ជាតិ
បោះឆ្នោត
សម្តេច ហ៊ុន សែន ប្រកាស​តាម​កម្ចាត់​បក្សប្រឆាំងរ​ហូត​ដល់ទី​បញ្ចប់​
05, Jul 2018 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាថ្មី​ម្តងទៀត ប្រធាន​គណបក្សកាន់អំណាច បានប្រកាស​យ៉ាង​ម៉ឺងម៉ាត់​ថា មិន​ឲ្យ​អតីត​គណបក្សប្រឆាំង រើ​បម្រាស​បានជា​ដាច់ខាត​។ នេះជាសញ្ញា ដែលបញ្ជាក់កាន់តែច្បាស់ថា ​ការ​ត្រូវរ៉ូវ​គ្នា​មុន​ការបោះឆ្នោត រវាង​គណបក្សកាន់អំណាច និង​អតីត​គណបក្សប្រឆាំង មិនអាចកើតឡើងនោះទេ​។ 

  

​ទោះជា​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ធំជាងគេ ត្រូវបាន​រំលាយចោល ហើយ​បាត់​សកម្មភាព​ស្ទើរ​ទាំងស្រុង​នៅក្នុង​ប្រទេស​កម្ពុជា​ក្តី តែ​នៅតែ​រង​ការព្រមាន​ពី​សំណាក់​សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល និង​ជា​ប្រធាន​គណបក្សកាន់អំណាច ជា ជាពិសេស​ខណៈ​ការបោះឆ្នោត ជិត​ឈាន​មកដល់​។ ប្រមុខរដ្ឋ​ភិ​បាល បានលើកឡើង​សាជាថ្មី​ថា នឹង​បន្ត​កាន់តំណែង​រយៈពេល​១០​ឆ្នាំ​ទៀត​យ៉ាងតិច ដើម្បី​ទប់ទល់​ជាមួយ​អតីត​ក្រុម​អ្នកប្រឆាំង ដែលមាន​ចេតនា​មិនល្អ​ចំពោះ​កម្ពុជា​។

​សម្តេច ហ៊ុន សែន បាន​ផ្ញើ​សារ​នយោបាយ​នេះ ចេញពី​វិធី​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី នៅ​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨​។ នៅ​ចំពោះមុខ​កម្មករ​-​កម្មការិនី ប្រធាន​គណបក្សកាន់អំណាច បាន​និយាយ​ខ្លាំងៗ ទៅកាន់​អតីត​ក្រុម​អ្នកប្រឆាំង ជាពិសេស​សំដៅទៅរ​កលោក សម រង្ស៊ី យ៉ាង​ដូច្នេះ​ថា​៖«​ពូ​ចង់វាយ​ពួក​ហ្នឹង ដែល​បំផ្លាញ​ជាតិ បំផ្លាញ​ការឯកភាព​ទឹកដី​។ ពូ នឹង​ត​តប​ជាមួយ​ពួក​ហ្នឹង​ដល់ទី​បញ្ចប់​»​។​

​បន្ទាប់មក សម្តេច ហ៊ុន សែន ក៏​ប្រាប់​កម្មករ​-​កម្មការិនី​ថា អតីត​គណបក្សប្រឆាំង ចូលចិត្ត​ធ្វើ​ន​យ​បោ​បាយ​លាប​ពណ៌ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស បាត់​សាមគ្គីភាព​។ មេដឹកនាំ​កម្ពុជា​រូបនេះ សង្កត់ធ្ងន់ថា​៖«​កម្ពុជា ជៀស​មិន​ផុតពី​សង្គ្រាម​ទេ បើ​បក្ស​ចង្រៃ​មួយ​នុ៎ង មិនត្រូវ​បាន​រំលាយ​។ អាង​អី​ឡើង អាង​តែ​សងសឹក​។ នយោបាយ​ចេញមក មាន​អញ​អត់​ឯង មាន​ឯង​អត់​អញ​។ បើ​បែប​ហ្នឹង មាន​អ្នកណា សុខចិត្ត​។ គេ មិន​សុខចិត្ត​ទេ​»​។

​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ដែរ ថា​បាន​បំផ្លាញ​ជាតិ ជាពិសេស​បំផ្លាញ​ការបោះឆ្នោត​ក្នុង​អាណត្តិ​នេះ​។ លោក អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ ទៅ​បោះឆ្នោត​តាម​ការរៀបចំ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​។

​លើសពីនេះ អតីត​ប្រធាន​គណបក្សប្រឆាំង ថែមទាំង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ងើប​ធ្វើបាតុកម្ម​តវ៉ា​នឹង​រដ្ឋាភិបាល​ថ្មី ដែល​កើតចេញ​ក្រោយ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ លោក ជឿថា ការតវ៉ា​របស់​ប្រជាពលរដ្ឋ នឹងធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មានការ​ផ្លាស់ប្តូរ​៕


Tag:
 បោះឆ្នោត​
  ហ៊ុន សែន​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com