ខ្មែរ​ក្រហម
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ជុំ ម៉ី ៖ ការឆ្លើយតប​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ជាការ​ប្រមាថ​មកលើ​ខ្ញុំ​និង​ជនរងគ្រោះ
11, Jun 2013 , 10:48 am        
រូបភាព
ដោយ:
មួយថ្ងៃ​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញមុខ​ឆ្លើយតប​ទៅនឹង​ញត្តិ​ទាមទារ​របស់លោក ជុំ ម៉ី និង​ក្រុម​ជនរងគ្រោះ​ជំនួស​លោក កឹម សុខា ដែលជា​ប្រធានស្ដីទី​គណបក្ស​នោះ នៅ​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣នេះ លោក ជុំ ម៉ី អតីត​អ្នករងគ្រោះ​ក្នុង​មន្ទីរ​ស២១(គុក​ទូល​ស្លែង) និង​ជា​អ្នកដឹកនាំ​ការធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា​នោះ បាន​សម្ដែង​ការមិន​សប្បាយ​ជាមួយ​ការឆ្លើយតប​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​លោក​ចាត់ទុកថា​ជាការ​ឆ្លើយតប​មួយ​ដ៏​គ្មាន​សុជីវធម៌ និង​ជាការ​ប្រមាថ​ដល់​លោក ក៏ដូចជា​ក្រុម​ជនរងគ្រោះ​ដែល​ចូលរួម​ធ្វើបាតុកម្ម​ជាង២ម៉ឺន​នាក់។


ថ្លែងប្រាប់​គេហទំព័រថ្មីៗនៅ​ព្រឹក​ថ្ងៃទី១១ ខែមិថុនា​នេះ លោក ជុំ ម៉ី បាន​អត្ថាធិប្បាយ​ថា គិត​មកដល់​ម៉ោង​នេះ​លោក​នៅ​មិនទាន់​ទទួលបាន​លិខិត​ឆ្លើយតប​ណាមួយ​ពី​លោក កឹម សុខា ឬ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្លូវការ​នោះ​នៅឡើយ​ទេ ដោយ​លោក​បាន​ជ្រាប់​ព័ត៌មាន​នៃ​ការឆ្លើយតប​នោះ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​តែប៉ុណ្ណោះ។

លោក ជុំ ម៉ី បញ្ជាក់ថា ៖ « ខ្ញុំ​និង​ក្រុមបាតុក​ប្រមាណ​ជាជាង២ម៉ឺន​នាក់​ធ្វើបាតុកម្ម​ទាំង​កណ្ដាល​ថ្ងៃ​ក្ដៅ ដើម្បី​យក​ញត្តិ​ប្រគល់ជូន​លោក កឹម សុខា។ ពួកយើង​ធ្វើដំណើរ​រាប់គីឡូម៉ែត្រ​ពី​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ប្រគល់​ញត្តិ​នោះ​ជូន​លោក កឹម សុខា ដល់ទី​ស្នាក់ការ​គណបក្ស​របស់លោក ក៏ប៉ុន្តែ​ជា​លទ្ធផល បុគ្គល កឹម សុខា មិន​ត្រឹមតែ​មិន​មក​ទទួល​ញត្តិ​នោះ​ដោយផ្ទាល់​នោះទេ ការឆ្លើយតប​ដែល​ចេញពី​ឆន្ទៈ​របស់ កឹម សុខា ក៏​គ្មាន ហើយ​អ្វីដែល​រឹតតែ​មិនអាច​ទទួលយកបាន​នោះ គឺ​ការឆ្លើយតប​នោះ​មិន​ត្រូវបាន​ក្រុម​លោក កឹម សុខា ប្រគល់ ឬ​ផ្ញើរ​ជូន​ជា​ផ្លូវការ​មក​ឲ្យ​ខ្ញុំ​នោះទេ»។
 
ជាការ​ប្រតិកម្ម​ទៅនឹង​ការឆ្លើយតប​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ជំនួស​លោក កឹម សុខា បែប​ខាងលើនេះ លោក ជុំ ម៉ី បាន​ចេញមុខ​អត្ថាធិបាយ​ជំនួស​ក្រុមបាតុករ​ដែល​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​លោក ដោយ​ចាត់ទុក​ការចេញលិខិត​ឆ្លើយតប​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នោះ ថា​ជាការ​ឆ្លើយតប​មួយ​ដែល​គ្មាន​សុជីវធម៌ និង​ពោ​ពេញ​ដោយ​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​មកលើ​រូបលោក ក៏ដូចជា​ក្រុម​ជនរងគ្រោះ​ដ៏ទៃទៀត ហើយ​ថា ការឆ្លើយតប​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​បែបនេះ​មិន​សាក​សម​ចំពោះអ្នក​ដែល​ចង់​ដឹកនាំ​ប្រទេស​កម្ពុជា​នោះទេ។

បើតាម​លោក ជុំ ម៉ី បើ​ទេះ​បី​ជាការ​ឆ្លើយតប​របស់លោក កឹម សុខា ឬ​គណបក្ស​សង្គ្រោះ​ជាតិ វិជ្ជមាន ឬ​មិន​វិជ្ជមាន​សម្រាប់​ក្រុម​ជនរងគ្រោះ​នៃ​របប​ខ្មេរ​ក្រហម​យ៉ាងណាក៏ដោយ អ្វីដែល​ជាការ​សមរម្យ​នោះ គណបក្ស​សង្គ្រោះ​ជាតិ គួរតែ​ធ្វើជា​លិខិតផ្លូវការ​ណ៍​ណាមួយ​ផ្ញើរ​មក​ឲ្យ​លោក​ដោយផ្ទាល់​ដែរ។

គួរ​បញ្ជាក់ថា មួយថ្ងៃ​បន្ទាប់ពី​រលក​មហា​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ត្រូវ​បញ្ចប់​នោះ នៅ​ថ្ងៃទី១០ ខែមិថុនា​ម្សិលមិញ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញមុខ​ជំនួស​លោក កឹម សុខា ធ្វើលិខិត​ឆ្លើយតប​ញត្តិ​របស់លោក ជុំ ម៉ី ដើម្បី​បំភ្លឺ​ចំពោះ​ការចោទប្រកាន់​លើ​លោក កឹម សុខា ដែល​ត្រូវបាន​ក្រុម​ជនរងគ្រោះ​អះអាងថា លោក ចាត់ទុក​គុក​ទួលស្លែង​ជា​គុក​សិប្បនិម្មិត។ នៅក្នុង​លិខិត​នោះ គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​អះអាងថា ប្រធានស្ដីទី​របស់ខ្លួន​មិនបាន​និយាយ​ដូច​ការចោទប្រកាន់​នោះទេ៕

ចំពោះ​ការអះអាង​ខាងលើនេះ  ត្រូវបាន​លោក ជុំ ម៉ី បញ្ជាក់ថា ប្រសិនបើ​លោក កឹម សុខា​នៅតែ​មិន​ទទួលកំហុស​របស់ខ្លួន​នោះ លោក នឹងមាន​គម្រោង​ធ្វើបាតុកម្ម​ជាថ្មី​ម្ដងទៀត ឬ ដាក់ពាក្យ​ប្ដឹងទៅ​ស្ថាប័ន​តុលាការ​តែម្ដង៕


 




© រក្សាសិទ្ធិដោយ thmeythmey.com