សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អ្នកសារព័ត៌មានជួបជុំគ្នារកមធ្យោបាយជំរុញទេសចរណ៍ក្នុងតំបន់មេគង្គ-ឡានឆាង
× វៀងចន្ទន៍៖ អ្នកសារព័ត៌មានមកពីកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម នៅថ្ងៃទី៣ ខែកក្កដា បានជួបជជែកគ្នាពីមធ្យោបាយក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងតំបន់មេគង្គ-ឡានឆាង។ ការជជែកនេះធ្វើឡើងអំឡុងពេលជំនួបកំពូលប្រព័ន្ធផ្សព្វផ្សាយនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទីពីរ ដែលឡាវជាម្ចាស់ផ្ទះ។ វាគ្មិននៃប្រទេសទាំង៦ បានផ្ដល់អនុសាសន៍មួយចំនួនដើម្បីជំរុញវិស័យទេសចរណ៍រួមគ្នា។
ការអភិវឌ្ឍវិស័យទេសចរណ៍ គឺជាប្រធានមួយត្រូវបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសតាមបណ្ដោយទន្លេមេគង្គ។ អ្នកសារព័ត៌មានកម្ពុជា៨នាក់ និងអ្នកសារព័ត៌មាន និងតំណាងសារព័ត៌មានធំរបស់ចិន ថៃ ឡាវ មីយ៉ាន់ម៉ា និងវៀតណាមជាច្រើននាក់ទៀត បានចូលរួមក្នុងជំនួបនេះ។ ប្រទេសទាំង៦ ដែលមានវប្បធម៌ចម្រុះ និងភាសាផ្សេងគ្នានោះ មានចំណុចដូចគ្នាមួយ គឺសក្ដានុពលផ្នែកទេសចរណ៍។
ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសសមាជិក MLC មានតួនាទីសំខាន់ក្នុងទាក់ទាញអ្នកទេសចរណ៍ ឲ្យទៅទស្សនាប្រទេសរៀងៗខ្លួន។ ខណៈមិនទាន់ឃើញមានយន្តការរួមគ្នាណាមួយ រវាងប្រទេសទាំង៦នេះ ក្នុងការជំរុញវិស័យទេសចរណ៍នៅឡើយ តំណាងអ្នកសារព័ត៌មានប្រទេសទាំង៦ បានលើកឡើងជាយោបល់ផ្សេងៗគ្នា ក្នុងន័យបង្កើនចំនួនអ្នកទេសចរ។ តំណាងកម្ពុជា លោក ខាន់ សុភិរម្យ ចាត់ទុកវិស័យទេសចរណ៍ ជាប្រភពផលិតកម្មដ៏ធំរបស់ប្រទេសមួយ។
ជាប្រធាននាយកដ្ឋានព័ត៌មានក្រៅប្រទេសនៃទីភ្នាក់ងារព័ត៌មានកម្ពុជា AKP លោក សុភិរម្យ និយាយថា សារព័ត៌មានប្រទេសទាំង៦ នៅខ្វះកិច្ចសហប្រតិបត្តិការ ដើម្បីលើកម្ពស់វិស័យទេសចរណ៍។ លោកបានស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយ នៃប្រទេស MLC រួមគ្នា បង្កើតវីដេអូមួយ ដើម្បីផ្សាយពីសក្ដានុពលទេសចរណ៍ក្នុងតំបន់ទាំងមូល។ ទាក់ទងការជំរុញទេសចរណ៍នេះ លោក Sopon Ongkara ដែលជាតំណាងរបស់ថៃ បានលើកឡើងពីតួនាទីសំខាន់របស់បណ្ដាញសង្គមដូចជា Facebook ជាដើម។
ក្នុងកិច្ចពិភាក្សាថ្ងៃទី៣ ខែកក្កដា លោក Zhou Li សមាជិកគណៈកម្មាធិការនិពន្ធរបស់កាសែត China Daily និយាយថា ប្រព័ន្ធផ្សព្វផ្សាយពិតជាដើរតួនាទីសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ ព្រោះបានផ្សាយពីវប្បធម៌សម្បូរបែបរបស់ប្រទេសសមាជិកយន្តការ MLC ។ ដូចតំណាងកម្ពុជាដែរ លោក Zhou ចង់ឲ្យមានការផលិតវីដេអូឯកសារដើម្បីឲ្យមនុស្សទូទៅយល់ដឹងពីវប្បធម៌ប្រទេសនីមួយៗ។ លើសពីនោះ លោកចង់ឲ្យមានការបង្កើតវេទិកាវិស័យទេសចរណ៍មួយតាមលំនាំជំនួបប្រព័ន្ធផ្សព្វផ្សាយនេះ។
ដោយឡែក លោក Win Tin នាយកសារព័ត៌មាន Northern Light Journal របស់មីយ៉ាន់ម៉ា បានអំពាវនាវឲ្យប្រទេស MLC ទាំងអស់ សហការគ្នា និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ដែលនឹងនាំដល់ការរីកចម្រើនវិស័យទេសចរណ៍ដែរ។ លើសពីនេះ តំណាងមីយ៉ាន់ម៉ាដដែលនេះ ក៏បានស្នើមានការសម្រួលការឆ្លងកាត់តាមបណ្ដោយព្រំដែនដូចជាការ បញ្ចុះតម្លៃទិដ្ឋាការ។ ការសម្រួលការឆ្លងកាត់ព្រំដែននេះក៏ត្រូវបានលើកឡើងដោយតំណាងរបស់ថៃ៕
Tag:
ឡាវ
ចិន
ទេសចរណ៍
MLC2018
© រក្សាសិទ្ធិដោយ thmeythmey.com