FIFA
កីឡាជាតិ
ជាតិ
សមត្ថកិច្ចបង្ក្រាបទីតាំងភ្នាល់បាល់ជ្រកក្រោមយីហោកាហ្វេនៅក្រុងតាខ្មៅ
× សមត្ថកិច្ចបានបង្ក្រាបទីតាំងភ្នាល់បាល់និងចាក់កន្ទុយលេខជ្រកក្រោមយីហោ«ស្ពតកាហ្វេ» ដ៏ធំមួយកន្លែងនៅក្រុងតាខ្មៅ ក្នុងរដូវកាលប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ FIFA World Cup នេះ។ ប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចឃាត់ខ្លួនបុគ្គលិកនិងអ្នកភ្នាល់បាល់បានចំនួន៦នាក់ រួមជាមួយវត្ថុតាងមួយចំនួន។
ស្របពេលប្រទេសរុស្ស៊ីកំពុងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក FIFA World Cup 2018 សមត្ថកិច្ចនៃការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយនគរបាលក្រុងតាខ្មៅបានចុះបង្ក្រាបទីតាំងភ្នាល់បាល់និងកត់កន្ទុយលេខជ្រកក្រោមយីហោ «ស្ពតកាហ្វេ» មួយកន្លែងនៅភូមិតាខ្មៅ១ ក្រុងតាខ្មៅ ខេត្ដកណ្ដាល កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨។ ព្រឹត្តិការណ៍ World Cup ដែលមាន៣២ក្រុមចូលរួមឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១៤ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨។
ប្រតិបត្តិការបង្ក្រាបក្រោមការដឹកនាំរបស់លោក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនេះ សមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលិកបម្រើការងារនៅទីតាំងខាងលើចំនួន៣នាក់និងអ្នកភ្នាល់បាល់ចំនួន៣នាក់។ ជាមួយគ្នានេះ សមត្ថកិច្ចបានរឹបអូសបានវត្ថុតាងមួយចំនួនដូចជា ម៉ាស៊ីនម៉ូនីទ័រ៤គ្រឿង, កំព្យូទ័រ៦គ្រឿង, ម៉ូតូ៦គ្រឿង, ថវិកា១,៧០០,០០០រៀលនិង១៣៣ដុល្លារ, ម៉ាស៊ីនគិតលេខ៣គ្រឿង, ម៉ាស៊ីនព្រីនវិក័យបត្របាល់២គ្រឿង, រ៉ូលបាល់៤ដុំ, ធុងហិបឆ្នោត១, សន្លឹកឆ្នោតផ្សងសំណាង៧ដុំ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។ នេះបើយោងតាមសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ដែលបានបន្តថា បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕
Tag:
បាល់ទាត់
តាខ្មៅ
FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com