អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្ស​កុម្មុយនីស្ត​ចិន​ពិនិត្យ​លក្ខខណ្ឌ​រើស​មន្ត្រី​វ័យក្មេង​ឲ្យ​អនុវត្ត​ទស្សនវិស័យ​«​ស៊ី ជិន​ភីង​»​នា​សករាជ​ថ្មី​ប្រកបដោយ​ប្រសិទ្ធ​ផល​
01, Jul 2018 , 7:39 pm        
រូបភាព
ដោយ:
 បក្ស​កុម្មុយនីស្ត​ចិន​ដឹកនាំ​ដោយ​លោក​អគ្គលេខាធិការ​បក្ស ស៊ី ជិន​ភីង បាន​ប្រជុំ​ពិនិត្យឡើងវិញ​លើ​លក្ខខណ្ឌ និង​ឯកសារ​តម្រូវ​ចាំបាច់​មួយចំនួន​សម្រាប់​ការជ្រើសរើស​មន្ត្រី​វ័យក្មេង​ដែលមាន​សក្តានុពល​ដើម្បី​អនុវត្ត​ទស្សនវិស័យ​របស់ លោក ស៊ី ជិន​ភីង ឲ្យ​កាន់​តែមាន​ប្រសិទ្ធ​ផល​។​


​បក្ស​កុម្មុយនីស្ត​ចិន នៅ​ថ្ងៃ​២៩ មិថុនា បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ស្តីពី​លទ្ធផល​នៃ​យុទ្ធសាស្ត្រ​ថ្មី​របស់​បក្ស​ក្នុងការ​ពិនិត្យឡើងវិញ​លើ​លក្ខខណ្ឌ​នៃ​ការពិនិត្យ និង​ជ្រើសរើស​អ្នកអនុវត្ត​គោលនយោបាយ​ដែលជា​មន្ត្រី​វ័យក្មេង​ដ៏​មាន​សក្តានុពល​របស់​ប​ក្ស​កុម្មុយនីស្ត​ចិន​។ 
 
​តាម​ការចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua សេចក្តីថ្លែងការណ៍​នោះ បាន​បញ្ជាក់ថា វា​ជា​កិច្ចការ​ដ៏​សំខាន់​ក្នុងការ​បណ្តុះបណ្តាល និង​ជ្រើសរើស​មន្ត្រី​វ័យក្មេង ដ្បិត​បក្ស​នឹងមាន​មន្ត្រី​ដែលមាន​សមត្ថភាព និង​វិជ្ជាជីវៈ​ខ្ពស់​ដើម្បី​ដឹកនាំ​ប្រជាជន​ទាំង​ក្នុង​ការកសាង​គម្រោង និង​ប្រែក្លាយ​ក្តី​សុបិន​របស់​ចិន​ឲ្យ​ក្លាយជា​ការពិត​។ 
 
​សេចក្តីថ្លែងការណ៍​ដដែល​នោះ បាន​បន្តទៀតថា គោលបំណង​ក្នុងការ​ដឹកនាំ​នា​សករាជ​ថ្មី តម្រូវ​ឲ្យ​បក្ស​ត្រូវមាន​ស្មារតី​នៃ​ការទទួលខុសត្រូវ​កាន់​តែ​រឹងមាំ ដោយ​ផ្សារភ្ជាប់​ជាមួយ​ទស្សនវិស័យ និង​ប្រសិទ្ធ​ផល និង​ពិសេស​នោះ ត្រូវមាន​ការកំណត់​អត្តសញ្ញាណ​ជាក់លាក់​លើ​មន្ត្រី​វ័យក្មេង​ដែលមាន​សក្តានុពល ហើយ​បណ្តុះបណ្តាល​ពួកគេ​ឲ្យ​ស្របតាម​គោលការណ៍​របស់​បក្ស និង​រដ្ឋ​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល ការណ៍​ដែល​បក្ស​កុម្មុយនីស្ត​ចិន ត្រូវ​ពិនិត្យឡើងវិញ​លើ​លក្ខខណ្ឌ​នៃ​ការជ្រើសរើស​មន្ត្រី​វ័យក្មេង​របស់ខ្លួន​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការបញ្ចូល​មន្ត្រី​វ័យក្មេង​ឲ្យ​គ្រប់គ្រាន់​ទៅនឹង​តម្រូវការ និង​ជាពិសេស​នោះ​ដើម្បី​ទទួលបាន​មន្ត្រី​វ័យក្មេង​ដែល​ស្មោះ​ស្ម​គ្រ័​ក្នុងការ​អនុវត្ត «​គំនិត​នយោបាយ​របស់​លោក​ប្រធានាធិបតី ស៊ី ជិន​ភីង ក្នុង​របប​សង្គមនិយម​តាមបែប​ចិន​នា​សករាជ​ថ្មី​» និង​មន្ត្រី ដែល​បម្រើប្រជាជន​ដោយ​ប្រើ​បេះដូង​ពិតប្រាកដ​។ 
 
​សូម​ជម្រាប​ផងដែរ​ថា លោក ស៊ី ជិន​ភីង ដែលជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន និង​ជា​ប្រធានាធិបតី​ចិន​ផងដែរ​នោះ ត្រូវបាន​ប្រទេស​ចិន​ចាត់ទុកជា​មេដឹកនាំ​ជោគជ័យ និង​មាន​ឥទ្ធិពល​បំផុត​របស់ ប្រទេស​ទាំង​ក្នុងការ​កែទម្រង់​ជាតិ និង​ក្នុង​ឆាក​អន្តរជាតិ​៕ 
 

Tag:
 ស៊ី ជិន​ភីង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com