ជាតិ
បោះឆ្នោត
គណបក្ស​ចំនួន​៣ នឹង​ចាប់ផ្ដើម​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ទ្រង់ទ្រាយ​ធំ នៅ​ថ្ងៃ​ដំបូង​
05, Jul 2018 , 10:47 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណបក្ស​ចំនួន​៣ នឹង​ចាប់ផ្ដើម​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ទ្រង់ទ្រាយ​ធំ នៅ​ថ្ងៃទី​៧ កក្កដា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​



​គណបក្ស​ទាំង​៣ ដែល​បើក​យុទ្ធនាការ​នៅ​ថ្ងៃ​ដំបូង​នេះ មាន​គណបក្ស​ប្រជាជន​, គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។ គណបក្ស​ប្រជាជន​កម្ពុជា នឹង​ជួបជុំ​សមាជិក និង​អ្នកគាំទ្រ​ខ្លួន ៦០,០០០​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ និង​តាម​បណ្ដា​ខណ្ឌ​ទាំង​១២ មានការ​ដង្ហែ​តាម​រថយន្ត​១,៧២០​គ្រឿង និង​១៤,៤០០​គ្រឿង​។ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នឹង​ជួប​សមាជិក​ខ្លួន​១៥,០០០​នាក់ ដោយ​ដង្ហែរ​ក្បួន​ចេញពី​ផ្លូវ​៦០​ម៉ែត្រ ហើយ​បញ្ចប់​នៅ​ផ្លូវ​ព្រះស៊ីសុវត្ថិ តាម​រថយន្ត​៣០០​គ្រឿង ម៉ូតូ​កង់​បី និង​ម៉ូតូ ៤,៥០០​គ្រឿង ។ ចំណែក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​ជួប​សមាជិក​ខ្លួន​២០០០​នាក់ ហែរ​ក្បួន​ចេញពី​ទីស្នាក់ការ​បក្ស ហើយ​បញ្ចប់​នៅ​ធនាគារជាតិ​ផ្លូវ​ហាណូយ តាមរយ​រថយន្ត​១២០​គ្រឿង ម៉ូតូ និង​ម៉ូតូ​កង់​បី ៨០០​គ្រឿង​។​

​ក្រៅពី​គណបក្ស​ទាំង​៣​នេះ ក៏មាន​គណបក្ស​៣​ទៀត បានកំណត់​កាលបរិច្ឆេទ​ហែរ​ក្បួន ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​រួចហើយ​។ ក្នុងនោះ​គណបក្ស​យុវជន​កម្ពុជា នឹង​ហែរ​ក្បួន​២​លើក គឺ​នៅ​ថ្ងៃទី​៨ កក្កដា និង​ថ្ងៃទី​២២ កក្កដា ដោយ​ហែរ​ក្បួន​ចេញពី​បក្ស និង​បញ្ចប់​នៅ​ទីស្នាក់ការ​បក្ស ដែលមាន​សមាជិក​១៥០​នាក់ តាម​រថយន្ត​២​គ្រឿ និង​ម៉ូតូ​៥២​គ្រឿង​។

​រីឯ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នឹង​ហែរ​ក្បួន​នៅ​ថ្ងៃទី​១០ កក្កដា ដោយមាន​សមាជិក​១០០០​នាក់ តាម​រថយន្ត​១០០​គ្រឿង និង​ទាំង​ម៉ូតូ​កង់​បី ១០០​គ្រឿង ម៉ូតូ​៥០០​គ្រឿង​។ ដោយឡែក​គណបក្ស​ធម្មាធិបតេយ្យ នឹង​ជួប​សមាជិក​ខ្លួន​១៦៨​នាក់ នៅ​ថ្ងៃទី​១៥ កក្កដា ដោយ​ហែ​ក្បួន​២​ដង​ក្នុង​ថ្ងៃ​តែមួយ គឺ​ចេញពី​ទី​ស្នាក់​បក្ស បញ្ចប់​នៅ​កំពង់ផែ​ភ្នំពេញ និង​ចេញពី​ទី​ស្នាក់​បក្ស ហើយ​បញ្ចប់​នៅ​ជ្រោយចង្វារ ដោយ​ប្រើ​រថយន្ត​១០​គ្រឿ និង​ម៉ូតូ​៥០​គ្រឿង​។​

​គួរ​បញ្ជាក់ថា ការឃោសនាបោះឆ្នោត នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​៧ ដល់​២៧ កក្កដា ខាងមុខ​។ ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​២៩ កក្កដា ដោយមាន​គណបក្សនយោបាយ​ចំនួន​២០ ចូលរួម​ប្រកួតប្រជែង​គ្នា​៕


Tag:
 ​គណបក្ស​ប្រជាជន​
  ហ្វ៊ុនស៊ិនប៉ិច​
  សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com