អន្តរជាតិ
ដូ​ណា​ល់ ត្រាំ កំពុង​ច្រាន​សម្ព័ន្ធមិត្ត​ឲ្យ​ទៅ​ឆ្ងាយ ហើយរុញ​សត្រូវ​អាមេរិក​ឲ្យ​ចាប់ដៃគ្នា
08, Jun 2018 , 5:59 pm        
រូបភាព
រូបភាព NBC
រូបភាព NBC
​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​អឺរ៉ុប និង​កាណាដា ផង​នោះ​មិន​ពេញចិត្ត​ឡើយ​ចំពោះ​គោលជំហរ​និង​ឥរិយាបថ​របស់លោក ដូ​ណា​ល់ ត្រាំ លើ​ឆាក​អន្តរជាតិ​ជាពិសេស​ការធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​។ មេដឹកនាំ​អាមេរិក​រូបនេះ​ចាប់ផ្តើម​ឈ្លោះ​ជាមួយ​សម្ព័ន្ធមិត្ត​រួចទៅហើយ មុនពេល​មក​ចូលរួម​កិច្ចប្រជុំ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន ៧ (G7) នៅ​កាណាដា​សប្តាហ៍​នេះ​។ ចំណែក​សត្រូវ​អាមេរិក​មាន​រុស្ស៊ី និង​ចិន​ឯណោះ​វិញ​កំពុង​ពង្រឹង​ចំណងមិត្តភាព​ជាមួយគ្នា ហើយក៏​សប្បាយចិត្ត​ដែល​អាមេរិក​កាន់​ដើរ​ផ្ទុយ​គេឯង និង​កាន់តែ​ឯកោ​លើ​ឆាក​អន្តរជាតិ​ដូចគ្នា​។



​នៅត្រឹម​ខែ​មិន​ថុ​នា​នេះ លោក ដូ​ណា​ល់ ត្រាំ កាន់អំណាច​បាន​មួយ​ឆ្នាំកន្លះ​ហើយ​។ អ្វីដែល​អ្នកជំនាញ​ខ្លះ​កត់សម្គាល់ថា ចំណុច​ចម្បង​បំផុត​ក្នុង​អាណត្តិ​របស់​ប្រធានាធិបតី​ដែលមាន​ប្រវត្តិ​ជា​អ្នកជំនួញ​នេះ គឺ​ការបង្កើត​បញ្ហា ដែល​ធ្វើ​ឲ្យ​អាមេរិក​បាត់បង់​ឥទ្ធិពល រុញ​សម្ព័ន្ធមិត្ត​ទៅ​ឆ្ងាយ និង​រុញ​សត្រូវ​ឲ្យ​កាន់តែ​កៀក​ជិតគ្នា​។

​ដូច​ឃើញស្រាប់​ហើយ លោក ត្រាំ បាន​អាមេរិក​ដើរ​ចេញពី​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ឆ្នាំមុន ហើយ​បន្ត​ដើរ​ចេញពី​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ក្រុងប៉ារីស​ទៀត​។ បន្ទាប់មក​លោក ត្រាំ​បន្ត​ប​ង្កើ​រឿងរ៉ាវ​ដែល​ស្មុគស្មាញ និង​ផ្ទុយ​ពី​ជំហរ​សម្ព័ន្ធមិត្ត​ផ្សេងទៀត​ដូចជា​ប្តូរ​ទីតាំង​ស្ថានទូត​ពី Tel Aviv ទៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម និង​ព្យាយាម​បំផ្លាញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥​ផង​។ ធ្ងន់ធ្ងរ​ជាង​នេះ​គឺ លោក ត្រាំ បញ្ជា​ឲ្យ​គេ​ដាក់​ពន្ធ​ប្រឆាំង​ផលិតផល​ដែកថែប និង​អាលុយមីញ៉ូម​របស់​សម្ព័ន្ធ​មិត្ត​ខ្លួន​អឺរ៉ុប កាណាដា និង​ម៉ិ​ក​ស៊ិ​ក​កន្លងមក​ថែមទៀត​រហូត​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ខឹងសម្បារ និង​ចេញ​វិធានការ​តប​វិញទៀត​។​

