កីឡាជាតិ
ជាតិ
AFF U19៖ កម្ពុជាប្រកួតបើកឆាកជាមួយព្រុយណេនៅយប់នេះ សកម្មភាព U19 កម្ពុជាហ្វឹកហាត់ត្រៀមមុនការប្រកួតជាមួយជាមួយព្រុយណេ, រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា ត្រូវតទល់ជាមួយក្រុមព្រុយណេ សម្រាប់ជំនួបបើកឆាកពូល B នៃពានរង្វាន់ AFF U19 Championship 2018 នាម៉ោង៧យប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ នៅកីឡដ្ឋាន Gelora Joko Samudro Stadium ប្រទេសឥណ្ឌូណេស៊ី។--
បើតាមប្រវត្តិក្រុមទាំងពីរធ្លាប់ជួបគ្នាក្នុងពានរង្វាន់បាល់ទាត់អាស៊ានកម្រិតយុវជននេះចំនួន៣លើករួចមកហើយ ដោយឈ្នះម្នាក់១លើក និងស្មើ១លើក។ នាការប្រកួតនៅពហុកីឡដ្ឋានជាតិកាលពីឆ្នាំ២០០២ ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១។ ដោយកាលណោះ ថៃគ្រងជើងឯក រីឯមីយ៉ាន់ម៉ាជើងឯករង ខណៈឡាវទទួលបានចំណាត់ថ្នាក់លេខ៣ និងវៀតណាមលេខ៤។
នៅឆ្នាំ២០០៧ ពេលវៀតណាម ធ្វើជាម្ចាស់ផ្ទះក្រុមកម្ពុជាបានប្រកួតចាញ់ក្រុមព្រុយណេក្នុងលទ្ធផល ២-១។ សម្រាប់ការប្រកួតដែលមាន៨ក្រុមចូលរួម ម្ចាស់ផ្ទះវៀតណាមគ្រងជើងឯកក្រោយយកឈ្នះម៉ាឡេស៊ី ១-០ នាការប្រកួតផ្តាច់ព្រ័ត្រ រីឯថៃ ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះមីយ៉ាន់ម៉ា ២-០។
នៅឆ្នាំ២០១៥ កម្ពុជាបានយកឈ្នះព្រុយណេក្នុងលទ្ធផល ៥-១ នៅលើទឹកដីឡាវ ដោយកាលនោះកម្ពុជាបានបញ្ចប់ក្នុងលេខរៀងទី៣ក្នុងពូលមាន៧ពិន្ទុ ខណៈព្រុយណេឈរលេខរៀងទី៥មានសូន្យពិន្ទុ។ ថៃបានគ្រងជើងឯកក្រោយយកឈ្នះវៀតណាម ៦-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ ខណៈម្ចាស់ផ្ទះឡាវទទួលបានចំណាត់ថ្នាក់លេខ៣ក្រោយយកឈ្នះម៉ាឡេស៊ី ៣-២ ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ។ តែយ៉ាងណា ទាំងកម្ពុជានិងព្រុយណេមិនដែលឡើងដល់វគ្គពាក់កណ្តាលផ្ទាច់ព្រ័ត្រ ឬផ្តាច់ព្រ័ត្រនោះឡើយ ពោលគឺធ្លាក់ត្រឹមវគ្គជម្រុះតាមពូល។
សម្រាប់ការប្រកួតបើកឆាកពូល A កាលពីថ្ងៃទី១ ខែកក្កដា វៀតណាមបានបញ្ចប់ដោយគ្មានការស៊ុតបញ្ចូលទីជាមួយថៃ មុនសិង្ហបុរីចាញ់ហ្វីលីពីន ២-១ និងម្ចាស់ផ្ទះឥណ្ឌូណេស៊ីយកឈ្នះឡាវ ៥-០៕
Tag:
បាល់ទាត់
AFF U19 Championship
U19 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com