ពីនេះ ពីនោះ
ភិក្ខុ ប៉ះ​កាយ​ស្ត្រី​ត្រូវ​អាបត្តិ «​បារាជិក​» ដែរឬទេ​?
09, Jun 2018 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បើ​ភិក្ខុ​អង្គណា ប៉ះពាល់​រាងកាយ​របស់​ស្ត្រី ភិក្ខុ​អង្គ​នោះ​មានទោស ឬ​ត្រូវ​អាបត្តិ សង្ឃា​ទិ​សេស មិនមែន​ត្រូវ​អាបត្តិ​បារាជិក​នោះទេ​។


​ត្រូវ​អាបត្តិ បារាជិក លុះត្រាតែ​ភិក្ខុ បាន​សេពសន្ថវៈ​ជាមួយ​ស្ត្រី ដែល​ភាសា​ក្នុង​វិន័យ​នៃ​ព្រះពុទ្ធសាសនា ហៅថា «​ញ៉ាំង​មគ្គ​និង​មគ្គ​ឲ្យ​ដល់​គ្នា​»​។ បារាជិក គឺជា​ទោស​ធ្ងន់​ជាងគេ ក្នុង​ព្រះ​វិន័យ​របស់​ភិក្ខុ​។  
 
​ឲ្យ​តែ​ភិក្ខុ​អង្គណា ត្រូវ​អាបត្តិ​បារាជិក ភិក្ខុ​អង្គ​នោះ​ត្រូវអស់​ភាពជា​អ្នកបួស​តែម្តង ទោះជា​នៅ​គ្របដណ្តប់​ស្បង់​ចីវរ​ក៏ដោយ​។ ក្នុងករណីនេះ មន្ត្រី​សង្ឃ មាន​សិទ្ធិ​ចាប់​ផ្សឹក​ភិក្ខុ​ដែល​ត្រូវ​អាបត្តិ​បារាជិក​បាន​។ 
 
​ក្រៅពី​ការសេព​សន្ថវៈ​ជាមួយ​ស្ត្រី នៅមាន​អំពើ​ខុសឆ្គង​៣​យ៉ាង​ទៀត ដែល​អាច​នាំ​ឲ្យ​ភិក្ខុ​ត្រូវ​អាបត្តិ​បារាជិក​។ ទង្វើ​ទាំង​៣​នោះ គឺ​ការ​លួច​ទ្រព្យ​របស់គេ ការសម្លាប់​មនុស្ស និង​ការ​អួត​ពី​ឧ​ត្ត​រិម​នុស្ស​ធម្ម​។ ការ​អួត​ពី​ឧ​ត្ត​រិម​នុស្ស​ធម្ម គឺជា​ការ​អួតថា​ខ្លួន ជា​មនុស្ស​មានគុណ​វិសេស​លើសលែង​ជាង​មនុស្ស​ធម្មតា ហើយ​បានសម្រេច​ធម៌​វិសេស ដើម្បី​ទទួលបាន​លាភ​សក្ការ ពី​បរិស័ទ ដែលមាន​ជំនឿ​ពី​ការ​អួត​នោះ​។ 
 
​ចំណែកឯ សង្ឃា​ទិ​សេស គឺជា​ទោស​លំដាប់​ទី​ពីរ បន្ទាប់ពី​បារាជិក​។ ភិក្ខុ ដែល​ត្រូវ​អាបត្តិ​សង្ឃា​ទិ​សេស នៅតែមាន​ឈ្មោះថា​ជា​ភិក្ខុ​ដដែល ហើយ​មិន​ដល់​ថ្នាក់​ត្រូវ​ចាប់​ផ្សឹក​នោះទេ​។ 
 
​អំពើ​ខុសឆ្គង​១៣​យ៉ាង ដែល​នាំ​ឲ្យ​ភិក្ខុ ត្រូវ​អាបត្តិ​សង្ឃា​ទិ​សេស ដូចជា ប៉ះ​កាយ​ស្ត្រី​, មាន​តម្រេក ហើយ​និយាយ​លួងលោម​ស្ដ្រី​ឲ្យ​បម្រើ​ខ្លួន​ដោយ​កាម និង​បញ្ចុះបញ្ចូល​ឲ្យ​បុរស​-​ស្ដ្រី​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​ជាដើម​។ 
 
​ពេល​មានទោស​សង្ឃា​ទិ​សេស ភិក្ខុ ត្រូវធ្វើ​ដូចម្តេច​? ដើម្បី​លុបលាង​ទោសកំហុស​នេះ​បាន ភិក្ខុ​ត្រូវ​ទទួល​ទណ្ឌកម្ម​ដ៏​ធ្ងន់​មួយ ដែល​ហៅថា​ការធ្វើ «​បរិវាសកម្ម​»​។ បរិវាសកម្ម គឺជា​កិច្ច​ក្នុង​ព្រះ​វិន័យ ដែល​តម្រូវ​ឲ្យ​ភិក្ខុ ត្រូវបំពេញ ដើម្បី​រួចផុត​ពី​ទោស​សង្ឃា​ទិ​សេស ហើយ​ក្លាយទៅជា​ភិក្ខុ​ស្អាតស្អំ​ឡើងវិញ​៕

Tag:
 សាសនា​
  ធម៌​
  វិន័យ​
  សាសនា
© រក្សាសិទ្ធិដោយ thmeythmey.com