ជាតិ
សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​នៅ​កម្ពុជា ពន្យល់​ពី​ចំណុច​សំខាន់ៗ​ដែល​ត្រូវអនុវត្ត​ដើម្បី​សុវត្ថិភាព​ពេល​បើកបរ​
01, Jul 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
 ​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​នៅ​កម្ពុជា (CAIF) ដែលជា​សមាគមន៍​មួយ​ប្រមូលផ្តុំ​ទៅដោយ​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​រថយន្ត​នៅក្នុង​កម្ពុជា ក៏មាន​វត្តមាន នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​អឺរ៉ុប ដែលមាន​ក្រុមហ៊ុន​ចំនួន​៥១ ចូលរួម​ផងដែរ​។


​ក្នុងនាម​ជា​សមាជិក CAIF និង​ជា​សមាជិក​ក្រុមប្រឹក្សា​នៃ​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​នេះ​ផង​លោក ជេ​ម​ស៍ ហ្សឹ​ម​ឃី (James ZEMKE) អគ្គនាយក​ក្រុមហ៊ុន Mercedes-Benz ប្រចាំ​កម្ពុជា បាន​ឆ្លៀត​ពន្យល់​ត្រួសៗ​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅក្នុង​ស្តង់​ពិព័រណ៍​របស់ CAIF​តែម្តង​។ 
​សូម​ទស្សនា​កិច្ច​សម្ភាស​រវាង កញ្ញា ខន ចំប៉ា អ្នកកាសែត​នៃ​សារពត៌មាន​ថ្មីៗ និង​លោក ជេ​ម​ស៍ ហ្សឹ​ម​ឃី  អគ្គនាយក​ក្រុមហ៊ុន Mercedes-Benz​ដូចតទៅ​៖ 
 
​បើតាម​លោក មាន​កត្តា​សំខាន់ៗ​មួយចំនួន​ដែល​អ្នកបើកបរ​រយ​ន្ត​ទាំងអស់​ត្រូវតែ​ប្រកាន់ខ្ជាប់ ដែលមាន​ដូចជា អ្នកបើកបរ​រថយន្ត​ត្រូវតែ​យល់ដឹង និង​អនុវត្ត​តាមច្បាប់​ចរាចរណ៍​។ ទន្ទឹមនឹងនេះ ពួកគាត់​ក៏ត្រូវ​បើកបរ​ដោយ​ប្រកាន់ខ្ជាប់​នូវ​ឥរិយាបថ​បើកបរ​ល្អ​ផងដែរ ដោយ​ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព មិន​ប្រើប្រាស់​ទូរ​សព្ទ​ក្នុងពេល​បើកបរ កុំ​បើកបរ​ពេល​ស្រវឹង និង​បើកបរ​ដោយ​ប្រុងប្រយ័ត្ន​ជានិច្ច​។ នេះ​បើតាម​អគ្គនាយក​ក្រុមហ៊ុន Mercedes-Benz ដដែល​។​
 
​តាម​លោក ជេ​ម​ស៍ ហ្សឹ​ម​ឃី ដដែល​ការថែទាំ​រថយន្ត​ទៀងទាត់ និង​ការប្រើប្រាស់​គ្រឿងបន្លាស់​ដែល​សុទ្ធ​ល្អ ក៏​អាច​បញ្ចៀស​បាន​គ្រោះថ្នាក់​ដែរ​។ លោក​ពន្យល់​ដូច្នេះ​៖«​អ្នកបើកបរ​ត្រូវ​ថែទាំ​រថយន្ត​ជាប្រចាំ​ដូចជា​ការត្រួតពិនិត្យ​កង់​រថយន្ត ប្រេង​ហ្វ្រាំង ដុំ​ហ្វ្រាំង និង​ផ្លិត​ទឹកជា​ដើម​។ មួយទៀត​ការប្រើ​គ្រឿង​ក្លែងក្លាយ​ដែលមាន​គុណភាព​ទាប ក៏បង្ក​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ដែរ ដូច្នេះ​អ្នកបើកបរ​ត្រូវ​គិតពី​សុវត្ថិភាព​រយៈពេល​វែង និង​សុវត្ថិភាព​របស់​ក្រុមគ្រួសារ​ទាំងមូល​»​។​
 
​លោក ជេ​ម​ស៍ ហ្សឹ​ម​ឃី ក៏បាន​ជំរុញ​ឲ្យ​ប្រើប្រាស់​រថយន្ត​ដែល​ល្អ​ផងដែរ ដើម្បី​រក្សា​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​អ្នកបើកបរ​គ្រប់រូប​។ មានន័យថា អ្នក​ត្រូវ​ទិញ​រថយន្ត​ពី​អ្នកលក់​ដែល​ល្អ ទិញ​រថយន្ត​ដែល​ផលិតឡើង​ស្របតាម​ស្ថានភាព​ផ្លូវ ត្រូវ​នឹង​ប្រភេទ​ប្រេង និង​អាកាសធាតុ​នៅ​កម្ពុជា និង​រថយន្ត​ដែល​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព ដើម្បី​ការពារ​ខ្លួន​អ្នក និង​ក្រុមគ្រួសារ​៕
 
 

Tag:
 យានយន្ត​
 ​រថយន្ត​
 ​ចរាចរណ៍​
  James ZEMKE
  Mercedes
  CAIF
© រក្សាសិទ្ធិដោយ thmeythmey.com