ជាតិ
បទវិភាគ
ការរួមភេទមិនមែនជាបុព្វសិទ្ធិរបស់បុរសតែម្ខាងនោះទេ
×
ទស្សនៈរបស់ បុណ្យ រចនា និងឃួន ច័ន្ទទេវី
ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ
នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្ថានភាពនៅសង្គមរបស់យើងហាក់ដូចជាបានរំជើបរំជួលដោយសារតែរឿងអាស្រូវផ្លូវភេទដែលបានកើតឡើងជាបន្តបន្ទាប់។ ជាក់ស្តែងយើងឃើញមានរឿងអាស្រូវដែលអតីតព្រះសង្ឃមួយអង្គត្រូវបានចោទប្រកាន់ថាបានរំលោភសេពសន្ធវៈទៅលើស្ត្រីវ័យក្មេងដែលជាអតីតគូស្នេហ៍ម្នាក់ ហើយក៏មានរឿងរ៉ាវ របស់ជនបរទេសដែលមានទំនាក់ទំនងស្នេហាជាមួយស្ត្រីខ្មែរមួយរូប ខណៈគាត់កំពុងស្ថិតនៅក្នុងចំណងអាពាហ៍ពិពាហ៍ ហើយមានរឿងរ៉ាវរបស់បុរសដែលមានដៃគូស្នេហាច្រើននាក់ រឿងរ៉ាវគូស្នេហ៍វ័យក្មេងដែលបានព្រមព្រៀងរួមភេទជាមួយគ្នាមុនពេលរៀបការ។ល។
បទអធិប្បាយភាគច្រើនហាក់បង្ហាញភាពភ្ញាក់ផ្អើល ភាពខ្មាសអៀន ការខឹងសម្បារ ដោយផ្តោតការរិះគន់និងវិនិច្ឆ័យទៅលើភាគីជាស្ត្រីដែលបានព្រមព្រៀងរួមភេទជាមួយដៃគូរបស់ខ្លួន។ បុគ្គលខ្លះហាក់បានដើរតួជាអ្នកការពារដ៏មុតមាំ និងប្តូរផ្តាច់ដើម្បីថែររក្សាប្រពៃណី និងវប្បធម៌ដ៏ផូរផង់។ ការតាមដានស្តាប់កិច្ចសន្ទនា និងបទអធិប្បាយនៅលើបណ្តាញផ្សព្វផ្សាយសង្គម ពេលខ្លះបង្កអោយមានភាពស្មុគ្រស្មាញ និងតានតឹងអារម្មណ៍យ៉ាងខ្លាំង ពីព្រោះថា បុគ្គលខ្លះហាក់មិនញញើតកោតក្រែងក្នុងការ ជះកំហឹង និងជេរតិះដៀល ដល់បុគ្គលដែលបង្ហាញមតិផ្ទុយពីខ្លួនឡើយ។ ស្ថានភាពនេះបង្កអោយមានការពិបាកក្នុងការសន្ទនាអោយមានន័យពេញលេញ និងមានការគោរពគ្នាទៅវិញទៅមកនៅពេលសន្ទនាអំពីប្រធានបទដ៏រសើបនេះ។ ជាលទ្ធផលយើងតែងតែមានសំណួរច្រើនជាងចំលើយនៅក្នុងខួរក្បាលរបស់យើង។ តួយ៉ាង យើងតែងតែមិនយល់ថាហេតុអ្វីបានជាមនុស្សមួយចំនួនគិតថាការរួមភេទគឺជាបុព្វសិទ្ធិរបស់បុរសដោយមិនចោទសួរថាតើផ្នត់គំនិតបែបនេះមានប្រភពមកពីណា? ហេតុអ្វីបានជាមនុស្សមួយចំនួននៅតែបន្តគាំទ្រការរឹតត្បិតទៅលើសិទ្ធិស្វ័យសម្រេចរបស់ស្ត្រីក្នុងការរួមភេទ?
