អន្តរជាតិ
អូស្ត្រាលី សន្យា​ជួយ​បណ្តា​កោះ​ប៉ា​ស៊ីហ្វិ​ក​មិន​ឲ្យ​ធ្លាក់ខ្លួន​វ័ណ្ឌក​នឹង​បំណុល​របស់​មហាអំណាច​ចិន​
19, Jun 2018 , 10:59 pm        
រូបភាព
​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា​បាន​សន្យា​ផ្តល់ជំនួយ​ដល់​បណ្តា​កោះ​ប៉ាស៊ីហ្វិក​ដែលមាន​លក្ខណៈ​ប្រសើរ​ជាង​ជំនួយ​អភិវឌ្ឍ​របស់​ចិន​នៅពេល​ខាងមុខ​។ ការប្រកាស​បែបនេះ​កើតឡើង​ដោយសារ អូស្ត្រាលី​បារម្ភ​ខ្លាំង​ពី​ការកើនឡើង​ឥទ្ធិពល​របស់​ចិន និង​លទ្ធភាព​នៃ​ការ​ជំពាក់​បំណុល​ចិន​វ័ណ្ឌក​របស់​កោះ​តូចៗ​ទាំងនោះ​ផង​។



​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​លោកស្រី Julie Bishop បាន​សន្យា​នៅ​ថ្ងៃ​អង្គារ​ទី ១៩ ខែមិថុនា​នេះ​ថា រដ្ឋាភិបាល​លោកស្រី​នឹង​ផ្តល់​ឲ្យ​ប្រទេស​កោះ​ប៉ាស៊ីហ្វិក​ដែលជា​មិត្ត​ជិតខាង​នូវ​កញ្ចប់​ហិរញ្ញវត្ថុ​ដែល​ប្រសើរ​ជាង​ជំនួយ​អភិវឌ្ឍ​ឬ​កម្ចី​របស់​ចិន​ផងដែរ​។

 ថ្លែងប្រាប់​សារព័ត៌មាន Sydney Morning Herald លោកស្រី Julie រដ្ឋាភិបាល​អូស្ត្រាលី​ចង់​ធានាថា ប្រទេសជិតខាង​ខ្លួន​មាន​ជម្រើស​ជាជាង​ពឹងផ្អែក​តែ​លើក​ម្ចី​ឬ​ជំនួយ​របស់​ចិន​នោះ​។ ហើយ​លោកស្រី​សង្កត់ធ្ងន់ថា បញ្ហា​នេះ​អាច​នាំ​ឲ្យ​មាន​ផល​អវិជ្ជមាន​ច្រើន​ផង​ក្នុងនោះ​មាន​ការជាប់​ជំពាក់ជំពិន​បញ្ហា​បំណុល និង​អាច​បាត់បង់​នូវ​អធិបតេយ្យ​របស់​រដ្ឋ​ផងដែរ​។​

​បច្ចុប្បន្ននេះ គម្រោង​ច្រើន​ស្អេក​ស្កះ​ត្រូវបាន​សាងសង់ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ «​ខ្សែក្រវាត់​មួយ​វិថី​មួយ​» (OBOR) ដែល​បង្កើតឡើង​ដោយ​មេដឹកនាំ​ចិន​លោក ស៊ី ជិន​ភីង​។ ប៉ុន្តែ​អូស្ត្រាលី​ហាក់​ព្រួយបារម្ភ​ខ្លាំង​ថា បណ្តា​រដ្ឋ​តូចៗ​នៅ​ប៉ាស៊ីហ្វិក​ទាំងនោះ​នឹង​វ័ណ្ឌក​ខ្លាំង​ដោយសារ​លុយ​កម្ចី​របស់​ចិន ហើយ​ធ្លាក់ខ្លួន​ស្ថិតក្រោម​ឥទ្ធិពល​ផ្តាច់មុខ​របស់​ចិន​ថែមទៀត​។​