​មកដល់​ឥឡូវនេះ​ទៀត លោក ត្រាំ ក៏​ចាប់ផ្តើម​ឆ្លងឆ្លើយ​ពាក្យ​ជាមួយ​មេដឹកនាំ​សមាជិក​ក្រុម​ប្រទេស​សេដ្ឋកិច្ច​ជឿ​លឿន​ប្រាំពីរ​ទៀត ស្រប​ពេលដែល​កិច្ចប្រជុំ​នេះ​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​ទី ៨ ខែមិថុនា​នេះ​ផង​។ មេដឹកនាំ​ប្រទេស​ប្រាំមួយ​ផ្សេងទៀត​នោះ​ក៏​ត្រៀមខ្លួន​រួចរាល់​ដែរ​ដើម្បី​ប្រឆាំង​ជំហរ​របស់​អាមេរិក​ក្នុងការ​អនុវត្ត​គោលនយោបាយ​គាំពារ​និយម និង​បង្កើត​សង្គ្រាម​ពាណិជ្ជកម្ម​ប្រឆាំង​សម្ព័ន្ធ​មិត្តឯង​។ កិច្ចប្រជុំ​មិនទាន់​ចាប់ផ្តើម​ផង គេ​ឃើញ​កម្តៅ​កើនឡើង​បាត់ទៅហើយ​។ ទម្រាំ​ពេល​ជួប​មុខ​ជជែក​គ្នា​ទៀត វា​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​នេះ​ផង​ក៏​មិនដឹង​។ ដូច្នេះហើយ ការមូល​មតិ​គ្នា​ក្នុង​ការចេញ​សេចក្តីថ្លែងការណ៍​ក្រោយ​ចប់​កិច្ចប្រជុំ​នោះ​ជា​រឿង​ពិបាក​គិតដល់​ផងដែរ​។​

១.​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​អឺរ៉ុប​៖ គ្មាន​អាមេរិក​ក៏​គ្មាន​បញ្ហា​

​មេដឹកនាំ​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ដែល​កំពុង​ស្ថិតនៅ​កាណាដា ដើម្បី​ចូលរួម​កិច្ចប្រជុំ​ប្រទេស​ប្រាំពីរ​នេះ បាន​ចេញមុខ​ទិតៀន​លោក ត្រាំ ខ្លាំង ហើយ​ធ្វើ​ឲ្យ​លោក ត្រាំ ចេញ​សារ​ឆ្លើយតប​តាម​បណ្តាញ​សង្គម Twitter ថែមទៀត​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​លោក ចា​ស្ទី​ន ទ្រូ​ដូ នាយករដ្ឋមន្ត្រី​កាណាដា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៧ ខែមិថុនា លោក ម៉ា​ក្រុង បាន​ឆ្លើយតប​នឹង​សំណួរ​អ្នកសារព័ត៌មាន​ថា បើសិន​លោក ត្រាំ មិន​ខ្វល់​នឹង​ភាព​ឯកោ ក្រុម​ប្រទេស​ប្រាំពីរ​ក៏​មិន​ខ្វល់​នឹង​ក្លាយជា​ក្រុម​ប្រទេស​ប្រាំមួយ​ដោយ​គ្មាន​អាមេរិក​ដែរ​។ លោក​ពន្យល់​ផងដែរ​ថា ប្រទេស​ប្រាំមួយ​នេះ​នៅសល់​នេះ​មាន​ទីផ្សា​ធំ​ជាង​ទីផ្សារ​អាមេរិក​ទៀត​។​

​កន្លងមក​មេដឹកនាំ​ទាំងពីរ​បានចេញ​មុខ​រិះគន់​ចំណាត់ការ​របស់លោក ត្រាំ​ផងដែរ​ក្នុង​អនុវត្ត​ពន្ធ​លើ​ផលិត​របស់​ដែកថែប និង​អាលុយមីញ៉ូម កាណាដា និង​អឺរ៉ុប ហើយ​អ្នក​ទាំងពីរ​ចាត់ទុកថា វា​ជា​សកម្មភាព​ឯកតោភាគី និង​ខុសច្បាប់​ថែមទៀត​។​

​យ៉ាងណាក៏ដោយ ប្រធានាធិបតី ត្រាំ បានចេញ​សារ​តាម Twitter រិះគន់​បារាំង និង​កាណាដា​ពេញៗ​មាត់​ពាក់ព័ន្ធ​ឱនភាព​ពាណិជ្ជកម្ម​ដែលមាន​រវាង​អាមេរិក និង​អឺរ៉ុប ហើយ​វា​បង្ក​ផលប៉ះពាល់​ដល់​កសិករ និង​ប្រជាជន​អាមេរិក​ខ្លាំង​ថែម​ទៀតផង​។​