យើងត្រូវតែនិយាយអំពីការរួមភេទដោយមានការព្រមព្រៀង និង សិទ្ធិស្វ័យសម្រេចរបស់ស្ត្រីក្នុងការរួមភេទ។ ការស្វ័យសម្រេចរបស់ស្ត្រីក្នុងការរួមភេទ មិនមែនគ្រាន់តែជាសិទ្ធិដើម្បីរួចផុតអំពីហិង្សាផ្លូវភេទនោះទេ ប៉ុន្តែគឺជាសិទ្ធិធ្វើការសម្រេចចិត្តអំពី កាលវេលា ភាពញឹកញាប់ និង ការកំណត់អត្តសញ្ញាណរបស់បុគ្គលដែលយើងចង់រួមភេទជាមួយ។ សិទ្ធិស្វ័យសម្រេចរបស់ស្ត្រីក្នុងការរួមភេទ គឺផ្អែកទៅលើទស្សនៈថា វាជារឿងធម្មតាសម្រាប់ស្ត្រីក្នុងការចង់មានការរួមភេទ ហើយវាជារឿងធម្មតាដែលស្ត្រីត្រូវទទួលបានការរីករាយក្នុងពេលរួមភេទ! យើងនឹងមិនអាចបង្កើតអោយមានសង្គមមួយដែលមានសមភាព និងសុខដុមរមនាបានទេ ដរាបណាយើងនៅតែទទួលយក ទោះបីដោយបើកចំហរឬដោយស្ងៀមស្ងាត់ក្តី ថាការរួមភេទគឺជាបុព្វសិទ្ធិរបស់បុរស ហើយព្រមព្រៀងអោយបុរសមានអំណាចគ្រប់គ្រងស្ថានភាពនៅក្នុងបន្ទប់គេង។ អាកប្បកិរិយាបែបនេះជំរុញអោយស្ត្រីនៅតែជាភាគី ដែលមិនអាចធ្វើសេចក្តីសម្រេចចិត្តបាន។ ចំណុចចម្បងនោះគឺថា យើងត្រូវគោរពសិទ្ធិ និងសេរីភាពក្នុងការជ្រើសរើសរបស់ស្ត្រី។
ជាដំបូងយើងត្រូវគោរពសិទ្ធិរបស់ស្ត្រីក្នុងការជ្រើសរើស និងធ្វើសេចក្តីសម្រេចចិត្ត។ ប្រសិនបើស្ត្រីណាម្នាក់ចង់រួមភេទដោយមានការព្រមព្រៀងជាមួយដៃគូរបស់នាង ទោះជាដៃគូនោះជាបុរស ឬជាស្ត្រីក៏ដោយ វាគឺជាការសម្រេចចិត្តរបស់នាង។ នាងមិនត្រូវការអោយអ្នកណាសម្រេចចិត្តជំនួសនាងនោះទេ។ រដ្ឋធម្មនុញ្ញរបស់យើងធានានិងការពារសិទ្ធិស្មើគ្នារវាងបុគ្គលគ្រប់រូប នេះមានន័យថា ស្ត្រី មានសិទ្ធិ និងកាតព្វកិច្ចស្មើគ្នាដូចនឹងបុរសដែរនៅចំពោះមុខច្បាប់។
ចំណុចបន្ទាប់នោះគឺថាយើងត្រូវលុបបំបាត់រាល់គ្រប់ទម្រង់នៃភាពមិនស្មើភាពរវាង ស្ត្រីនិងបុរស ប្រសិនបើយើងពិតជាចង់ឃើញសមភាពយេនឌ័រប្រាកដនៅក្នុងសង្គម។ មនុស្សជំនាន់យើងមានសំណាងណាស់ដែលមានបងៗស្ត្រីជំនាន់មុនៗ ទាមទារសិទ្ធិនិងសេរីភាពសម្រាប់យើងទាំងអស់គ្នាដែលពួកយើងកំពុងតែប្រើប្រាស់សិទ្ធិដោយរួមទាំង សមភាពក្នុងការទទួលបានការរអប់រំ និងសេវាសាធារណៈ។ ប៉ុន្តែសមភាពយេនឌ័រដ៏ប្រាកដមួយនៅមិនទាន់មាននៅឡើយទេ។ ពួកយើងត្រូវតែបន្តបេសកកម្មនេះដើម្បីបង្កើនលំហសម្រាប់មនុស្សជំនាន់ក្រោយ ពីព្រោះថា ពួកគេគួរទទួលបានស្ថានភាពសង្គមមួយដែលប្រសើរជាងពួកយើង ដូចជាការទទួលបាននូវព័ត៌មានពិតប្រាកដ និងស្មោះត្រង់ ពាក់ព័ន្ធនិងជម្រើសនៃវិធីសាស្ត្រក្នុងការពន្យាកំណើត និងការអប់រំអំពីការរួមភេទ។ យើងត្រូវផ្តល់ព័ត៌មាននិងមធ្យោបាយដល់យុវជនជំនាន់ក្រោយដើម្បីពួកគេអាចការពារខ្លួនគេ និងអាចបង្កើតជម្រើសនានាដែលពួកគេពេញចិត្ត និងប្រកបដោយសេចក្តីក្លាហាន។
