​ថ្ងៃទី​១២ ខែមិថុនា​មាន​ផ្លែផ្កា​ល្អ លោក ត្រាំ អាច​នឹង​ជួប​លោក គីម ម្ដងទៀត​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ម្ដង​។ ជុំវិញ​លទ្ធភាព​នៃ​ការអញ្ជើញ​លោក គីម ទស្សនកិច្ច​នៅ​អ​មេ​រិ​ក ប្រធានាធិបតី​រូបនេះ​បញ្ជាក់ថា​៖ «​បើ​អ្វីៗ​ដំណើរការ​ទៅមុខ​រលូន ខ្ញុំ​គិតថា លោក គីម នឹង​ទទួលយក​។ ខ្ញុំ​គិតថា គាត់​នឹង​គិត​ដោយ​ក្ដី​អនុគ្រោះ ដូច្នេះ​ខ្ញុំ​គិតថា វា​នឹង​កើតឡើង​មិន​ខាន​។ យើង​អាច​ចាំ​ផ្ដើម​នៅ​សេត​វិមាន​»​។​

​ជំនួប​នៅ​សណ្ឋាគារ Capella លើ​កោះ Sentosa នឹង​ផ្ដោត​ការលុបបំបាត់​នុយក្លេអ៊ែ​រ​ពី​ឧបទ្វីប​កូរ៉េ ដែល​អាមេរិក​ចាត់ទុកជា​គំរាមកំហែង​សន្តិសុខ​ខ្លួន​។ លោក ត្រាំ នឹង​ទាមទារ​ឲ្យ​លោក គីម បោះបង់​នុយក្លេអ៊ែរ​របស់ខ្លួន​ទាំងស្រុង ដោយមាន​ការត្រួតពិនិត្យ និង​មិនអាច​ត្រឡប់​ទៅរក​កម្មវិធី​នេះ​ម្ដង​ទៀតឡើយ​។ ប៉ុន្តែ​កូរ៉េខាងជើង​អះអាងថា ខ្លួន​ចង់​បញ្ចប់​បញ្ហា​នេះ​ទៅតាម​ដំណាក់កាល ស្របគ្នា​នឹង​ការលើកលែង​ទណ្ឌកម្ម​ផង​។​

​ចំពោះ​ការរំសាយ​នុយក្លេអ៊ែរ​នេះ កូរ៉េខាងជើង​បានបញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀតថា ខ្លួន​ពិតជា​មាន​ឆន្ទៈ​មែន​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ដែល​បាន​ជួប​លោក គីម ពីរដង​នៅ​ព្យុងយ៉ាង អះអាងថា មេដឹកនាំ​កូរ៉េខាងជើង​ពិត​មាន​ជំហរ​លុបបំបាត់​នុយក្លេអ៊ែ​រ​មែន ហើយ​ត្រៀម​ធ្វើ​សកម្មភាព​ជាក់ស្ដែង​ផងដែរ​។ ជាមួយគ្នានេះ អាមេរិក​ក៏​សន្យា​ដែរ​ថា សុវត្ថិភាព​របស់រប​ប​ដឹកនាំ​កូរ៉េខាងជើង នឹងត្រូវ​បាន​ធានា បើ​យល់ព្រម​បោះបង់​នុយក្លេអ៊ែរ​នោះ​៕ 


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com