អន្តរជាតិ
អាជ្ញាធរ​ថៃ​៖ រូងភ្នំ Tham Luang នៅ​ឈៀង​រ៉ៃ នឹង​ក្លាយជា​កន្លែង​ទាក់ទាញ​អ្នកទេសចរ​
05, Jul 2018 , 7:59 am        
រូបភាព
​អាជ្ញាធរ​ទេសចរណ៍​ថៃ (TAT) មាន​គំរោង​បង្កើន​ការផ្សព្វផ្សាយ​ពី​ភ្នំ Tham Luang ដែល​ស្ថិ​ត​ក្នុងស្រុក​ម៉ៃ​សៃ ខេត្ត​ឈៀង​រ៉ៃ ភាគ​ខាងជើង​ប្រទេស​ថៃ ឲ្យ​ទៅជា​តំបន់​ទាក់ទាញ​ទេសចរណ៍​សំខាន់​មួយ បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​បាត់​ក្មេងប្រុស​១២​នាក់ ព្រមទាំង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ ហើយ​ត្រូវបាន​រក​ឃើ​ថា​មានជីវិត​ក្រោយ​ការបាត់​ខ្លួន​រយៈពេល​១០​ថ្ងៃ​ក្នុង​រូងភ្នំ​នោះ​។​



​បើតាម​ការផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ អ្នកស្រី Karuna Dechatiwong​នាយក​គ្រប់គ្រង​អាជ្ញាធរ​ទេសចរណ៍​ប្រចាំខេត្ត​ឈៀង​រ៉ៃ បាន​លើកឡើងថា TAT នឹងធ្វើ​ការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និង​វិស័យ​ឯកជន​ដើម្បី​លើកកម្ពស់​ល្អាង​ភ្នំ​ដែល​កំពុង​ល្បី​នៅ​ជុំវិញ​ពិភពលោក និង​កន្លែង​ទាក់ទាញ​នៅក្បែរៗ​នោះ ផ្សេងទៀត​ដោយ​រំពឹងថា​នឹងមាន​អ្នកទេសចរ​មួយចំនួន​នាំគ្នា​ទៅ​តំបន់​នេះ​នាពេល​អនាគត​។​

​អ្នកស្រី Karuna បាន​លើក​ហេ​តុត​ផល​បន្ថែមថា​៖«​បន្ទាប់ពី​ក្រុម​ជួយសង្គ្រោះ​បាន​រកឃើញ​កីឡាករ​បាល់ទាត់​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ ទាំង​១៣ នាក់ ក្នុងនោះ​មាន​គ្រូបង្វឹក​របស់​ពួកគេ​ម្នាក់​កាលពី​យប់​ថ្ងៃ​ចន្ទ​កន្លងទៅ រូងភ្នំ Tham Luang នេះ​បាន​ក្លាយជា​ចំណាប់អារម្មណ៍​សម្រាប់​ភ្ញៀវទេសចរ​ក្នុងស្រុក និង​បរទេស​»​។​



​ក្រោម​មូលហេតុ​នេះ អ្នកស្រី​បាន​ជំរុញ​ឲ្យ​ប្រជាជន និង​អ្នក​ដែល​ពាក់ព័ន្ធ​ដែល​ស្ថិតនៅ​តំបន់​នោះ ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់​ដើម្បី​ចេះ​ផ្តល់ព័ត៌មាន​អំពី​សេវាកម្ម និង​ការធ្វើដំណើរ​ទៅកាន់​រូងភ្នំ​ដែល​ធំ​ទី​៤​ក្នុងប្រទេស​ថៃ ដែល​ស្ថិតក្នុង​ខេត្ត​ឈៀង​រ៉ៃ​នេះ​។​

​លើសពីនេះ​ទៀត​នោះ TAT ក៏​កំពុង​ពិចារណា​សាងសង់​ផ្លូវថ្នល់​ថ្មី​ដែល​មិន​ត្រឹមតែ​ដើម្បី​លើកកម្ពស់​ល្អាង​ភ្នំ​នោះទេ ប៉ុន្តែ​វា​ក៏​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​សហ​គម​ន៍​ក្នុងភូមិ​នៅក្បែរនោះ ដែល​សម្បូរ​ទៅដោយ​ចម្ការ​ម្នាស់ និង​សហគមន៍​ដែល​ផលិត​គ្រាប់ពូជ​តែ​ទៀតផង​។​

​សូមបញ្ជាក់ថា ក្រុម​អ្នកជំនាញ​មុជទឹក​អង់គ្លេស​បាន​មុជទឹក​រុករក​ប្រទះឃើញ​ក្មេងប្រុស​ទាំង​១៣​នាក់​នៅលើ​ទីទួល​ក្នុង​រូងភ្នំ Tham Luang Nang Non ហើយ​កាលពី​ថ្ងៃទី​២ ខែកក្កដា​។  ប៉ុន្តែ​មកទល់នឹង​ពេលនេះ ក្មេងៗ​ទាំងនោះ​នៅ​មិនទាន់​អាច​ចាក​ចេញពី​ល្អាង​ភ្នំ​ដែលមាន​ប្រវែង​១០​គីឡូម៉ែត្រ​នេះ​បាន​នៅឡើយ​ទេ ដោយសារ​ក្នុង​រូង​នោះ​មានទឹក​លិច​និង​មាន​បញ្ហា​ស្មុគស្មាញ​ច្រើន​៕


Tag:
 ក្មេងប្រុស​បាត់​ខ្លួន​នៅ​ថៃ​
  រូងភ្នំ Tham Luang
© រក្សាសិទ្ធិដោយ thmeythmey.com