ជាតិ
បទសម្ភាសន៍
រថយន្ត
វីដេអូ
អគ្គនាយក Mercedes នៅកម្ពុជា ហាមអ្នកបើកបរបើកបន្ថែមល្បឿនពេលជិះកាត់ទឹកជ្រៅ, កុំបញ្ឆេះម៉ាស៊ីនពេលរថយន្តរលត់
× ភ្នំពេញ៖ លោក ជេមស៍ ហ្សឹមឃី (James ZEMKE) អគ្គនាយកក្រុមហ៊ុន Mercedes-Benz ប្រចាំកម្ពុជា បានហាមអ្នកបើកបរ បន្ថែមល្បឿនរថយន្តរបស់ខ្លួន នៅពេលជិះកាត់ទឹកជ្រៅ ដើម្បីកុំឲ្យរលកទឹកដែលឡើងខ្ពស់ដោយសារការបន្ថែមល្បឿននោះ សាចចូលម៉ាស៊ីនរថយន្ត។ ក្នុងករណីដែលរថយន្តរលត់ ពេលបើកឆ្លងកាត់ទឹក អគ្គនាយកក្រុមហ៊ុន Mercedes-Benz បានហាមដាច់ខាតការបញ្ឆេះម៉ាស៊ីនរថយន្ត ព្រោះវានឹងបង្កឲ្យម៉ាស៊ីនមានបញ្ហាកាន់តែធ្ងន់ ហើយត្រូវចំណាយច្រើនក្នុងការជួសជុលទៀតផង។
សូមទស្សនាកិច្ចសម្ភាសរវាងលោក ជេមស៍ ហ្សឹមឃី អគ្គនាយកក្រុមហ៊ុន Mercedes-Benz ប្រចាំកម្ពុជា ជាមួយសារព័ត៌មានថ្មីៗខាងក្រោមនេះ៖
លោក ជេមស៍ ហ្សឹមឃី (James ZEMKE) អគ្គនាយកក្រុមហ៊ុន Mercedes-Benz ប្រចាំកម្ពុជា បានផ្តល់ដំបូន្មានសំខាន់ៗមួយចំនួន ដើម្បីចៀសវាបញ្ហាធ្ងន់ធ្ងរកើតឡើងចំពោះរថយន្តលោកអ្នក នៅពេលបើកបរកាត់ទឹកជ្រៅៗ ពិសេសនៅរដូវភ្លៀងនេះ។ បើតាមអគ្គនាយកក្រុមហ៊ុន Mercedes-Benz បានហាមម្ចាស់រថយន្ត បញ្ឆេះម៉ាស៊ីនរថយន្តរបស់ខ្លួន ប្រសិនបើរថយន្តបានរលត់ក្រោយជិះឆ្លងកាត់ទឹកជ្រៅហើយនោះ។ លោក ជេមស៍ ហ្សឹមឃី ពន្យល់ដូច្នេះ៖« នៅពេលរថយន្តរលត់នៅក្នុងទឹក ហើយអ្នកព្យាយាមបញ្ឆេះរថយន្ត នឹងទឹកជ្រាបចូល ម៉ាស៊ីន ដែលធ្វើឲ្យម៉ាស៊ីនរថយន្តរបស់លោកមានបញ្ហាកាន់តែធ្ងន់ ហើយត្រូវចំណាយប្រាក់ជួសជុលកាន់តែច្រើន»។
អគ្គនាយកក្រុមហ៊ុន Mercedes-Benz បានណែនាំឲ្យម្ចាស់រថយន្តត្រូវជាន់ហ្វ្រាំងពីរ ទៅបីដង ក្រោយរថយន្តលោកអ្នកបើកផុតទឹកជ្រៅហើយ ដើម្បីឲ្យប្រាកដថាហ្វ្រាំងរថយន្តនៅដំណើរការល្អ។
សូមបន្ថយល្បឿន បើកបរតាមសម្រួលនៅក្នុងទឹកជ្រៅ។ នេះជាការស្នើរបស់អគ្គនាយកក្រុមហ៊ុន Mercedes-Benz នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ មុននឹងពន្យល់ដូច្នេះថា ៖«បើសិនបើកកាន់តែលឿន នោះនឹងធ្វើទឹករលកទឹកជះឡើងចូលក្នុងម៉ាស៊ីន។ នៅពេលអ្នកបើកយឺត កម្រិតទឹកក៏នៅរក្សាថេដែរ។ ម្យ៉ាងទៀតនៅលើដងផ្លូវ ក៏មានអ្នកជិះម៉ូតូដែរ ដូច្នេះបើអ្នកបើកលឿន នោះទឹកនឹងសាចទៅត្រូវអ្នកបើកបរម៉ូតូ។ ដូច្នេះកុំបន្ថែមល្បឿន សូមបើកបរយឺតៗ»។
ក្នុងករណី ទឹកបានចូលម៉ាស៊ីនហើយនោះ ត្រូវយករថយន្តទៅយានដ្ឋាន ដើម្បីឲ្យអ្នកជំនាញយកទឹកចេញពីម៉ាស៊ីន និងថែទាំតាមបច្ចេកទេស និងដើម្បីឲ្យប្រាកដថារថយន្តនឹងដំណើរការធម្មតា និងអាចប្រើប្រាស់បានយូរអង្វែងតទៅទៀត។ ទន្ទឹមនឹងនេះ ការថែទាំរថយន្តជាទៀងទាត់ក៏ជាកត្តាឲ្យរថយន្តប្រើប្រាស់បានយូរដែរ។ បើតាម លោក ជេមស៍ ហ្សឹមឃី ម្ចាស់រថយន្តត្រូវពិនិត្យកម្រិតប្រេងម៉ាស៊ីន ពិនិត្យហ្វ្រាំង ថែទាំ ផ្លិតទឹក ហើយរឿងសំខាន់បំផុតក្នុងការថែទាំរថយន្ត គឺការដូរប្រេងម៉ាស៊ីនទៀងទាត់៕
Tag:
James ZEMKE
Mercedes
រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com