​ទំនាក់ទំនង​រវាង​លោក ត្រាំ និង​មេដឹកនាំ​ប្រទេស​សម្ព័ន្ធមិត្ត​កាណាដា លោក ទ្រូ​ដូ និង​បារាំង​លោក ម៉ា​ក្រុង មិនសូវ​ល្អ​ទេ ហើយ​គេ​បានដឹង​ក្រោយ​មាន​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​កាលពី​ថ្មីៗ​នេះ​។ សារព័ត៌មាន CNN ស្រង់​ប្រភព​ដែល​ស្និទ្ធ​នឹង​មេដឹកនាំ​ខាងលើ​ថា ពេល​ជជែក​ជាមួយ​លោក ទ្រូ​ដូ លោក ត្រាំ បាន​ចោទថា កាណាដា​បាន​ដុត​កម្ទេច​សេត​វិមាន​អាមេរិក​ឆ្នាំ ១៨១២ ដែល​តាមពិត​អង់គ្លេស​ឯណោះ​ទេ​ជា​អ្នក​ដុត​។​

​ពេល​លោក ត្រាំ ជជែក​តាម​ទូរ​សព្ទ​ជាមួយ​លោក ម៉ា​ក្រុង ក៏​រឹតតែ​អាក្រក់​ថែមទៀត​។ ប្រភព​ស្និទ្ធ​នឹង​កិច្ចសន្ទនា​រវាង​លោក ត្រាំ និង​លោក ម៉ា​ក្រុង​ដែល​ផ្តោត​សំខាន់​លើ​បញ្ហា​ពាណិជ្ជកម្ម និង​ជនអន្តោប្រវេសន៍​នោះ បាន​អះអាងថា ទោះបី​ទំនាក់ទំនង​រវាង​លោក ម៉ា​ក្រុង និង​លោក ត្រាំ ល្អ​ក៏ដោយ វា​មិនមាន​ការេ​ក​ភាព​គ្នា​លើ​បញ្ហា​ប្រឈម​ធំៗ​ដូចជា​ពាណិជ្ជកម្ម​ឡើយ​។ លោក ត្រាំ ហាក់ដូចជា​មិន​ខ្វល់​និង​មិន​ស្តាប់​កង្វល់​របស់​សម្ព័ន្ធ​មិត្ត​ខ្លួន​ដែរ​។​

​ក្រៅពី​រិះគន់​ត្រាំ រឿង​សង្គ្រាម​ពាណិជ្ជកម្ម លោក ម៉ា​ក្រុង បាន​រិះគន់​អាមេរិក​ផងដែរ​ជុំវិញ​ការការពារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ នោះ​។  លោក ម៉ា​ក្រុង និយាយថា បើសិនជា​អាមេរិក​ខ្លួនឯង​មិន​គាំទ្រ​កិច្ចព្រមព្រៀង​អ៊ីរ៉ង់ មហាអំណាច​នេះ​គួរ​នៅ​ស្ងៀម និង​មិនគួរ​ហាមឃាត់​គេឯង​ឡើយ​ព្រោះ​វា​ជា​ជម្រើស​របស់​ប្រទេស​នីមួយៗ​ប៉ុណ្ណោះ​។

២.​ដូ​ណា​ល់ ត្រាំ​ធ្វើ​ឲ្យ​សត្រូវ​អាមេរិក ចិន និង​រុស្ស៊ី​សប្បាយចិត្ត​

​ដូច​បានបញ្ជាក់​ខាងដើម​ស្រាប់ រដ្ឋបាល​អាមេរិក​កំពុង​រុញ​សម្ព័ន្ធមិត្ត​ឲ្យ​ទៅ​ឆ្ងាយ ហើយ​រុញច្រាន​សត្រូវ​ឲ្យ​កៀក​ជិតគ្នា​នាពេល​បច្ចុប្បន្ននេះ​។ រុស្ស៊ី និង​ចិន​ដែល​អាមេរិក​ចាត់ទុក​ជាការ​គំរាមកំហែង​សន្តិសុខ និង​ជា​ប្រទេស​បង្ក​ផលប៉ះពាល់​ដល់​ប្រយោជន៍​ខ្លួន​លើ​ពិភពលោក​នោះ​កំពុង​ញញឹម​ពេល​ឃើញ​អាមេរិក កាន់តែ​ឯក និង​ដើរ​ផ្លូវ​ផ្ទុយ​ពី​គេ​ដូច្នេះ​។​