ការព្យាយាម រារាំង ត្រួតត្រាលើរាងកាយរបស់ស្ត្រី និងសិទ្ធិស្វ័យសម្រេចរបស់ស្ត្រីក្នុងការរួមភេទ គឺជាទង្វើខុសឆ្គង។ ការរារាំងស្ត្រីមិនអោយទទួលការអប់រំអំពីការរួមភេទ និងមិនផ្តល់ព័ត៌មានដែលមានគុណភាពអំពីរបៀបការពារខ្លួនក្នុងពេលរួមភេទ និងការថែទាំសុខភាពបន្តពូជ ឬ ការបង្រៀនស្ត្រីមិនអោយរួមភេទមុនការរៀបការតែម្យ៉ាងនោះ គឺជាការខ្វះការទទួលខុសត្រូវរបស់សង្គម។ ការអប់រំស្ត្រីមិនអោយរួមភេទមុនរៀបការជាទូទៅតែងតែផ្តល់ព័ត៌មានមិនពិត ដូចជា ការបំផ្លើសអំពីភាពអប្រសិទ្ធភាពនៃការប្រើប្រាស់ស្រោមអនាម័យ ការតិះដៀលដល់ស្ត្រីដែលសកម្មក្នុងការស្វ័យសម្រេចអំពីការរួមភេទ និងតែងតែពង្រឹងអំពីរឿងរ៉ាវមិនពិតនៃតួនាទីយេនឌ័រហើយមិនទទួលយកយុវជនយុវនារីដែលស្រលាញ់ភេទដូចគ្នា។
ខណៈដែលមានក្រុមអ្នកសារព័ត៌មានព្រមទាំងអ្នកតស៊ូមតិផ្នែកសិទ្ធិស្ត្រីជាច្រើនបាននិងកំពុងធ្វើការយ៉ាងសកម្មដើម្បីបង្កើនការយល់ដឹងចំពោះបញ្ហា សិទ្ធិស្វ័យភាពរបស់ស្ត្រីក្នុងការរួមភេទ (សិទ្ធិក្នុងការធ្វើការសម្រេចចិត្តអំពី កាលវេលា ភាពញឹកញាប់ និងការកំណត់អត្តសញ្ញាណរបស់បុគ្គលដែលយើងចង់រួមភេទជាមួយ) វាគួរតែដល់ពេលដែលយើងទាំងអស់គ្នាត្រូវនិយាយអំពីរឿងនេះ។ យើងត្រូវនិយាយអំពីការរួមភេទដោយមានការព្រមព្រៀង ការរួមភេទដោយមានការពារ និងភាពស្វ័យសម្រេចរបស់ស្ត្រីក្នុងការរួមភេទ ដើម្បីអោយស្ត្រីនិងបុរសវ័យក្មេងបានយល់ដឹងអំពីវិធីសាស្ត្រក្នុងការការពារខ្លួនអំពីជំងឺកាមរោគ ជំងឺអេដស៍ និងទប់ស្តាត់អំពើហិង្សាផ្លូវភេទពីសំណាក់ដៃគូស្និទ្ធស្នាល។ ការលើកកំពស់សិទ្វិស្វ័យសម្រេចរបស់ស្ត្រីក្នុងការរួមភេទរួមបញ្ចូលទាំងការផ្លាស់ប្តូរអំណាចផ្នត់គំនិតបែបបិតាធិបតេយ្យទាំងក្នុងបន្ទប់គេង និងក្នុងសង្គមជាតិទាំងមូល។
ជាចុងក្រោយយើងស្នើអោយមានការយោគយល់ និងការចូលរួមនិយាយអំពីបញ្ហានេះ។ ប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការនិយាយអំពីបញ្ហានេះទេ សូមកុំរារាំង និងតិះដៀលបុគ្គលទាំងឡាយដែលកំពុងតែធ្វើការយ៉ាងសកម្មក្នុងការបញ្ហានេះ។ យើងគប្បីដឹងថា ការអប់រំដោយប្រើវិធីសាស្ត្រឃាំងមិនអោយយុវវ័យរួមភេទតែម្យ៉ាងនោះ គឺមិនសូវមានប្រសិទ្ធិភាពឡើយនៅក្នុងយុគសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ។ ល្មមដល់ពេលដែលស្ត្រីវ័យក្មេងរបស់យើងទទួលបានព័ត៌មានពិតអំពីការអប់រំផ្លូវភេទហើយល្មមដល់ពេលដែលយើងគ្រប់គ្នាបង្កើតនូវបរិយាកាសសង្គមមួយដែលស្ត្រីអាចរស់នៅប្រកបដោយភាពសុខដុមរមនា និងអាចប្រើប្រាស់រាងកាយរបស់គេតាមតែការពេញចិត្តរបស់ពួកគេ។ ការរួមភេទមិនមែនជាបុព្វសិទ្ធិរបស់បុរស ប៉ុន្តែជាបុព្វសិទ្ធិរបស់យើងទាំងអស់គ្នា។
© រក្សាសិទ្ធិដោយ thmeythmey.com