ជាតិ
ពីនេះ ពីនោះ
រូបភាព៖ អ៊ឹម សេដ្ឋា
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីឥតស្រកាមួយប្រភេទ ដែលជាប្រភេទត្រីទឹកសាប រស់នៅក្នុងទន្លេ អូរ ស្ទឹង បឹងបួរ អាងស្តុកទឹក និងតំបន់វាលទំនាបលិចទឹក។
ត្រីសណ្តាយ មានឈ្មោះវិទ្យាសាស្ត្រ (Wallago attu) និងឈ្មោះជាភាសាអង់គ្លេស Wallago។ វាមានប្រវែងដងខ្លួនអតិបរមា ២៤០ ស.ម។ ត្រីសណ្តាយ ជាប្រភេទត្រី ល្មោភស៊ីមិនចេះឆ្អែតដ៏ធំមួយ ដែលស៊ីសាច់ជាអាហារ និងធំលួតលាស់នៅតាមមាត់ច្រាំងទន្លេ អូរដែលមានដុះស្មៅ និងភាគច្រើនវាលាក់ខ្លួននៅក្នុងរន្ធ។
ត្រីសណ្តាយ ជាប្រភេទត្រីដែលមានសកម្មភាពយឺត ស្ងប់ស្ងាត់ ស្វែងរកចំណីនៅបាតទន្លេជ្រៅៗ ទឹកនឹង ឬទឹកហូរតិចៗ ព្រមទាំងនៅស្រទាប់បាតក្រោមមានភក់ ឬល្បាប់ផងដែរ។ ត្រីសណ្តាយវ័យជំទង់ អាហារចម្បងរបស់វាគឺសត្វល្អិត ចំណែកឯត្រីពេញវ័យ ស៊ីត្រីតូចៗ កំពិស ក្តាម និងសិប្បីជាតិ។ វាធ្វើចរាចរផ្ទាស់ទីចូលទៅក្នុងស្ទឹងតូចៗ ប្រឡាយ និងតំបន់លិចទឹក ក្នុងរដូវទឹកជំនន់ដើម្បីពង-កូន។ ជាទូទៅ ត្រីប្រភេទនេះពងដាក់ជាប់នឹងរុក្ខជាតិដែលដុះក្នុងទឹក ឬស្មៅ ហើយវានឹងញាស់នៅក្នុងរយៈពេលបីថ្ងៃក្រោយ។ នៅពេលកម្រិតទឹកជំនន់ទន្លេមេគង្គស្រកចុះ ត្រីសណ្តាយក៏វិលត្រឡប់ចូលមេគង្គ ឬដៃទន្លេធំៗវិញ ទីដែលវាស្នាក់នៅក្នុងអាងទឹកជ្រៅទាំងនោះ រហូតដល់រដូវទឹកជំនន់លើកក្រោយចូលមកដល់។ ត្រីសណ្តាយ ត្រូវបានគេកត់ត្រាចូលក្នុង បញ្ជីរក្រហម IUCN Red List (Near Threatened) ជាប្រភេទត្រីកំពុងឈានទៅរងការគំរាមកំហែងរងគ្រោះផុតពូជក្នុងឆ្នាំ ២០១០។
ទោះយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុ ការនេសាទហួសកម្រិត ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ដោយប្រើចរន្តអគ្គិសនីឆក់ ដែលគេនិយមហៅថា ឆក់ក្តៅ ឆក់ត្រជាក់ ដែលជាឧបករណ៍នេសាទដ៏គ្រោះថ្នាក់បំផុតសម្រាប់មច្ឆជាតិ និងការសាងសង់ទំនប់វារិអគ្គីសនី សុទ្ធតែជាបញ្ហាប្រឈមដល់កំណើតពួកវា។ ទៅថ្ងៃអនាគត ប្រភេទត្រីចំនួននៅក្នុងប្រទេសកម្ពុជា អាចនឹងឈានទៅផុតពូជ បើពុំមានការចូលរួមពីមជ្ឈដ្ឋានទូទៅ ដើម្បីថែរក្សាការពារធនធានមច្ឆជាតិស្រុកយើងទាំងអស់គ្នាទេនោះ។
© រក្សាសិទ្ធិដោយ thmeythmey.com