អន្តរជាតិ
អាមេរិកប្រកាសដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ព្រោះធ្វើបាបតែអ៊ីស្រាអែល អគ្គរដ្ឋទូតអាមេរិកប្រចាំ UN នីគី ហេលី និងរដ្ឋមន្រ្តីការបរទេស ម៉ៃ ប៉ុបប៉េអូ (រូបភាព AFP)
× សហរដ្ឋអាមេរិក នៅថ្ងៃទី១៩ ខែមិថុនា បានសម្រេចចិត្តដើរចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលជាស្ថាប័នកំពូលផ្នែកសិទ្ធិមនុស្សរបស់ពិភពលោក។ អាមេរិកបានចោទក្រុមប្រឹក្សានេះថា ជាស្ថាប័នដែលលាក់ពុត និងព្យាយាមរករឿងតែអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។ អាមេរិកក៏អះអាងថា នេះជាការសម្រេចចិត្តជាយូរមកហើយ មិនពាក់ព័ន្ធការថ្កោលទោសរបស់ក្រុមប្រឹក្សាមួយនេះជុំវិញគោលនយោបាយបំបែកគ្រួសារអន្តោប្រវេសន៍របស់អាមេរិកឡើយ។
៩ ឆ្នាំក្រោយចូលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អាមេរិកក៏សម្រេចចិត្តដកខ្លួនចេញពីវិញ។ អាមេរិកបានក្លាយជាសមាជិកក្រុមប្រឹក្សានេះក្នុងរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០០៩ ប៉ុន្តែរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ មិនពេញចិត្តស្ថាប័នមួយនេះឡើយ និងបានគំរាមដើរចេញជាច្រើនលើក បើការទាមទារឲ្យមានការកែទម្រង់ស្ថាប័នអន្តរជាតិមិនដំណើរការទៅមុខទេនោះ។
លែងចាំទៀតបាន អាមេរិកក៏បានប្រកាសដើរចេញតែម្ដងនៅថ្ងៃទី១៩ ខែមិថុនា។ អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ នីគី ហេលី ជាអ្នកប្រកាសដើរចេញនេះ ក្រោយជំនួបជាមួយលោក ត្រាំ និងរដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ នៅទីក្រុងវ៉ាស៊ីនតោន។ ទោះជាការប្រកាសដកខ្លួនធ្វើឡើងក្រោយមន្ត្រីក្រុមប្រឹក្សាសិទ្ធិមនុស្សរិះគន់នយោបាយអន្តោប្រវេសន៍លោក ត្រាំ ក្ដី មន្ត្រីអាមេរិកបកស្រាយថា រឿងនេះមិនទាក់ទងគ្នាឡើយ។
ទាំងលោកស្រី ហេលី ទាំងលោក ប៉ុមប៉េអូ បាននិយាយការពារខ្លួនថា ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីខ្លួនទុកពេលឲ្យក្រុមប្រឹក្សានេះមួយឆ្នាំដើម្បីកែទម្រង់ និងបណ្ដេញសមាជិកដែលជាប់ឈ្មោះបំពានសិទ្ធិមនុស្សចេញផង។ មន្ត្រីអាមេរិកទាំងពីរទំនងនិយាយឲ្យចិន គុយបា និងកុងហ្គោជាដើម ដែលសុទ្ធសឹងជាប្រទេសមានប្រវត្តិសិទ្ធិមនុស្សមិនល្អ តែកំពុងអង្គុយកៅអីជាសមាជិកអង្គការគាំពារសិទ្ធិមនុស្សដ៏ធំមួយនេះ។
ក្រៅពីរឿងកែទម្រង់នេះ អាមេរិកក៏មិនពេញចិត្តក្រុមប្រឹក្សាសិទ្ធិមនុស្សដែលរករឿងតែអ៊ីស្រាអែល។ ទង្វើរបស់អ៊ីស្រាអែលលើជនជាតិប៉ាឡេស្ទីនលើទឹកដីប៉ាឡេស្ទីន គឺជាប្រធានបទមិនដែលបាត់មុខឡើយក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សានេះ។ ទន្ទឹមនឹងការចោទក្រុមប្រឹក្សានេះថា ធ្វើឲ្យអន្តរាយដល់របៀបជ្រើសរើសសមាជិករបស់ខ្លួន លោក ប៉ុមប៉េអូ និយាយថា ការលំអៀងជាបន្តបន្ទាប់ប្រឆាំងអ៊ីស្រាអែល គឺជារឿងគ្មានស្មារតីតែម្ដង។
ការដើរចេញលើកនេះ ដែលស្របតាមនយោបាយរបស់លោក ត្រាំ គឺជាការដើរចេញលើកទីបួនរបស់អាមេរិក។ ក្រោយចូលកាន់តំណែងជាប្រធានាធិបតី លោក ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (TPP) កិច្ចព្រមព្រៀងប៉ារីសឆ្នាំ២០១៥ ស្ដីពីបម្រែបម្រួលអាកាសធាតុ (Paris Climate Agreement) និងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ (JPCOA)។ លោក ត្រាំ អះអាងថា កិច្ចព្រមព្រៀងនេះទាំងនេះមិនបម្រើផលប្រយោជន៍អាមេរិកឡើយ៕
Tag:
អាមេរិក
ក្រុមប្រឹក្សាសិទ្ធិមនុស្ស
UN
© រក្សាសិទ្ធិដោយ thmeythmey.com