​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ថា ចាប់ពី​ឆ្នាំ ២០០៦ ដល់​២០១៦ បើតាម​របាយការណ៍​វិទ្យា​ស្ថាន Lowvy របស់​អូស្ត្រាលី ចិន​បាន​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​រួមទាំង​កម្ចីសម្បទាន​ចំនួន ១,៧៨​ពាន់​លាន​ដុល្លារ​រួចទៅហើយ​។​

​លោកស្រី Bishop បាន​ថ្លែង​ដូច្នេះ​ថា​៖« កោះ​ប៉ាស៊ីហ្វិក​ជា​រដ្ឋ​អធិបតេយ្យ​។ យើង​ចង់​ធានាថា ពួកគេ​អាច​រក្សា​អធិបតេយភាព​របស់ខ្លួន​បាន ហើយ​គេ​អាច​ធានា​ការអភិវឌ្ឍ​នៃ​សេដ្ឋកិច្ច និង​មិន​ធ្លាក់​ផុងខ្លួន​នឹង​បញ្ហា​បំណុល​ឡើយ​។ បញ្ហា​នោះ គឺ វា​អាចមាន​ការលើកលែង​បំណុល​ជា​ថ្នូរ​នឹង​ការទទួលបាន​អ្វីដែល​មានតម្លៃ​ស្មើ ហើយ​ពួកគេ​នឹង​បាត់បង់​អធិបតេយ្យ​តែម្តង​»​។

​វិបត្តិ​បំណុល​នេះ​ធ្លាប់​កើតមានឡើង​រួចមកហើយ​ក្នុងនោះ​មាន​ស្រីលង្កា​ផង​។ ស្រីលង្កា​បានសម្រេច​អនុញ្ញាត​ឲ្យ​ចិន​គ្រប់គ្រង​កំពង់ផែ​ទឹក​ជ្រៅ​កាលពី​ឆ្នាំមុន​ក្រោម​កិច្ចព្រមព្រៀង​ជួល​រយៈពេល ៩៩​ឆ្នាំ បន្ទាប់ពី​រដ្ឋាភិបាល​ស្រីលង្កា​មិនមាន​លទ្ធភាព​សងបំណុល​ចិន​វិញ​នោះ​។

​ប្រមុខ​ការទូត​អូស្ត្រាលី​ខាងលើ​បាន​បន្ថែមទៀតថា អូស្ត្រាលី​នឹងធ្វើ​គ្រប់យ៉ាង​តាម​ដែល​អាច​ធ្វើបាន​ដើម្បី​ផ្តល់​ជម្រើស​សម្រាប់​ប្រទេស​នានា ដោយ​ឲ្យ​ពួកគេ​អាច​បន្ថយ​ការពឹង​ផ្អែកលើ​គំនិត​ផ្តួចផ្តើម​របស់​ចិន​។ លោកស្រី​បញ្ជាក់​ផងដែរ​ថា គម្រោង​អូស្ត្រាលី​នឹង​ប្រកួតប្រជែង​ជាមួយ​ចិន​ផង និង​បំពេញបន្ថែម​គ្នា​ទៅវិញទៅមក​ផងដែរ​។

​ដូច្នេះ គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​វិថី​មួយ​លែង​ជា​ប្រភព​ទុន​តែមួយ​សម្រាប់​ជួយ​ផ្គត់ផ្គង់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទៀតហើយ​។ យ៉ាងណាក៏ដោយ តំណាង​រដ្ឋាភិបាល​អូស្ត្រាលី​រូបនេះ​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា គម្រោង​នោះ​នឹង​ជា​អ្វី​ឲ្យ​ប្រាកដ​ឡើយ ប៉ុន្តែ​លោកស្រី​គ្រាន់តែ​បង្ហើប​ថា អូស្ត្រាលី​នឹង​ពិភាក្សា​ជាមួយ​អង់គ្លេស​ដើម្បី​ស្វែងរក​លទ្ធភាព​បង្កើត​កិច្ចសហប្រតិបត្តិការ​លើគ​ម្រោ​ង​ប៉ាស៊ីហ្វិក​ផង​៕


Tag:
 អូស្ត្រាលី​
  ចិន​
  ប៉ាស៊ីហ្វិក​
  Julie Bishop
© រក្សាសិទ្ធិដោយ thmeythmey.com