ជាតិ
សេដ្ឋកិច្ច
កុំព្យូទ័រ​ម៉ាក Koompi ដែល​បង្កើត​ដោយ​យុវជន​ខ្មែរ ចាប់ផ្ដើម​លក់​ពី​ខែកក្កដា​ទៅ​
27, Jun 2018 , 6:04 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ Koompi (​គម្ពី​) គឺជា​ម៉ាក​កុំព្យូទ័រ​ថ្មី ដែល​បង្កើតឡើង​ដោយ​ក្រុម​កូន​ខ្មែរ​២​នាក់ និង​ជនជាតិ​បរទេស​ម្នាក់​។ នៅ​ឆ្នាំ​២០១២ លោក ធុល រិទ្ធី បានចាប់ផ្ដើម​មានគំនិត​ចង់​បង្កើត​កុំព្យូទ័រ​សម្រាប់​ឲ្យ​សិស្សានុសិស្ស ប្រើប្រាស់ ពេល​ចាប់ផ្ដើម​រៀន​ដំបូង​។ បន្ទាប់ពី​មានគំនិត សហ​ស្ថាបនិក​ក្រុម SmallWorld រូបនេះ បានចាប់ផ្ដើម​សាកល្បង​បង្កើត​កម្មវិធី Software ថ្មី ជាមួយនិង​កុំព្យូទ័រ​ចាស់ៗ ដោយមាន​ការសហការ​ពី​ប្អូនប្រុស​របស់លោក និង​មិត្ត​ភ័ក្តិ របស់លោក​ម្នាក់ទៀត​ជា​ជនជាតិ​ស៊ីម​បា​វ៉េ​។ ទីបំផុត​ទៅ​កុំព្យូទ័រ​ថ្មី ក៏បាន​លេចចេញ​រូបរាង​ជា​ផ្លូវការ ហើយនឹង​បើកទទួល​កា​រក​ម្ម៉​ង់​ទិញ​ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា តទៅ នៅក្នុង​តម្លៃ ៣៦៩​ដុល្លារ​។​



​លោក ធុល រិទ្ធី បាន​ឲ្យ​ដឹង​ទៀតថា​កុំព្យូទ័រ​យួរដៃ ដែល​គ្រោង​ដាក់លក់​នេះ​មាន​ឈ្មោះថា Koompi (​គម្ពី​) និង​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ឈ្មោះថា KromaOS ។ កុំព្យូទ័រ​នេះ មាន​ទំហំ​នៃ​ការប្រើប្រាស់​ដូចជា​៖



-8GB RAM (Minimum 4GB)
-CPU 1.1Ghz (Mobile version)
-256GB SSD (Minimum 128GB)
-Core i3 (Final confirm in a couple week, but that is the goal)
-Battery 7h

​ចំពោះ​កុំព្យូទ័រ​យួរដៃ​ដំបូង​នេះ នឹង​ដាក់លក់​ក្នុងតម្លៃ​៣៦៩​ដុល្លារ  និង​មាន​ការធានា​លើ​ការប្រើប្រាស់​រយៈពេល​មួយឆ្នាំ​។ Small World គ្រោង​នឹង​ផលិត​ចំនួន​កុំព្យូទ័រ​ម៉ាក​Koompi នេះ​ចំនួន​៥០០​គ្រឿង ដោយមាន​ការដំឡើង​ធ្វើ​នៅ កោះ​តៃវ៉ាន់​។​

​នៅក្នុង​ឱកាស​ទទួល​កា​រក​ម្ម៉​ង់​ដំបូង​នេះ SmallWorld  នឹងមាន​ការបញ្ចុះ​តម្លៃ​ចំនួន​៣០​ដុល្លារ ដែល​អាច​ដកយក​ជា​ទឹកប្រាក់​វិញ ឬ​ផ្ដល់​ដល់​កម្មវិធី​សប្បុរសធម៌ នៅតាម​អង្គ​ការដែល SmallWorld បាន​សហការ​ជាមួយ​ក៏បាន​។ រាល់​ថវិការ​ដែល​ទទួល​បាន​ពី​ការលក់​កុំព្យូទ័រ​នេះ SmallWorld នឹង​ដក​ចំនួន ៣​ដុល្លារ​សម្រាប់​ផ្ដល់​ដល់​អង្គការ​ណាមួយ​ដែល​ស្ថាបន​នេះ​គិតថា សាក​សម​នឹង​ទទួលយក​។​



​ជាមួយគ្នានេះដែរ ដើម្បី​រួមចំណែក​ដល់​អ្នក​ដែល​ចង់បាន​កុំព្យូទ័រ​នេះ​យកទៅ​ប្រើប្រាស់ តែ​មិនមាន​លទ្ធភាព​គ្រប់គ្រាន់ SmallWorld ក៏មាន​ការសហការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​ផ្ដល់​ជា​កម្ចី​ដែលមាន​ការប្រាក់​ទាប ក្នុង​ការបង់​រំ​លោះ យក​កុំព្យូទ័រ​នេះ​យកទៅ​ប្រើប្រាស់​។​

​ក្រោយ​មានការ​សាកល្បង​ជាច្រើនលើក​ច្រើនសា​អស់​រយៈពេល​៣​ឆ្នាំ លោក រិទ្ធី សង្ឃឹមថា នឹង​អាច​លក់​កុំព្យូទ័រ​នេះ​បាន​ចំនួន​កន្លះ​លាន​គ្រឿង លើ​ទីផ្សារ​ប្រទេស​កម្ពុជា​។ ជាងនេះទៅទៀត សហ​ស្ថាបនិក SmallWorld រូបនេះ ក៏មាន​គម្រោង​ចង់​ពង្រីក​ទីផ្សារ​របស់ខ្លួន​ទៅកាន់​ប្រទេសជិតខាង​ផងដែរ​។ អ្វីដែល​សំខាន់​នោះ លោក​មានបំណង​ចង់​ឲ្យ​កុំព្យូទ័រ​យួរដៃ របស់ខ្លួន មាន​រោងចក្រ​ផលិត​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​៕





















Tag:
 Coompi
  គម្ពី​
  កុំព្យូទ័រ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com