អន្តរជាតិ
ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ថា ការកើនឡើង​នៃ​ទស្សនៈ​ជាតិនិយម​ជ្រុល​គំរាមកំហែង​ដល់​សន្តិភាព​ពិភពលោក​
21, Jun 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ហ្សឺ​ណែវ ៖ ប្រតិភូ​ដែល​បាន​ចូលរួម​នៅក្នុង​សម័យប្រជុំ​លើក​ទី ៣៨ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បានធ្វើការ​កោតសរសើ​រ​ចំពោះ​លោក Zeid Ra’ad Al Hussein ក្រោយពី​លោក​បានបញ្ចប់​ការ​ថ្លែង​សុន្ទរកថា​លើកចុងក្រោយ​របស់លោក​មុននឹង​លោក​បញ្ចប់​មុខតំណែង​ជា​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​ចុងខែ​សីហា​ខាងមុខនេះ​។​



​នៅឯ​ចុងបញ្ចប់​នៃ​អាណត្តិ​របស់លោក​ដូចនេះ ទំនងជា​បានធ្វើអោយ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​រូបនេះ​អាច​និយាយ​ដោយ​ឥត​សំចៃមាត់​ជាង​ធម្មតា​។​

​លោក​មានការ​សោកស្ដាយ​ជាពិសេស​ចំពោះ​ការកើនឡើង​នៃ​ទស្សនៈ​ជាតិនិយម​ជ្រុល​ដែល​បាន​ជំរុញ​ដោយ​អ្វីដែល​លោក​បាន​ហៅថា​ជា​អ្នកដឹកនាំ​ដែល​បម្រើ​ប្រយោជន៍​ខ្លួនឯង​។​

​លោក Zeid Ra’ad Al Hussein បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​មានតែ​ការធ្វើ​ផ្ទុយ​ពី​ទស្សនៈ​ជាតិនិយម មានតែ​ប្រទេស​នីមួយៗ​ធ្វើការ​សម្រាប់​គ្នា​ទៅវិញទៅមក សម្រាប់​មនុស្ស​គ្រប់គ្នា សម្រាប់​សិទ្ធិមនុស្ស​របស់​មនុស្ស​គ្រប់រូប​តែប៉ុណ្ណោះ​ទេ ទើប​អាច​ទទួលបាន​សន្តិភាព​…..​ដោយ​គ្រាន់តែ​ហ៊ាន​ចេញមុខ​និយាយ ក៏​យើង​អាច​ចាប់ផ្ដើម​ប្រយុទ្ធប្រឆាំង​ទៅនឹង​ការកើនឡើង​នៃ​ការគំរាមកំហែង​នៃ​ទស្សនៈ​ជាតិនិយម​ជ្រុល​ដែល​រារាំង​អនាគត​របស់​ពួកយើង​បានដែរ​»​។​

​លោក​បាន​សម្ដែង​ការព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​គោលនយោបាយ​អន្តោប្រវេសន៍​របស់​សហរដ្ឋអាមេរិក ដែល​បានអនុម័ត​កាលពីពេល​ថ្មីៗ​នេះ ដែល​កុមារ​ត្រូវបាន​ចាប់បង្ខំ​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​ឪពុកម្ដាយ​របស់​ពួកគេ​ដែល​ឆ្លង​ចូលមកក្នុង​សហរដ្ឋអាមេរិក​ដោយ​ខុសច្បាប់​។​

​លោក​បាន​និយាយថា គោលនយោបាយ​ទាំងនេះ​ដាក់ទណ្ឌកម្ម​ទៅលើ​កុមារ​ដោយសារតែ​ទង្វើ​របស់​ឪពុកម្ដាយ​របស់​ពួកគេ​។ លោក Zeid Ra’ad Al Hussein បាន​បន្តទៀតថា​៖ «​សមាគម​អាមេរិក​សម្រាប់​ផ្នែក​វេជ្ជសាស្ត្រ​កុមារ​បាន​ហៅ​ការអនុវត្ត​យ៉ាង​ឃោរឃៅ​នេះ​ថា​ជាការ​រំលោភបំពាន​លើ​កុមារ​ដោយសារ​ការដាក់ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​អាមេរិក ដែល​អាច​បណ្ដាលអោយមាន​ការឈឺចាប់​មិនអាច​ស្ដារឡើងវិញ​បាន ដោយមាន​ផលប៉ះពាល់​ពេញ​មួយជីវិត​។ ចំពោះ​ការណ៍​ដែល​ប្រទេស​ណាមួយ​មានបំណង​រារាំង​ឪពុកម្ដាយ​ដោយ​បង្ក​ឲ្យ​មានការ​រំលោភបំពាន​ដូចនេះ​លើ​កុមារ​គឺជា​ការដែល​មិនអាច​ទទួលយក​បានជា​ដាច់ខាត​»​។​

​ឧត្ដមស្នងការ​រូបនេះ​បាន​ថ្កោលទោស​ការរំលោភបំពាន​សិទ្ធិមនុស្ស​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ី​រី មី​យ៉ាន់​ម៉ា វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​នី​កា​រ៉ា​ហ្គា និង​បាន​ផ្ដោត​ជាពិសេស​លើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេសមួយ​ចំនួន​នៃ​ទ្វីបអាហ្វ្រិក​ដូចជា​ប្រទេស​ប៊ូ​រុន​ឌី កា​មេ​រូ​ន អេ​ហ្ស៊ី​ប និងរ​វ៉ាន់ដា​។​

​លោក​បាន​សម្ដែង​ការបារម្ភ​ជាខ្លាំង​អំពី​ស្ថានភាព​នៅក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង ដែល​នៅ​ទីនោះ​មាន​ករណី​ចាប់រំលោភ និង​សម្លាប់​ជាច្រើន​ដែល​បានធ្វើ​ឡើង​ដោយ​កងកម្លាំង​របស់រ​ដ្ឋា​ភិ​បាល​នៅក្នុង​រដ្ឋ Unity ចាប់តាំងពី​ខែមេសា​មក​។​

​លោក Zeid Ra’ad Al Hussein បាន​បន្តទៀតថា​៖ «​មន្ត្រី​សិទ្ធិមនុស្ស​ជាច្រើន​បាន​ចងក្រង​ការរំលោភ​លើ​កុមារ​ដែលមាន​អាយុ​ក្មេង​រហូតដល់ ៤ ឆ្នាំ​ក៏មាន និង​ករណី​មួយចំនួនទៀត​ដែល​ស្ត្រី មនុស្ស​ចាស់ និង​មនុស្ស​ផ្សេងៗ​ទៀត​ត្រូវបាន​ព្យួរ និង​ដុត​ទាំង​រស់ ដែល​ចំណុច​នេះ​ស្ដែង​ឲ្យ​ឃើញ​ពី​យុទ្ធសាស្ត្រ​យោធា​ដែល​មានបំណង​បំផ្លាញ​អ្វីៗ​គ្រប់យ៉ាង​ដែលមាន​ប្រយោជន៍​ដល់​សត្រូវ​»​។​

​លោក Zeid ក៏បាន​រិះគន់​ផងដែរ​ចំពោះ​ការរំលោភបំពាន​របស់​អ៊ីស្រាអែល​ក្នុង​ដែនដី​ប៉ា​ឡេ​ស្ទី​ន​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com