អន្តរជាតិ
លោក គីម ជុង​អ៊ុន ទៅ​ជួប​លោក ស៊ី ជិន​ភីង ជា​លើក​ទី​បី​ដើម្បី​រាយការណ៍​ពី​ជំនួប​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ​
19, Jun 2018 , 3:33 pm        
រូបភាព
លោក គីម ជុងអ៊ុន ចាប់ដៃលោក ស៊ី ជិនភីង ក្នុងជំនួបខែមីនា (រូបភាព Xinhua)
លោក គីម ជុងអ៊ុន ចាប់ដៃលោក ស៊ី ជិនភីង ក្នុងជំនួបខែមីនា (រូបភាព Xinhua)
​នៅ​ថ្ងៃទី​១៩ ខែមិថុនា មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ទៅដល់​រដ្ឋធានី​ប៉េកាំង​ជា​លើក​ទី​ពីរ​ក្នុង​ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ​។ លោក គីម នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដើម្បី​ពន្យល់​លទ្ធផល​នៃ​ជំនួប​រវាង​លោក និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​សិង្ហ​បុរី​កាលពី​សប្ដាហ៍​មុន​។ ទស្សនកិច្ច​នេះ​បង្ហាញ​ពី​ទំនាក់ទំនង​ស្អិតល្មួត​ចិន​-​កូរ៉េខាងជើង ចំ​ពេលដែល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​ប្រែប្រួល​ជា​វិជ្ជមាន​នោះ​។​



​លោក គីម ជុង​អ៊ុន ប្រធាន​បក្ស​ពលករ​កូរ៉េ និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រមា​និ​ត​កូរ៉េ នឹងធ្វើ​ទស្សនកិច្ច​នៅ​ទឹកដី​ចិន​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២០ ខែមិថុនា​។ នេះ​បើ​យោងតាម​ការផ្សាយ​ដ៏​ខ្លី​មួយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ។ នេះ​ជា​លើក​ទី​បី​ហើយ ដែល​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​ធ្វើ​ទស្សនកិច្ច​នៅ​ចិន ហើយក៏​ជា​រឿង​ប្លែក​ដែល​ថ្នាក់ដឹកនាំ​កំពូល​ប្រទេសមួយ​នេះ​ធ្វើដំណើរ​ទៅ​បរទេស​ញឹកញាប់​មែនទែន​។​

​ដូច​លើក​ទី​ពីរ​ដែរ លោក គីម បាន​ជិះ​យន្តហោះ​ទៅកាន់​ក្រុង​ប៉េកាំង មិនមែន​រថភ្លើង​ឡើយ​។ សារព័ត៌មាន​ជប៉ុន Nikkei Review ផ្សាយ​ថា យន្តហោះ​កូរ៉េខាងជើង​បាន​ចុះចត​នៅ​ព្រលានយន្តហោះ​ក្រុង​ប៉េកាំង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ដោយមាន​ការ​យាមកាម​យ៉ាង​តឹងរ៉ឹង​។

​ទោះជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​មិន​បញ្ជាក់​ព័ត៌មាន​លម្អិត​ក្ដី គោលដៅ​ធំ​របស់លោក គីម ប្រាកដជា​ទៅ​ជួប​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង មិន​ខាន ហើយ​លោក គីម ក៏​នឹង​រាយការណ៍​ពី​លទ្ធផល​ជំនួប​នៅ​សិង្ហ​បុរី​ផង​។ នេះ​ជា​ជំនួប​លើក​ទី​បី​រវាង​មេដឹកនាំ​សម្ព័ន្ធមិត្ត​ទាំងពីរ ដោយ​លើកទីមួយ​ធ្វើឡើង​ក្នុង​ខែមីនា មុន​ជំនួប​មេដឹកនាំ​អន្តរ​កូរ៉េ និង​លើក​ទី​ពីរ​ក្នុង​ខែឧសភា មុន​លោក គីម ធ្វើដំណើរ​ទៅ​ជួប​លោក ដូ​ណា​ល់ ត្រាំ នៅ​សិង្ហ​បុរី​។​

​តាមពិតទៅ ចិន​ក្លាយជា​គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក គីម ចាប់តាំងពី​ការផ្លាស់ប្ដូរ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​។ វា​ក៏​បង្ហាញថា ចិន​ក្លាយជា​បង្អែក​រឹងមាំ​របស់​កូរ៉េខាងជើង​ដែល​កំពុង​ចរចា​ជាមួយ​អាមេរិក​ជុំវិញ​សំណុំរឿង​រំសាយ​នុយក្លេអ៊ែរ​ទៀតផង​។ លើសពីនោះ វា​ក៏​ជា​សញ្ញា​ប្រាប់ថា ចិន​គឺជា​តួអង្គ​សំខាន់​មិនអាច​ខ្វះ​បាន​នៅពេល​គេ​ចង់​ដោះស្រាយ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ ហើយ​រឹតតែ​បើជា​បញ្ហា​ជាប់​ពាក់ព័ន្ធ​កូរ៉េខាងជើង​នោះ​។​

​នៅ​ជំនួប​ទ្វេភាគី​នៅ​សិង្ហ​បុរី លោក គីម និង​លោក ត្រាំ ឯកភាពគ្នា​លុបបំបាត់​នុយក្លេអ៊ែរ និង​ស្វែងរក​សន្តិភាព​យូរអង្វែង​សម្រាប់​ឧបទ្វីប​កូរ៉េ​។ បញ្ហា​ទាំងពីរ​សុទ្ធតែ​ត្រូវការ​កិច្ចសហប្រតិបត្តិការ​ពី​ចិន បើ​ពុំ​ដូច្នោះ​ពិបាក​នឹង​ស្វែងរក​ច្រកចេញ​ណាស់​។ កូរ៉េខាងត្បូង​ឯណោះ​ក៏​ទទួលបាន​ស្គាល់​តួនាទី​របស់​ចិន​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​សន្តិភាព​នេះដែរ​៕


Tag:
 កូរ៉េខាងជើង​
  ចិន​
  គីម ជុង​អ៊ុន​
  ស៊ី ជិន​ភីង​
© រក្សាសិទ្ធិដោយ thmeythmey.com