 ឥឡូវនេះ ប្រធានាធិបតី​រុស្ស៊ី​ទើប​ស្បថ​ចូលកាន់​តំណែង​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន កំពុង​ព្យាយាម​ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​ទំនាក់ទំនង​ដែលមាន​ជាមួយ​ប្រធានាធិបតី​អាច​កាន់អំណាច​មួយជីវិត​លោក ស៊ី ជិន​ភីង នៃ​មហា​យក្ស​ចិន​ផង​។ លោក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ចិន​នៅ​ថ្ងៃ​សុក្រ​ទី ៨ ខែមិថុនា​នេះ ហើយ​លោក​បាន​អះអាងថា លោក​មាន​ទំនាក់ទំនង​ពិសេស​លក្ខណ​បុគ្គល​រវាង​លោក និង​លោក ស៊ី ផ្ទាល់​ថែមទៀត​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ចិន CGTN លោក ពូ​ទីន បាន​ហៅ​លោក ស៊ី ថា​ជា​មិត្ត​ល្អ ហើយ​លោក​បង្ហើប​ថា វា​មានតែ​លោក ស៊ី ម្នាក់​គាត់​ជា​ប្រមុខរដ្ឋ​ដែល​លោក​ប្រារព្ធ​ខួបកំណើត​រួមគ្នា និង​ទិញ​ការ៉េម​ពី​រុស្ស៊ី​ទៅ​ផ្ញើ​ថែម​ទៀតផង​។

​ជាទូទៅ ក្រៅពី​មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយគ្នា មេដឹកនាំ​នៃ​ប្រទេស​មហាអំណាច​ទាំងពីរ​ក៏​សុទ្ធតែ​មិន​ពេញចិត្ត​សណ្តាប់ធ្នាប់​ពិភពលោក​បច្ចុប្បន្ន​ដែល​ដឹកនាំ​ដោយ​អាមេរិក​និង​លោកខាងលិច ហើយ​អ្នក​ទាំងពីរ​មិន​ដែរ​ជឿ​អាមេរិក​ឡើយ​។

​មហា​យក្ស​ចិន​កំពុងស្ថិត​ក្នុងស្ថានភាព​លំបាក​ក្នុងពេល​ចរចា​ជាមួយ​អាមេរិក​ដើម្បី​ទប់ស្កាត់​សង្គ្រាម​ពាណិជ្ជកម្ម ខណៈដែល​រុស្ស៊ី​ឯណោះ​វិញ​នៅ​សិ្ថ​ត​ក្រោម​សម្ពាធ​សេដ្ឋកិច្ច និង​បន្ត​ប្រឈមមុខ​ជាមួយ​ងា​មេ​រិ​កលើ​បញ្ហា​សន្តិសុខ​អន្តរជាតិ​ដូចជា​អ៊ុយ​ក្រែ​ន និង​ស៊ី​រី​ផង​។ វា​ជា​រឿង​ចាំបាច់​ដែល​ប្រទេស​មហាអំណាច​ទាំងពីរ​ចាំបាច់​ត្រូវ​ពង្រឹង​ទំនាក់ទំនង​ជាមួយគ្នា​នៅពេលនេះ ខណៈដែល​អាមេរិក​កំពុង​ថមថយ​ឥទ្ធិពល និង​កាន់តែ​ឯកោ​លើ​ឆាក​អន្តរជាតិ​នោះ​។​

​ត្រឡប់មកវិញ បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​ផ្លូវរដ្ឋ លោក ពូ​ទីន ក៏​នឹងចូលរួម​ជាមួយ​លោក ស៊ី នៅក្នុង​កិច្ចប្រជុំ​កំពូល​នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ​ផងដែរ ដែល​វា​នឹងត្រូវ​ប្រារព្ធ​ឡើង​នៅ​ក្រុង Qingdao ចុង​សប្តាហ៍​នេះ​។

​ក្រៅពី​ចិន និង​រុស្ស៊ី អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ​នេះ​មាន​សមាជិក​ភាគច្រើន​ជា​អតីត​រដ្ឋ​សហភាពសូវៀត បូក​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​ដែរ​។ វា​មានការ​វាយតម្លៃ​ផងដែរ​ថា កិច្ចសហប្រតិបត្តិការ​នេះ​នេះ​អាច​នឹង​ក្លាយខ្លួនជា​បក្សសម្ព័ន្ធ​យោធា​តំបន់​មួយ​ផង​នៅពេល​អនាគត​នោះ​។ មហា​យក្ស​ចិន និង​រុស្ស៊ី​អាច​នឹងមាន​ឥទ្ធិពល​ខ្លាំង​ក្នុងការ​ពង្រឹង ឥទ្ធិពល​អង្គការ​នេះ​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​បក្សសម្ព័ន្ធ​យោធា​ណា​តូ​របស់​បណ្តា​ប្រទេស​លោកខាងលិច​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  អាមេរិក​
  G7
  ចិន​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com